ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រៀង​រាល់ពេល​មាន​ពិធី​ជួបជុំ​មិន​ថា នៅ​ទី​សាធារណៈ ឬ​កន្លែង​ជួបជុំ​តាម​រោង​បុណ្យ ឬ​រោងការ​ទេ គឺ​សំរាម​កាក​សំណល់ ពិសេស​ក្រដាស​ជូត​មាត់ ថង់​ផ្លា​ស្ទិ​ក ដប​ទឹក​សុទ្ធ…

រាជធានី​ភ្នំពេញ ៖ នៅ​រៀង​រាល់ពេល​មាន​ពិធី​ជួបជុំ​មិន​ថា នៅ​ទី​សាធារណៈ ឬ​កន្លែង​ជួបជុំ​តាម​រោង​បុណ្យ ឬ​រោងការ​ទេ គឺ​សំរាម​កាក​សំណល់ ពិសេស​ក្រដាស​ជូត​មាត់ ថង់​ផ្លា​ស្ទិ​ក ដប​ទឹក​សុទ្ធ កំប៉ុង​ទឹកក្រូច កំប៉ុង​ប៊ីយែ ជាដើម តែងតែ​ត្រូវ​បាន​ពង្រាយ​ពាស​វាល​ពាស​កាល​។

នេះ​ជា​ទម្លាប់​មិនល្អ​មួយ​ដែល​គួរតែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ពិសេស​យុវជន​ជំនាន់​ថ្មី​របស់​យើង​ប្តូរ​ចេញ ហើយ​ទុកដាក់​កាក​សំណល់​សំរាម​ទាំងនោះ​ចង​ទុក​ក្នុង​ថង់ ឬ​ក៏​ដាក់​ក្នុង​ធុងសំរាម​ឱ្យ​មាន​របៀបរៀបរយ​។

ជាក់ស្តែង កាលពី​ថ្ងៃអាទិត្យ ទី​៤ ខែធ្នូ ឆ្នាំ​២០២២ សំរាម​ត្រូវ​បាន​ពង្រាយ​រប៉ាត់រប៉ាយ​នៅ​តាម​ដងផ្លូវ​ក្នុង​តំបន់ រមណីយដ្ឋាន​អង្គរ​ក្រោយ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​។ នេះ គឺជា​ព្រឹត្តិការណ៍​កីឡា «​រត់​ដើម្បី​សុខភាព ដើម្បី​សាមគ្គីភាព​» ដែល​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​មាន​ភាពល្អ​ប្រសើរ និង​ទទួល​បានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។

ក៏​ប៉ុន្តែ​សំរាម​ប្លា​ស្ទិ​ក​ជា​ច្រើន​ត្រូវ​បាន​បោះចោល​នៅ​តាម​ដងផ្លូវ​នានា​។​សំណល់​ប្លា​ស្ទិ​ក​ទាំងនោះ​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​អនាម័យ​បរិស្ថាន​នៅ​ក្នុង​តំបន់​អង្គរ​ទាំងមូល​។​ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ក្រោយ​ចប់​ព្រឹត្តិការណ៍​មាន​ខាង​ក្រុម​ថែរក្សា​អនាម័យ និង​បរិស្ថាន​បាន​បោស​ស្អាត និង​រើស​កាក​សំណល់​ទាំង​អស់នោះ​។

ជា​ការ​ពិត​រៀង​រាល់ពេល​ជួបជុំ​ក្នុង​ពិធី​នានា​មិន​ថា នៅ​តាម​ទី​សាធារណៈ ឬ​ក៏​នៅ​តាម​រោងការ រោង​បុណ្យ ឬ​ពិធីជប់លៀង​ក្នុង​ហាង​ក្នុង​រោង​នោះ​ទេ តែងតែមាន​អ្នក​បោសសម្អាត​តាម​ប្រមូល កើប​សំរាម និង​កាក​សំណល់​ទាំង​អស់នោះ​។ ប៉ុន្តែ​គេ​គួរតែ​ធ្វើ​ឱ្យ​ស្អាត​មុន​ជា​ជាង​ប្រឡាក់​ហើយ​ទើប​ទៅ​បោស​ជូត​លាង​សម្អាត​។ នោះ គឺ​អ្នកចូលរួម​ពិធី​ជួបជុំ​ម្នាក់​ៗ​មិន​ចាំបាច់​ថា ដល់​ថ្នាក់​ចូលរួម​បោសសម្អាត និង​រើស​សំរាម​កាក​សំណល់​នៅ​កន្លែង​ជួបជុំ​នោះ​ទេ តែ​ម្នាក់​ៗ ត្រូវ​ទទួលខុសត្រូវ​រៀង​ៗ​ខ្លួន​ក៏​បាន​ហើយ​។ ពោល គឺ​ដប​ទឹក​សុទ្ធ​កំប៉ុង​ទឹកក្រូច កំប៉ុង​ប៊ីយែ ឬ​ក៏​ក្រដាស​ជូត​មាត់ ថង់​ប្លា​ស្ទីក​ជាដើម ដែល​អ្នក​បាន​ប្រើប្រាស់​រួច​ហើយ គឺ​អ្នក​នោះ​ត្រូវ​តែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង តាម​រយៈ​ការ​ទុកដាក់​កាក​សំណល់​សំរាម​ទាំងនោះ នៅ​ក្នុង​ធុងសំរាម ឬ​ក៏​វេច​ខ្ចប់ និង​យក​ទៅ​បោះចោល​នៅ​ធុងសំរាម ឬ​កន្លែង​សមគួរ​ណាមួយ​។

ក្រៅពី​ការ​ទទួលខុសត្រូវ​របស់​បុគ្គល​ម្នាក់​ៗ​ដែល​ចូលរួម​ពិធី​ជួបជុំ​ហើយ​នោះ អ្នក​រៀបចំ​កម្មវិធី​មិន​ថា រោង​បុណ្យ រោងការ ឬ​ក៏​ព្រឹត្តិការណ៍​ជួបជុំ​ណា​ទេ​ត្រូវ​តែ​រៀបចំ​ធុងសំរាម ឬ​ក៏​ថង់ កេស​សម្រាប់​ដាក់​សំរាម ហើយ​ដាក់​ពង្រាយ​តាម​តុ និង​តាម​កន្លែង​ជួបជុំ​ទាំងនោះ​។​ព្រោះថា បើ​មិន​មាន​ធុងសំរាម ឬ​ថង់ កេស​សម្រាប់​ដាក់​សំរាម​ទេ​នោះ​ក៏​មិនដឹង​ថា អ្នកចូលរួម​ត្រូវ​យក​សំរាម​ទៅ​បោះចោល​នៅឯណា​ឡើយ​។ ដូច្នេះ​មាន​តែ​បោះ​ពង្រាយ​នៅ​ក្រោម​តុ ក្រោម​កៅអី ឬ​ក៏​បោះ​ពង្រាយ​នៅ​កន្លែង​ជួបជុំ​នោះ​ជា​មិន​ខាន​។

ជា​សរុប​មក​បញ្ហា​សំរាម និង​កាក​សំណល់​នេះ​ត្រូវ​មានការ​ទទួលខុសត្រូវ​ទាំងអស់​គ្នា​។​ទាំង​អ្នកចូលរួម​ពិធី​ជួបជុំ​ផង និង​ទាំង​អ្នក​រៀបចំ​កម្មវិធី​ជួបជុំ​ផង​។ បើ​ចូលរួម​ព្រឹត្តិការណ៍​រត់ ដើម្បី​សុខភាព​ក៏​ត្រូវ​តែ​គិត​ពី​បរិស្ថាន​ផង​។ បើ​បរិស្ថាន នៅ​កន្លែង​ជួបជុំ​រត់​កីឡា​នោះ​បែរជា​មាន​សំរាម កាក​សំណល់​រប៉ាត់រប៉ាយ តើ​បាន​សុខភាព​មកពីណា? ដូច្នេះ​មិន​ចាំបាច់​ដល់​ថ្នាក់​ដើរ​រើស​ប្រមូល​សំរាម​គេ​ទេ គ្រាន់តែ​យើង​ម្នាក់​ៗ​កុំ​បោះចោល​សំរាម​ផ្តេសផ្តាស​មាន​ន័យ​ថា យើង​បាន​ចូលរួម​សម្អាត និង​ការពារ​បរិស្ថាន​បាន​ទៅ​ហើយ​។

រីឯ​នៅ​កន្លែង​ជួបជុំ​តាម​រោង​បុណ្យ រោងការ​វិញ ក៏​អ្នកចូលរួម​ពិធី ត្រូវ​តែ​ស្អាត​ដោយ​ខ្លួនឯង និង​ទទួលខុសត្រូវ​ខ្លួនឯង​។ ពោល គឺ​ត្រូវ​ស្អាត​ដូច​យើង​តែងខ្លួន​ឡើង​ខ្ញង់​ៗ ចូលរួម​ពិធី​ដូច្នោះ​ដែរ​។​ថង់​ផ្លា​ស្ទីក ដែល​វេច​ខ្ចប់​ចានចង្កឹះ ក្រដាស​ជូត​មាត់ ឆ្អឹង​មាន់​ទា ឬ​ឆ្អឹង​ត្រី សំបក​ដប​ទឹក​សុទ្ធ កំប៉ុង​ទឹកក្រូច កំប៉ុង​ប៊ីយែ ជាដើម ត្រូវ​តែ​ទុក​ម្តុំ ហើយ​បើ​អាច​អ្នក​រៀបចំ​ពិធី​ត្រូវ​តែ​មាន​កន្ត្រក់ ឬ​ធុងសំរាម​តូច​ៗ ដាក់​តាម​តុ ដើម្បី​ឱ្យ​ភ្ញៀវ​ចូលរួម​ពិធី​បោះចោល​កាក​សំណល់​ទាំងនោះ​ឱ្យ​មាន​របៀបរៀបរយ​។

បើ​មិន​មាន​ទេ ក៏​គួរតែ​មាន​អ្នក​សម្អាត ដើម្បី​មើលទៅ​កុំឱ្យ​ពិបាក​ភ្នែក​ពេក​។ រួម​គ្នា​សម្អាត រួម​គ្នា​ទទួលខុសត្រូវ​ទើប​សង្គម​យើង​បាន​ស្អាត​។ ចូរ​យើង​នាំ​គ្នា​ធ្វើ​ឱ្យ​ស្អាត​មុន ប្រសើរ​ជាង​ប្រឡាក់​ហើយ ទើប​នាំ​គ្នា​ដុសលាង​សម្អាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ