ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចោរលួចគាស់ផ្ទះលួចសម្ភារយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់ ដេញចាប់បាននៅកណ្តាលវាលស្រែ ទាំងយប់ ខណៈពេលដែលជនសង្ស័យអង្គុយផឹកស៊ី ហើយឃើញកម្លាំងនគរបាលកំពុងល្បាត ក៏ភ័យរត់កាត់វាលស្រែគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងនគរបាល ក៏ដេញតាមចាប់ភ្លាមៗ បញ្ជូនខ្លួនមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត ដើម្បីចាត់កាបន្ត ។
ករណីចាប់ឃាត់ជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង១៩និង៤៥នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅកណ្តាលវាលស្រែ ក្នុងភូមិម្រុំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានប្រាប់កោះសន្តិភាពថា ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួនបាននេះ ជាមុខសញ្ញាយ៉ាងសកម្ម ធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះ យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាលពីម៉ោង១១និង១៥នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា នៅចំណុចភូមិអង្គគគីឃុំពពេល ស្រុកត្រាំកក់ ផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិអង្គរគគី ឃុំពពេល ដោយម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា សម្ភារដែលជនសង្ស័យលួចយកបានរួចគេចខ្លួនបាត់ភ្លាមៗ រួមមាន ៖
-ខ្សែកពេជ្រ មួយខ្សែ តម្លៃ ១,៥០០ដុល្លារ
-ខ្សែកមាស មួយដំឡឹង
-ខ្សែដៃពេជ្រ មួយខ្សែ តម្លៃ ៤,០០០ដុល្លារ
-ចិញ្ចៀនពេជ្រ តម្លៃ ៥,០០០ដុល្លារ
-ខ្សែក ខ្សែដៃ ផ្លាកទីន ១ដំឡឹង
-ប្រាក់រៀល ៣០លានរៀល
-ប្រាក់ដុល្លារ ៣,០០០ដុល្លារ
សរុបជាទឹកប្រាក់ប្រមាណ ១៣,៥០០ដុល្លារ និងប្រាក់រៀល ៣០លានរៀលទៀត ។
លោកអធិការនគរបាលស្រុកត្រាំកក់ បានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាន និងទទួលបានបទបញ្ជាពីស្នងការ និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានមុខសញ្ញាជនសង្ស័យម្នាក់ មានឈ្មោះ ឡុង តុលា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ។ ក្រោយពីកំណត់បានមុខសញ្ញា និងភិនភាគបាន សមត្ថកិច្ចជំនាញ ចាប់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិឃុំ ដូចខាងលើ ។
លោកអធិការស្រុក បានបញ្ជាក់ថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យមិនបានសារភាពអ្វីទាំងអស់ ប៉ុន្តែជនសង្ស័យម្នាក់នេះ គឺជាមុខសញ្ញាលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ហើយបើតាមការស្រាវជ្រាវពីសមត្ថកិច្ចជំនាញរកឃើញថា គឺជាក្រុមចោរលួចគាស់ផ្ទះ តាំងពីឪ រហូតដល់កូន តែម្តង ។ បើទោះបីជនសង្ស័យ មិនសារភាពបែបណាក៏ដោយ ប៉ុន្តែផ្អែកតាមការពិនិត្យរូបភាព ក្នុងកាម៉ារាសុវត្ថិភាព និងរូបភាពជាក់ស្តែងរបស់ជនសង្ស័យ គឺមានភិនភាគស្លាកស្នាម រូបសាក់, ស្នាមរបួស និងខោអាវដែលសមត្ថកិច្ច ដកហូតបានក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ គឺមានភាពស៊ីចង្វាក់គ្នា ពិតៗតែម្ដង ។
ដោយឡែក លោកវរសេនីយ៍ឯក យ៉ាង ញីវ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានអោយដឹងថ្ងៃទី០២ ធ្នូនេះថា ផ្អែកតាម ៖
-ផ្អែកតាមពាក្យបណ្ដឹងកំណត់ហេតុបណ្ដឹងរបស់ជនរងគ្រោះទាំងពីរករណី។
-ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ
-ផ្អែកតាមវត្ថុតាងដែលយើងចាប់យកបាន
-ផ្អែកតាមរូបភាពកាមេរ៉ាដែលយើងពិនិត្យឃើញ
-ផ្អែកតាមស្លាកស្នាមលើខ្លួនជនសង្ស័យ
-ផ្អែកតាមការឆែកឆេរផ្ទះជនសង្ស័យ
-ផ្អែកតាមវត្ថុតាង ipad ដែលសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនដកហូតបានពីជនសង្ស័យកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយជនរងគ្រោះទទួលស្គាល់ថា ipad នេះ ពិតជារបស់ខ្លួន ដែលចោរគាស់ផ្ទះយក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រាកដមែន ។
ដូច្នេះ មន្ត្រីជំនាញសន្និដ្ឋានថា ជនសង្ស័យឈ្មោះ ឡុង តុលា ពិតជាបានប្រព្រឹត្តបទល្មើសលួច មានស្ថានទម្ងន់ (គាស់ផ្ទះ) ជនរងគ្រោះឈ្មោះហេង សុភ័ក្ត្រ ប្រាកដមែន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត នឹងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តជាអ្នកកាត់ក្តីទៅតាមច្បាប់ ៕


ចែករំលែកព័តមាននេះ