ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីរាជទម្ងន់៧៨ គីឡូក្រាម ត្រូវប្រជានេសាទស្រុកកងមាសនេសាទបានដោយចៃដន្យ និងលែងចូលទន្លេវិញ

3 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ត្រី​រាជ​មួយ​ក្បាល​ទៀត ត្រូវ​បាន​ប្រជា​នេសាទ​ប្រើ​ម៉ា​ញ់ ដែល​មាន​កម្លាំង​មនុស្ស​ជា​ច្រើន​នាក់ ធ្វើការ​នេសាទ​អូស​តាម​ដង​ទន្លេមេគង្គ ។ ជាមួយ​នោះ ត្រូវ​បាន​ប្រលែង​ចូល​ទៅ​ក្នុង​ទឹកទន្លេ​វិញ នា​ព្រឹក​ថ្ងៃ​ទី​១៩…

ខេត្តកំពង់ចាម ៖ ត្រី​រាជ​មួយ​ក្បាល​ទៀត ត្រូវ​បាន​ប្រជា​នេសាទ​ប្រើ​ម៉ា​ញ់ ដែល​មាន​កម្លាំង​មនុស្ស​ជា​ច្រើន​នាក់ ធ្វើការ​នេសាទ​អូស​តាម​ដង​ទន្លេមេគង្គ ។

ជាមួយ​នោះ ត្រូវ​បាន​ប្រលែង​ចូល​ទៅ​ក្នុង​ទឹកទន្លេ​វិញ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​ឃុំ​រកា​គយ ស្រុក​កងមាស ដោយ​មានការ​ចូលរួម​ពី​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ព្រមទាំង​ជំនាញ​ជលផល ។ តាម​ដឹង​ត្រី​នេះ​ មាន​ទម្ងន់​ក្រោម​១០០​គីឡូក្រាម ហើយ​បើ​អ្នក​ណា​នេសាទ​បាន គឺ​មិន​អនុញ្ញាត​ឱ្យ​លក់​នៅ​លើ​ទីផ្សារ​នោះ​ទេ ព្រោះ​ជា​ប្រភេទ​ត្រី​កម្រ​ជិត​ផុត​ពូជ ។

លោក​លី ស្រ៊ី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​ថា​:
ស្រប​ពេល​រដូវ​បើក​នេសាទ គឺ​មាន​បងប្អូន​ខ្មែរឥស្លាម បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់​មាន​ម៉ា​ញ់ ប្រើ​ទូក​ម៉ាស៊ីន​អូស​ចាប់​យក​ត្រី​តូច​ធំ ដើម្បី​លក់ដូរ​ឱ្យ​បងប្អូន​អាជីវករ​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្តកំពង់ចាម ។

ជាក់ស្ដែង នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៦ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​នេសាទ​ឈ្មោះ ឆាយ សេង​ឃុន ដែល​បាន​នេសាទ​បាន​ត្រី​រាជ ទម្ងន់​ប្រហែល ៧០​គីឡូ​ជាង ដោយ​ប្រើប្រាស់​ឧបករណ៍​ម៉ា​ញ់ នៅ​ចំណុច​តាម​ដង​ទន្លេមេគង្គ ភូមិ​ថ្មី​(​ក​) ឃុំ​រកា​គយ ស្រុក​កងមាស ខេត្តកំពង់ចាម ។ ចំពោះ​ទីតាំង​ដែល​នេសាទ​បាន​នេះ គឺ​មាន​លក្ខណៈ​អំណោយផល ព្រោះ​ជា​កន្លែង​មួយ​ដែល​មាន​អន្លង់​ជ្រៅ​ទឹក​ត្រជាក់​ហើយ​ត្រី​ចូល​ចិត្ត​រស់នៅ ។

លោកនាយ​ខណ្ឌ​ជលផល បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មក​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម បាន​ចុះ​ត្រួតពិនិត្យ និង​ទំនាក់ទំនង​ផ្តល់​ព័ត៌មាន​ជូន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល និង​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ដើម្បី​កំណត់​ទិន្នន័យ​ត្រី​រាជ និង​មាន​វិធានការ​បន្ត ។

ក្រុមការងារ​បច្ចេកទេស​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល​បាន​កំណត់​ទិន្នន័យ​ដូច​ខាងក្រោម​៖
+​ត្រី​រាជ ភេទ ញី
+​ប្រវែង ១៨៧ សង់ទីម៉ែត្រ
+​ទម្ងន់​សរុប ៧៨ គីឡូក្រាម
+​ពាក់​ស្លាក​រដ្ឋបាល​ជលផល លេខ​កូដ ៣១៦
+​នេសាទ​បាន​នៅ​តាម​ដង​ទន្លេមេគង្គ ភូមិ​ថ្មី​(​ក​) ឃុំ​រកា​គយ ស្រុក​កងមាស ខេត្តកំពង់ចាម ។
ក្រោយ​ពី​កំណត់​អត្តសញ្ញាណ​ដូច​ខាងលើ​រួច ក្រុមការងារ​មាន​អាជ្ញាធរ​ស្រុក​កងមាស មន្ត្រី​នៃ​រដ្ឋបាល​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម និង​ក្រុមការងារ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ និង​ប្រជា​នេសាទ​បាន​លែង​ត្រី​រាជ​នេះ ចូល​ក្នុង​ទន្លេមេគង្គ​វិញ ។

ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម សូម​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ សូម​ផ្តល់​ដំណឹង​មក​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល នៅ​ពេល​នេសាទ​បាន​ដោយ​ចៃដន្យ ប្រភេទ​ត្រី​កម្រ ដូច​ជា ត្រី​គល់រាំង ត្រី​រាជ ត្រី​ត្រសក់ ជាដើម ដើម្បី​លែង​ចូល​ទន្លេ​វិញ ក្នុង​គោលបំណង​អភិរក្ស​ប្រភេទ​កម្រ​ទាំងនេះ​ឱ្យ​បាន​គង់វង្ស ។

បើ​គិត​ដើមឆ្នាំ ២០២៦ នេះ​ការ​នេសាទ​ត្រី​រាជ​មក​ដល់​ពេល​នេះ បាន​ចំនួន​៣​ក្បាល​ហើយ ។ ចំពោះ​អ្នក​ដែល​នេសាទ​បាន​ត្រូវ​បាន​ក្រុម​អភិរក្ស​លើកទឹកចិត្ត​ជូន​ថវិកា​មួយ​ចំនួន​ដោយឡែក​ជំនាញ​ជលផល​ខេត្ត​ក៏​បាន​ផ្ដល់​បាន​សរសើរ​ដល់​អ្នកនេសាទ​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ