ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​មែន​! ឱ្យ​ក្មេង​ៗ​ចាំ​មើលផ្លូវ លុះ​សមត្ថកិច្ច​ទៅ​ដល់ អ្នកលេង​ដឹងខ្លួន​រត់​ចែក​ជើង​គ្នា​អស់

1 ឆ្នាំ មុន
  • ព្រៃវែង

ល្បែ​.​ង​ជល់​មាន់​គឺ​នៅ​តែ​ពេញ​និយម ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង នាំ​គ្នា​លេង​យ៉ាង​គគ្រឹក​គគ្រេង​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​មានការ​រំខាន ឬ​ចុះ​បង្ក្រាប​ពី​សមត្ថកិច្ច​ណា​ឡើយ បើ​ទោះបីជា

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ល្បែ​.​ង​ជល់​មាន់​គឺ​នៅ​តែ​ពេញ​និយម ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង នាំ​គ្នា​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​មានការ​រំខាន ឬ​ចុះ​បង្ក្រាប​ពី​សមត្ថកិច្ច​ណា​ឡើយ បើ​ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ធ្លាប់​បាន​ចេញ​បទបញ្ជា​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​រួម​គ្នា​ធ្វើការ​បង្ក្រាប​អោយ​អស់​ក៏​ដោយ​។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​អ្នក​លឿង នៃ​ស្រុក​ពាមរ​ក៌ បាន​ប្រាប់​អោយ​ដឹង​ថា ល្បែ​.​ង​ជល់​មាន់​ដ៏​ពេញ​និយម​មួយ​នេះ ត្រូវ​បាន​គេ​បើក​លេង​ចំនួន​២​ទីតាំង​នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ឃុំ​អ្នក​លឿង ដោយ​​ទីតាំង​ទី​១ គឺ​នៅ​ជាប់​ព្រំប្រទល់​ស្រុក​ពាមរ​ក៌ និង​ស្រុក​ពាម​ជរ ស្ថិត​ក្នុងភូមិ​ឧត្តម ឃុំ​អ្នក​លឿង ដែល​មាន​អ្នក​ចេញ​មុខ​បើក​លេង​ឈ្មោះ លី​ន ដែល​ជា​កូនប្រុស​របស់​ពូ វ័​រ នៅ​ព្រែក​ក្របៅ និង​ទីតាំង​ទី​២ គឺ​នៅ​ក្បែរ​ទំនប់​ក្រ​វ៉ា​ត់​ក្រុង​អ្នក​លឿង ស្ថិត​ក្នុងភូមិ​ព្រែក​តាសរ ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ដែល​អ្នក​បើក​លេង​មាន​គ្នា​ចំនួន​៣​នាក់ (​ចូល​ហ៊ុន​គ្នា​) គឺ​ឈ្មោះ ណា​ង ឈ្មោះ ប្រុស និង​ឈ្មោះ ចិត្រ​។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ក្រុម​អ្នកលេង​ជល់​មាន់​ទាំង​អស់នេះ គឺ​ម្ចាស់​ទីតាំង​ជា​អ្នក​ទូរស័ព្ទ​ហៅ​មក​លេង ដោយ​អ្នក​ខ្លះមក​ពី​ស្រុក​ពាម​ជរ ខ្លះមក​ពី​ទីប្រជុំជន​អ្នក​លឿង និង​ខ្លះ​ទៀត​មក​ពី​ស្រុក​លើក​ដែក ខេត្តកណ្តាល ហើយ​បាន​គេ​នាំ​គ្នា​ជល់​លេង​រាល់ថ្ងៃ ប៉ុន្តែ​ដូរ​ទីតាំង​រហូត ដើម្បី​កុំអោយ​សមត្ថកិច្ច និង​អ្នកកាសែត​តាម​រក​ឃើញ ដោយ​ថ្ងៃ​ខ្លះ​គេ​លេង​នៅ​ទីតាំង​ទី​១ ក្បែរ​ទំនប់​ក្រ​វ៉ា​ត់​ក្រុង​អ្នក​លឿង ថ្ងៃ​ខ្លះ​ទៀត​គេ​មក​ជល់​នៅ​ទីតាំង​ទី​២ ក្បែរ​ព្រំប្រទល់​ស្រុក​ពាម​ជរ​។ ហើយ​អ្វី​ដែល​សំខាន់ គេ​មាន​ដាក់​ក្មេង​ៗ​អោយ​អង្គុយ​ចាំ​មើល​នៅ​ដើមផ្លូវ​ផង​ដែរ សម្រាប់​ទូរស័ព្ទ​ប្រាប់​អ្នកលេង នៅ​ពេល​មាន​សមត្ថកិច្ច ឬ​អ្នកកាសែត​ចូល​ទៅ ហើយ​យុទ្ធសាស្ត្រ​នេះ​ហើយ​ដែល​អាច​អោយ​ពួក​គេ​នាំ​គ្នា​លេង​ជល់​មាន់បាន​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ​បែប​នេះ​។

ពាក់ព័ន្ធ​ការ​ប្រមូលផ្តុំ​គ្នា​លេង​ជល់​មាន់​យ៉ាង​គគ្រឹកគគ្រេង​ខាងលើ​នេះ លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាមរ​ក៌ បានអោយ​ដឹង​ថា ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ លោក​ធ្លាប់​បាន​ហៅ​មក​អប់រំ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​ពួក​គេ​មិន​រាងចាល​សោះ ហើយ​លោក​ក៏​ធ្លាប់​បាន​បញ្ជា​អោយ​កម្លាំង​ចុះ​ទៅ​តាម​ចាប់​ជា​ច្រើន​ដង​ផង​ដែរ ប៉ុន្តែ​ចាប់​មិន​ដែល​បាន ព្រោះ​ទីតាំង​ដែល​គេ​នាំ​គ្នា​លេង​ផ្លូវ​ពិបាកធ្វើ​ដំណើរ​ចូល ហើយ​ម្យ៉ាង​គឺ​គេ​ដាក់​ក្មេង​ចាំ​មើលផ្លូវ​ប៉ូលិស​ទៀត លុះ​ពេល​ចុះ​ទៅ​ម្តង​ៗ​តែងតែ​បែក​ការណ៍ ផ្អើល​ដល់​ក្រុម​អ្នកលេង​រត់​ចែក​ជើង​គ្នា​អស់​ចាប់​មិន​ដែល​បាន តែ​ទោះបីជា​យ៉ាងណា​លោក​នឹង​ព្យាយាម​តាម​ចាប់​បន្ត​ទៀត​។

ដោយឡែក​លោក ឈួ​ន ឬ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ពាមរ​ក៌ បានអោយ​ដឹង​ដែរ​ថា រឿង​ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ លោក​ក៏​ដឹង​ដែរ ប៉ុន្តែ​កម្លាំង​របស់​លោក​ចាប់​មិន​បាន ព្រោះ​ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ​មាន​អ្នក​ចាំ​មើលផ្លូវ អោយ​តែ​កម្លាំង​របស់​លោក​ទៅ​ដល់​មាត់​ផ្លូវ គឺ​មាន​អ្នក​ទូរស័ព្ទ​ប្រាប់​អ្នក​កំពុង​ជល់ ផ្អើល​រត់​ចែក​ជើង​គ្នា​អស់ហើយ ដូច្នេះ​លោក​មិនដឹង​បង្ក្រាប​យ៉ាងម៉េច​បាន​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ