ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ល.ន់ទូរស័ព្ទបានសម្រេច អស់លក្ខណ៍ត្រឹមម្ចាស់​ឆែក iCloud តាមទាន់ដល់ហាងបញ្ចាំ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលបានធ្វើសកម្មភាព

រាជធានីភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលបានធ្វើសកម្មភាពវាយប្លន់យកទូរសព្ទដៃទៅបញ្ចាំនៅម្ដុំផ្សារកណ្ដាល២ ខណៈម្ចាស់ទូរសព្ទឆែកតាមប្រព័ន្ធ ICLOUD រហូតតាមទាន់នៅកន្លែងបញ្ជាំទូរសព្ទតែម្ដង ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើល​​កើតឡើង​កាលពីវេលាម៉ោង៣​ឈានចូលព្រឹក​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងតំបន់កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។

តាមប្រភពពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក​ Zoomer ពណ៌ខ្មៅក្រហម ពាក់​ស្លាកលេខ ត្បូងឃ្មុំ 1I-1908 ឆ្លងកាត់តំបន់កោះនរា ដោយមានស្ពាយកាបូបពីក្រោយខ្នង ក្នុង​គោលបំណងទៅលេងផ្ទះមិត្តភ័ក្ដិនៅម្ដុំច្បារអំពៅ ។ បន្ទាប់មកក៏ជិះម៉ូតូត្រឡប់មកវិញ ដោយឆ្លងកាត់តំបន់កោះនរាក្នុងគោលបំណងដើម្បីទៅផ្ទះ ។

តាមប្រភពពីជនរងគ្រោះបានបន្ត​ថា លុះដល់វេលា​ម៉ោងកើតហេតុខាងលើ​ ដោយសភាពផ្លូវរាងស្ងាត់ ស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងម៉ាក Scoopy ពណ៌ស និងមួយគ្រឿងទៀតពណ៌ខ្មៅ ឌុបគ្នាមកក្បែរគាត់ ដោយនិយាយសម្លុតគាត់យកទូរសព្ទ តែគាត់បដិសេធមិនឱ្យ ទើបត្រូវបានក្រុមជនសង្ស័យព្រួតវាយយកទូរសព្ទម៉ាក​អាយហ្វូនបាន១គ្រឿង រួចជិះរត់គេចខ្លួនបាត់។

ជនរងគ្រោះបានបន្ថែមទៀតថា គាត់មានទូរសព្ទ១គ្រឿងនៅក្នុងហោប៉ៅខោរបស់គាត់ និង IPAD ១គ្រឿងនៅក្នុងកាបូបស្ពាយ ខណៈជនសង្ស័យវាយយកតែទូរសព្ទរបស់គាត់ ទើបគាត់មានពេលបើក IPAD ដើម្បីមើល ICLOUD ស្វែងរកទីតាំងរបស់ក្រុមជនសង្ស័យដែលបានប្លន់នោះ។

ភ្លាមៗនោះគាត់បានជិះម៉ូតូពីកោះនរាចូលទៅកាន់តំបន់កោះពេជ្រ ក៏ប្រទះឃើញក្រុមអ្នកដឹកជញ្ជូន ក៏បានសុំគេភ្ជាប់ WIFI ដើម្បីស្វែងរកទូរសព្ទរបស់គាត់ ទើបឃើញផែនទីបង្ហាញថា ទូរសព្ទរបស់គាត់ត្រូវបានឆ្លងកាត់ច្បារអំពៅ ទៅកាន់មហាវិថីព្រះនរោត្តម ឆ្ពោះទៅម្ដុំផ្សារកណ្ដាល។

ភ្លាមៗនោះ ក្រុមអ្នកដឹកជញ្ជូន និងជនរងគ្រោះបាននាំគ្នាធ្វើដំណើរទៅកាន់ម្ដុំផ្សារកណ្ដាល តាមរយៈផែនទីទូរសព្ទរបស់គាត់ ទើបឃើញហាងបញ្ចាំមួយកន្លែង។ ចៃដន្យក៏បានជួបក្រុមជនសង្ស័យទាំង៤នាក់នៅទីនោះ ទើបស្រែកថាចោរ ៗធ្វើឱ្យជនសង្ស័យ២នាក់រត់គេចខ្លួនរួច ខណៈ២នាក់ទៀតត្រូវបានក្រុមអ្នកដឹកជញ្ជូនព្រួតវាយបណ្ដាលឱ្យរងរបួស ទើបប្រគល់ជូនសមត្ថកិច្ចតាមក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននៃខណ្ឌដូនពេញបានមកដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមានម៉ូតូ១គ្រឿងម៉ាក SCOOPY ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ1KL-8087 ជាបណ្ដោះអាសន្ន ដើម្បីត្រៀមប្រគល់ជូនសមត្ថកិច្ចខណ្ឌច្បារអំពៅ។ ចំណែកហាងបញ្ចាំទូរសព្ទដោយខ្លាចមានរឿងដល់ហាង ក៏បានប្រគល់ទូរសព្ទជូនជនរងគ្រោះវិញផងដែរ។ លុះសមត្ថកិច្ចខណ្ឌច្បារអំពៅមកដល់ ទើបសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ ប្រគល់ខ្លួនជនសង្ស័យទាំង២នាក់ជូន បន្ទាប់មកសមត្ថកិច្ចច្បារអំពៅក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងជនរងគ្រោះ ទៅធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីតែម្ដង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ