ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​ឡូញ​ដឹក​ដៃ​អា​ហ្ស​ង់​ទី​ន ឡើង​វគ្គ​បន្ត​ទាំង​បុក​ពោះ ខណៈ​ម៉ិ​ក​ស៊ិ​ក​ធ្លាក់​ទាំង​ឈឺចាប់​បំផុត

1 ឆ្នាំ មុន

កា​តា ៖ ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កា​តា បាន​រក​ឃើញ​៤​ក្រុម​បន្ថែម​ទៀត​ហើយ

កា​តា ៖ ព្រឹត្តិការណ៍ World Cup 2022 នៅ​ប្រទេស​កា​តា បាន​រក​ឃើញ​៤​ក្រុម​បន្ថែម​ទៀត​ហើយ ចេញពី​ពូ​ល C និង D ដែល​ត្រូវ​ឡើង​ទៅ​តទល់​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​៣ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​សម្រាប់​វគ្គ​ជម្រុះ​ក្នុង​ពូ​ល កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ​។

នៅ​ក្នុង​ពូ​ល C បាន​ក្លាយជា​ពូ​ល​មានការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​បំផុត ហើយ​បើ​ទោះបីជា​មាន​ម្ខាង​ចាញ់ ម្ខាង​ឈ្នះ ក៏​ដោយ ក៏​អា​ហ្ស​ង់​ទី​ន និង​ប៉ូ​ឡូញ បាន​ដឹក​ដៃ​គ្នា​បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Stadium 974 ក្រុម​មេឃ​ខៀវ អា​ហ្ស​ង់​ទី​ន បាន​យកឈ្នះ​លើ​ក្រុម​ឥន្ទ្រី​ស ប៉ូ​ឡូញ ដោយ​លទ្ធផល ២-០ ដែល​ជ័យជម្នះ​នេះ រកបាន​ដោយ​ប្រធាន​ក្រុម Lionel Messi និង​ខ្សែបម្រើ Enzo Fernández ។

ការ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម ប៉ូ​ឡូញ ត្រូវ​អរគុណ​ក្រុម​ស្ទាំង​បៃតង អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បញ្ឈប់​ដំណើរ​ក្រុម​ទ័ព​បី​ពណ៌ ម៉ិ​ក​ស៊ិ​ក តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី​១​គ្រាប់ នៅ​ម៉ោង​បន្ថែម​វគ្គ​ទី​២ បើ​ទោះជា​ពួក​គេ​ចាញ់​ក្នុង​លទ្ធផល ២-១ យ៉ាងណា​ក៏​ដោយ ក៏​ប៉ូ​ឡូញ គឺជា​អ្នក​ឡើង​ទៅ​វគ្គ​បន្ទាប់ ព្រោះ​ឈ្នះ​គ្រាប់​បាល់​ចំណេញ​លើ​ម៉ិ​ក​ស៊ិ​ក​។

ការ​ធ្លាក់​ចេញពី World Cup 2022 គឺជា​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ជាទី​បំផុត សម្រាប់​ប្រជាជាតិ​ម៉ិ​ក​ស៊ិ​ក ហើយ​ក៏​ជា​ការ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ជា​លើក​ដំបូង​របស់​ពួក​គេ ចាប់តាំងពី​ឆ្នាំ ១៩៩៤​។

ដោយឡែក ពូ​ល D ក្រុម​មាន់គក បារាំង រួម​ដំណើរ​ជាមួយនឹង​ក្រុម​កង់​ហ្គូ​រូ អូស្ត្រាលី ឡើង​ទៅ​វគ្គ​១៦​ក្រុម ដោយ​មាន​៦​ពិន្ទុ​ដូច​គ្នា​។ បារាំង ដែល​ជា​ក្រុម​ដំបូង​គេ​នៅ World Cup 2022 ដែល​កក់​កៅអី​វគ្គ​១៦​ក្រុម បាន​ភ្លាត់​ចាញ់​ក្រុម​ឥន្ទ្រី​ដែន​ឧត្តរ ទុ​យ​នេ​ស៊ី នៅ​ការ​ប្រកួត​ជុំ​ទី​៣ ដោយ​លទ្ធផល ១-០ ស្រប​ពេល​អូស្ត្រាលី បាន​យកឈ្នះ​ទាំង​លំបាក​លើ​ក្រុម​ទ័ព​រំសេវ ដា​ណឺ​ម៉ាក ដោយ​លទ្ធផល ១-០ ផង​ដែរ​។

រហូត​មក​ទល់​ពេល​នេះ ក្រុម​ចំនួន​១០​ហើយ បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ រួម​មាន ៖ បារាំង ប្រេ​ស៊ី​ល ព័រ​ទុ​យ​ហ្គា​ល់ ហូ​ឡង់ អង់គ្លេស អា​ហ្ស​ង់​ទី​ន សេ​ណេ​ហ្គា​ល់ សហរដ្ឋអាមេរិក ប៉ូ​ឡូញ និង អូស្ត្រាលី​។

ខាងក្រោម​នេះ ជា​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ រួម​មាន ៖
-​នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ៖ ហូ​ឡង់ ក្រុម​កំពូល​តារាង​ពូ​ល A ត្រូវ​ប៉ះ សហរដ្ឋអាមេរិក ក្រុម​ចំណាត់ថ្នាក់​លេខ​២ ពូ​ល B វេលា​ម៉ោង ១០:០០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​)
-​នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ៖ អា​ហ្ស​ង់​ទី​ន ក្រុម​កំពូល​តារាង​ពូ​ល C ត្រូវ​ប៉ះ អូស្ត្រាលី ក្រុម​ចំណាត់ថ្នាក់​លេខ​២

ពូ​ល D វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែធ្នូ
-​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ៖ ក្រុម​ការពារ​តំណែង​ជើងឯក បារាំង ក្រុម​កំពូល​តារាង​ពូ​ល D ត្រូវ​ប៉ះ ប៉ូ​ឡូញ ក្រុម​ចំណាត់ថ្នាក់​លេខ​២ ពូ​ល C វេលា​ម៉ោង ១០:០០​នាទី​យប់
-​នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ ៖ អង់គ្លេស ក្រុម​កំពូល​តារាង​ពូ​ល B ត្រូវ​ប៉ះ សេ​ណេ​ហ្គា​ល់ ក្រុម​ចំណាត់ថ្នាក់​លេខ​២

ពូ​ល A វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែធ្នូ​។
ដោយឡែក ខាងក្រោម​នេះ គឺជា​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២២ ដែល​ជា​ការ​ប្រកួត​ជុំ​ទី​៣ រួម​មាន

ពូ​ល F លេង​នៅ​វេលា​ម៉ោង ១០:០០​នាទី​យប់ ៖
-​ក្រូ​អាត ត្រូវ​ប៉ះ បែ​ល​ហ្ស៊ិ​ក
-​កា​ណា​ដា ត្រូវ​ប៉ះ ម៉ា​រ៉ុ​ក

ពូ​ល C នៅ​វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០២ ខែធ្នូ ៖
-​ជប៉ុន ត្រូវ​ប៉ះ អេ​ស្ប៉ា​ញ
-​កូ​ស្តា​រី​កា ត្រូវ​ប៉ះ អា​ល្លឺ​ម៉​ង់​៕ (​ដកស្រង់​ចេញពី FIFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ