ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ មាន​ពលករ​ជាង​១​លាន​២​សែន​នាក់ ធ្វើការ​នៅ​ក្រៅប្រទេស

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ក្រមសីលធម៌របស់ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា រួមចំណែក​ពង្រឹ​ង​ប្រសិទ្ធិ​ភាព ​នៃ​ការ​ការពារ ការ​លើកកម្ពស់​សិទ្ធិ​ការងារ​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​យើង ​នៅ​បរទេស…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា ក្រមសីលធម៌របស់ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា រួមចំណែក​ពង្រឹ​ង​ប្រសិទ្ធិ​ភាព ​នៃ​ការ​ការពារ ការ​លើកកម្ពស់​សិទ្ធិ​ការងារ​ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​យើង ​នៅ​បរទេស ​។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា ​លើ​ក្រមសីលធម៌ ​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា និង​ពិធី​ផ្សព្វផ្សាយ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​វាយតម្លៃ​សាកល្បង​ នៃ​ការ​អនុវត្ត​ក្រមសីលធម៌​សម្រាប់​ទី​ភ្នា​ក់​ជ្រើសរើស​ឯកជន​កម្ពុជា ធ្វើ​ឡើង​នៅ​សណ្ឋាគារ សាន់​វ៉េ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម អ៊ិត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ បាន​ចាត់ទុក​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ ជា​ឧ​បករ​ណ៏​មួយ​កំណត់​ នូវ​គោលការណ៍​គ្រឹះ​ ជា​មូលដ្ឋាន​ស្រប​តាម​ច្បាប់​ជាតិ និង​បទដ្ឋាន​ការងារ​អន្តរជាតិ​សម្រាប់​ទីភ្នាក់ងារ ជ្រើសរើស​ឯកជន​កម្ពុជា​ទាំងអស់​ អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ការ​ទទួលខុសត្រូវ និង​គោរព​ក្រមសីលធម៌​ខ្ពស់​ ក្នុង​ការ​គ្រប់គ្រង​ការ​ជ្រើសរើស ការ​បណ្តុះបណ្តាល ការ​បញ្ជូន និង​ការ​គ្រប់គ្រង​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ ។

ឯកឧត្តម​បញ្ជាក់​ថា ​៖ «​ក្រមសីលធម៌​នេះ ​នឹង​រួមចំណែក​ពង្រឹង​ប្រសិទ្ធិ​ភាព​ នៃ​ការ​ការពារ ការ​លើកកម្ពស់​សិទ្ធិ​ការងារ ក៏​ដូច​ជា​សុខុមាលភាព​របស់​ពលករ​ទាំង​នៅ​ក្នុងស្រុក និង​នៅ​បរ​ទេស ​។ លើស​ពី​នេះ​ទៀត ក្រមសីលធម៌​នេះ​ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​គាំទ្រ​ការ​អនុវត្ត​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា ​ប្រកបដោយ​គណនេយ្យ​ភាព​ផង ហើយ​ក៏​ជាប្រភព​ដែល​មាន​សារប្រ​យោ​ជ​ន៏ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ អាច​បញ្ជាក់​បាន អំពី​ការ​រំពឹងទុក​របស់​ពលករ​ពី​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ ដែល​ទាក់ទង​ទៅ​នឹង​បទ​ពិសោធន៍​ទេសន្តរប្រវេសន៍​ ការងារ​របស់​ពួក​គេ​»​ ។

ឯកឧត្តម​បន្ត​ថា ​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា និង​ប្រព័ន្ធ វាយតម្លៃ​សា​កល្បង ​នៃ​ការ​អនុវត្ត​ក្រមសីលធម៌ ទទួល​បានការ​គាំទ្រ​ជំនួយបច្ចេកទេស និង​កិច្ច​សហប្រតិបត្តិការ​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ​អន្តរជាតិ ខាង​ការងារ ILO សមាគម ACRA និង​សមាគម MAC ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​ការ​យល់ដឹង ​ស្តី​ពី​ការ​ជ្រើសរើស​ពលករ​ប្រកបដោយ​យុត្តិធម៌ ​ដល់ទី​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ​។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ អោយ​ទី​ភ្ញាក់​ងារ​ជ្រើសរើស​ឯកជន​ទាំងអស់ ​ដែល​បាន​ទទួល​អាជ្ញា​បណ្ណ​ពី​ក្រសួង​ ចូលរួម​ក្នុង​ការ​អនុវត្ត​នូវ​ក្រម​សីល​ធម៌​ ដ៏​មានសារសំខាន់​នេះ ដើម្បី​បង្ហាញ​ឲ្យឃើញ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​ខ្លួន​ក្នុង​ការ​ការពារ​សិទ្ធ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពលករ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ត​ថា ក្រសួង​ការងារ បាន​និ​ងកំពុង​ខិតខំបន្ត​ព​ង្រឹង​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​ការងារ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពហុភាគី និង​ទ្វេរ​ភាគី ដើម្បី​បើក​ទូលាយ​ទីផ្សារ​ការងារ​ស្របច្បាប់ នៅ​ក្រៅប្រទេស​, ទប់ស្កាត់​ទេស​សន្តរ​ប្រវេសន៍ ការងារ​ដោយ​ខុសច្បាប់ អំពើ​ជួញដូរ​មនុស្ស​, លើកកម្ពស់​ការ​គាំពារ​សិទ្ធិ និង​ផលប្រយោជន៍ សុខភាព និង​សុវត្ថិភាព​ការងារ​, កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពលករ ការ​ផ្តល់​ការ​សម្របសម្រួល​ទំនាក់ទំនង​ជាមួយ​គ្រួសារ​និង​ការ​ធ្វើ​សមាហរណកម្ម​ពលករ​ទេសន្តរប្រវេសន៍ ដែល​ធ្វើ​មាតុភូមិ​និវត្ត តាម​រយៈ​ការ​ទទួលស្គាល់​ជំនាញ​, ការ​ផ្ទេរ​របប​សន្តិសុខ​ស​ង្គ ម​មក​ក្នុង​ប្រទេស​, ការ​ផ្តល់​ប្រឹក្សា​ការងារ​ធ្វើ និង​ការ​បង្កើត​មុខរបរ ដោយ​ខ្លួនឯង​ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ មាន​ពលករ​សរុប​ចំនួន​ប្រមាណ​ជាង ១​លាន ​២​សែន​នាក់​ ។ បើ​តាម​ការ​ប៉ាន់ស្មាន​ពលករ​កម្ពុជា បាន​ផ្ញើ​ថវិកា​មក​កម្ពុជា ​ដើម្បីជួយ​ទ្រទ្រង់ជីវភាព​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ​ ។ នៅ​ពេល​បញ្ចប់​កិច្ចសន្យាការងារ និង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ពួក​គាត់​នឹង​ក្លាយជា​ធនធាន មនុស្ស​ដ៏​សំខាន់​ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ពីព្រោះ​តាម​រយៈ ការ​ធ្វើ​ការងារ​នៅ​បរទេស ពួក​គាត់​មិន​ត្រឹមតែ​អាច​រក​ប្រាក់​ចំណូល​បាន​បន្ថែម​ទេ ថែម​ទាំង​ទទួល​បាន​នូវ​ជំនាញបទ​ពិសោធន៍ ចំណេះដឹង​ភាសា និង​របៀបរបប​រស់នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ទៀត​ផង ​។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ក្នុង​ការ​គាំពារ​ការ​ការពារ​សិទ្ធ និង​ផលប្រយោជន៍​ពលករ​ខ្មែរ​យើង ​នៅ​បរទេស តាម​រយៈ​កិច្ច​សហប្រតិបត្តិការ ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទទួល និង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បទដ្ឋាន​នានា​ដោយ​ប្រើ ប្រាស់​គោលការណ៍ យន្តការ និង​នីតិវិធី​ជា​ធរមាន​៕​

អត្ថបទសរសេរ ដោយ