រាជធានីភ្នំពេញ ៖ បញ្ហាធំៗចំនួនពីរបានក្លាយជាកង្វល់របស់ប្រជាពលរដ្ឋជាទូទៅ នាពេលបច្ចុប្បន្ននេះ។បញ្ហាទាំងពីរនោះ ទី១ គឺថវិកាមើលថែ និងព្យាបាលជំងឺ និងបញ្ហាទីពីរ គឺប្រាក់ឱ្យកូនសិក្សាបានខ្ពង់ខ្ពស់នៅសាលារៀនដែលមានគុណភាពល្អ។ កង្វល់ទាំងពីរនេះ កើតមានចំពោះពលរដ្ឋគ្រប់គ្នាមិនថា អ្នកនៅភ្នំពេញ និងពលរដ្ឋនៅទីជនបទនោះទេ។

កង្វល់ពីថវិកាព្យាបាលជំងឺបានកើតមាននៅពេលដែលមនុស្សហាក់កំពុងប្រឈមជំងឺជាច្រើនប្រភេទ ដូចជា ជំងឺឆ្លង និងជំងឺមិនឆ្លង។ បច្ចុប្បន្ននេះមនុស្សនៅវ័យក្មេងកើតជំងឺលើសឈាម ជំងឺទឹកផ្អែម ឬនៅក្នុងខ្លួនមានលើសសារធាតុនេះ សារធាតុនោះដែលសុទ្ធសឹងតម្រូវឱ្យមានការព្យបាល ឬមើលថែឱ្យបានដិតដល់។
រូបតំណាងនៅពេលជួបគ្នាម្តងៗ គេសង្កេតឃើញពលរដ្ឋបានសួនាំគ្នាពីសុខភាព ឬពីការសិក្សារបស់កូនដែលបង្ហាញថា បញ្ហាទាំងពីរនេះជាកង្វល់របស់ពួកគាត់។ អ្នកមានជំងឺនិយាយពីស្ថានភាពជំងឺរបស់ខ្លួន ហើយបានត្អូញត្អែរពីការចំណាយថវិកាលើការព្យាបាលជំងឺរបស់ខ្លួននៅរៀងរាល់ថ្ងៃនេះ។ចំណែកអ្នកមិនទាន់ឈឺ បានបង្ហាញពីកង្វល់ខ្លាចខ្លួនឈឺនៅថ្ងៃអនាគត ហើយគ្មានថវិកាព្យាបាលជំងឺ។
ការព្យាបាលជំងឺ ពលរដ្ឋបានត្អូញថា មានតម្លៃខ្ពស់ ពិសេសអ្នកមានជំងឺរ៉ាំរ៉ៃ ដែលទទួល ការព្យាបាល ថែទាំជាប្រចាំនោះត្រូវចំណាយថវិកាច្រើនរហូតមានការលើកឡើងថា«ឈឺនាំគ្រួសារធ្លាក់ចុះស្ថានភាពក្រីក្រ»។ នៅក្នុងសង្គមបច្ចុប្បន្ននេះ អ្នកមានជំងឺ ហើយមានលទ្ធភាព គេមាននិន្នាការទៅព្យាបាលជំងឺនៅក្រៅប្រទេសទៅទៀត។ សកម្មភាពនេះបានធ្វើឱ្យពលរដ្ឋដែលគ្មានលទ្ធភាពកាន់តែខ្វល់ឡើង និងបានចោទជាសំណួរថា ហេតុអ្វីបានអ្នកមានគេចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស?ចុះបើយើងអត់លុយ តើនឹងត្រូវស្លា.ប់ឬយ៉ាងណា?។

ក្នុងន័យនេះ ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការធ្វើអោយប្រសើរឡើង និង ប្រកបដោយគុណភាពនៃវិស័យសុខាភិបាល គឺចាំបាច់ខ្លាំងណាស់សម្រាប់ប្រជាជន។ចំណែកការសិក្សារបស់កូនវិញជាបន្ទុកធ្ងន់សម្រាប់គ្រួសារមួយចំនួន ជាពិសេសគ្រួសារ ដែលមានកូនច្រើន ហើយចង់វិនិយោគលើការសិក្សារបស់កូនៗដើម្បីអនាគត ភ្លឺស្វាយរបស់ពួកគេ។ អ្នកចង់ឱ្យកូនបានសិក្សានៅសាលាល្អ បានខិតខំព្យាយាម បញ្ជួនកូនទៅរៀននៅសាលាឯកជនដែលមានតម្លៃខ្ពស់។

សាលាឯកជននៅកម្ពុជាមានច្រើនកម្រិតហើយតម្លៃទៅតាមគុណភាព និងស្ដង់ដារសិក្សា។ បើគេប្រៀបធៀបតម្លៃសាលាឯកជន និងចំណូយលពលរដ្ឋជាទូទៅឃើញថា មិនសមមាត្រនឹងគ្នានោះទេ។ការបញ្ជូនកូនទៅសាលាដែលមានគុណភាពយ៉ាងតិចមានតម្លៃក្នុងកម្រិតមធ្យមប្រមាណ២ពាន់ដុល្លារក្នុងមួយឆ្នាំដែលគេបានធ្វើការបែងចែងទៅពលរដ្ឋត្រូវចំណាយពី២០០ទៅ៣០០ដុល្លារលើការសិក្សារបស់កូនម្នាក់ក្នុងមួយខែ។ចំណែកប្រាក់បៀវត្សរ៍របស់ពលរដ្ឋ បើគិតពីប្រាក់ខែមន្ត្រីរាជការមានប្រមាណ៣០០ដុល្លារក្នុងមួយខែ។ ដូចគ្នានៅការព្យាបាលជំងឺដែរ អ្នកមានជីវភាពធូរធាគេមិនត្រឹមបញ្ជួនកូនទៅរៀន សាលាឯកជននៅក្នុងស្រុកនោះទេ គេបានបញ្ជួនកូនទៅរៀននៅក្រៅប្រទេសទៅទៀត។ទាំងការអប់រំទាំងវិស័យសុខាភិបាលនៅកម្ពុជាមានសេវាសាធារណ និងឯកជន។ទីផ្សារសេរីពលរដ្ឋមានជម្រើសក្នុងរឿងនេះ។ ពលរដ្ឋអាចទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ហើយមន្ទីរពេទ្យរដ្ឋមិនយកថវិកាសម្រាប់អ្នកក្រីក្រ។ដូចគ្នានេះ បើគេបញ្ជូនកូនទៅសាលារដ្ឋនោះគេនឹងមិនបាច់ចំណាយក្នុង១០០ឬ២០០ដុល្លារលើការសិក្សារបស់កូនដែរ។
រូបតំណាងសាលារៀនរដ្ឋមានពេទ្យរដ្ឋក៏មាន ចុះហេតុអ្វីពលរដ្ឋបានលើកថា បញ្ហាទាំងពីរនេះជាកង្វល់របស់ពួកគាត់?។ ចម្លើយមានតែពលរដ្ឋ និងរដ្ឋទេទើបដឹងច្បាស់នៅក្នុងរឿងនេះ។ តែទោះយ៉ាងណា ការធ្វើពលរដ្ឋមានទំនុកចិត្ត និងការជឿជាក់លើសេវាសាធារណ: ពិសេសវិស័យអប់រំ និងសុខាភិបាល គឺជាកាតព្វកិច្ចរបស់រដ្ឋ។

នៅពេលសេវារដ្ឋល្អនោះពលរដ្ឋប្រាកដជាមិនខ្វល់ពីបញ្ហានេះ ត្បិតអីទាំងបញ្ហាសុខភាព ទាំងអនាគតកូន រដ្ឋបានធានាអស់ទៅហើយ នៅពេលខ្លួនបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ តាមរយៈការបង់ពន្ធដារនានាជូនរដ្ឋហើយនោះ៕ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ