ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! គុន​ល្បុក្កតោ​កម្ពុជា​បាន​ដាក់​បញ្ចូល​​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អបអរសាទរ​គុន​ល្បុ​ក្កតោ​របស់​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំណាង​

រាជធានី​ភ្នំពេញ ៖ អបអរសាទរ​គុន​ល្បុ​ក្កតោ​របស់​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃ​ទី​២៩​វិច្ឆិកា ឆ្នាំ​២០២២ ស្តី​ពី​ការ​ចុះ​គុន​ល្បុក្កតោ ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃមនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ​លើក​ឡើង​ថា​ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់ មេត្តា​បាន​ជ្រាប​ថា នា​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ក្នុង​កិច្ចប្រជុំ លើក​ទី​១៧ នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​រ៉ា​បាត នៃ​ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក បាន​អនុម័ត​យល់ព្រម​ចុះ​«​គុន​ល្បុក្កតោ​»​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូ​ណេ​ស្កូ​តាម​សេចក្ដីសម្រេច​17.COM 7.h.​។

ក្រសួង​ថា ការ​ចុះបញ្ជី​«​គុន​ល្បុក្កតោ​»​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ យូ​ណេ​ស្កូ គឺជា​ជោគជ័យ​និង​មោទកភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត ដែល​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ការពារ និង​លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ជា​ពិសេស​បេតិកភណ្ឌ​វប្បធម៌​អរូបី ដែល​ងាយ​ប្រឈម​នឹង​បាត់បង់ ។

ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ គឺជា​សក្ខីភាព​បង្ហាញ​ច្បាស់​ពី​ការ​ស្រឡាញ់ ការ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង គាំទ្រ​និង​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល រួម​ជាមួយ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​អ្នកជំនាញ​ជាតិ​-​អន្តរជាតិ សហគមន៍ សាលា​គុន គ្រូ​និង​សិស្ស​គុន​ល្បុក្កតោ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី​និង​អរូបី​របស់​ជាតិ មិន​ត្រឹមតែ​ជា​អត្តសញ្ញាណ​និង​ជា​ព្រលឹង​ជាតិ​ដែល​បាន​លើក​ស្ទួយ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ល្បីរន្ទឺ​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ទៀត​ផង ។ ឆ្លៀត​ក្នុង​ឱកាស​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំង​ក្នុង​និង​ក្រៅ
ប្រទេស មេត្តា​ជួយ​បន្ត​ចូលរួម ថែរក្សា​ការពារ​និង​លើកតម្កើង​តម្លៃ​មត៌ក​វប្បធម៌​ជាតិ​ឲ្យ​សម្រេច​បាន​ជោគជ័យ​និង​ល្បី​រន្ទឺ​សុសសាយ​តទៅ​មុខជា​និរន្តរ៍ ។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ល្បុក្កតោ ឬ ជា​អក្សរ​ឡា​តាំង Bokator ឬ Labokkatao គឺជា​ក្បាច់គុន​វប្បធម៌​ខ្មែរ ដែល​រួម​មានការ​ប្រយុទ្ធ ការ​គេច​ពី​សត្រូវ និង​ការ​ប្រើប្រាស់​អាវុធ​ជាដើម ។ គុនល្បុក្កតោ គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជនជាតិ​ខ្មែរ​នៅ​លើ​ទឹកដី​ខ្មែរ តាំងពី​មុន​ការ​មក​ដល់​នៃ​អរិយធម៌​ឥណ្ឌា កាលពី​ជាង ២​ពាន់​ឆ្នាំ​កន្លង​មក​ហើយ​។ ការ​ប្រើ​ក្រមា​នៅ​ពេល​គេ​វាយ​គ្នា គេ​តែងតែ​ពាក់​ឯកសណ្ឋាន​ដូច​ទៅ​នឹង​ទាហាន​ខ្មែរ កាលសម័យ​បុរាណ​អ​ញ្ចឹ​ង ។

ក្រមា ត្រូវ​បាន​គេ​ចង​ជុំវិញ​ចង្កេះ ហើយ​រង្វេល​សូត​ពណ៌​ក្រហម ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា «​ថ្ងៃ​សង្វារ​» ដែល​គេ​ចង​ជុំវិញ​ក្បាល ។ ល្បុក្កតោ​មាន​ក្បាច់​ជា​ច្រើន​ដូច​ជា​ក្បាច់​សេះ ក្បាច់​ទា ក្បាច់​តោ ក្បាច់​បក្សី ក្បាច់​ស្ដេច​ស្វា ក្បាច់​ដំរី ក្បាច់​អប្សរា និង​ក្បាច់​ក្រពើ​ជាដើម​។ ការ​ស្នើ​សុំ​ដាក់​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់អង្គការ​យូ​ណេ​ស្កូ ធ្វើ​ឡើង​ក្រោម​ការ​ចង្អុលបង្ហាញពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន តាំងពី​ឆ្នាំ​២០១០ មក​ដល់​ឆ្នាំ ២០២២ ទើប​ទទួល​បាន​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ