រាជធានីភ្នំពេញ ៖ អស់រយៈពេល៥ថ្ងៃកន្លងមកហើយ ដែលកញ្ញាឯក Bridgestone ដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតក្រោយពីធ្លាក់ពីកម្ពស់១២ជាន់ កាលពីរសៀលថ្ងៃទី១៨ ឧសភា តែជាសំណាងល្អធ្លាក់ចូលអាងចិញ្ចឹមត្រី ហើយនៅពេលនេះនាងអាចនិយាយរួចហើយ ប៉ុន្តែជើងមិនទាន់កំរើកបាននៅឡើយទេ តែទោះជាយ៉ាងណា ក្រុមវេជ្ជបណ្ឌិតកំពុងធ្វើការតាមដាន រួមទាំងការហូរឈាមខាងក្រោមស្រោមខួរក្បាលផងដែរ ។
វេជ្ជបណ្ឌិតមួយរូប បានថ្លែងថា រយៈពេល៥ថ្ងៃកន្លងមកនេះ នារីរងគ្រោះឈ្មោះ ហាស់ ឌីជូរលីន វ័យ១៧ឆ្នាំ ដែលធ្លាក់ពីសណ្ឋាគារកម្ពស់១២ជាន់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ នារសៀលថ្ងៃទី១៨ ឧសភា ហើយនៅយប់ថ្ងៃដដែលក្រុមគ្រូពេទ្យធ្វើការវះកាត់ដៃបាក់ខាងឆ្វេង និងពិនិត្យការហូរឈាមនៅក្រោមស្រោមខួរក្បាលរបស់នាងយ៉ាងយកចិត្តដាក់ ព្រោះចំណុចនេះ វាមានគ្រោះថ្នាក់ខ្លាំងណាស់ ។ លុះដល់ថ្ងៃទី២១ ឧសភា នារីរងគ្រោះអាចនិយាយបានជាធម្មតា ប៉ុន្តែមិនអាចកំរើកជើងបាននៅឡើយ បញ្ហានេះក្រុមវេជ្ជបណ្ឌិតកំពុង បន្តធ្វើការតាមដានពិនិត្យឡើងវិញផងដែរ ។
គួររំលឹកថា នារីស្រស់ស្អាតម្នាក់ បានធ្លាក់ពីជាន់ទី១២ នៃសណ្ឋាគារ CA&SA ស្ថិតនៅតាមផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែពេលធ្លាក់ចុះមកចំអាងទឹក បណ្តាលឲ្យរងរបួស់ធ្ងន់ ហើយត្រូវគេបញ្ជួនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ធ្វើការសង្គ្រោះបន្ទាន់ ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១៨ ឧសភានេះ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេថា រឿងឃាតកម្ម ឬអត្តឃាត ខណៈកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
ក្រោយបវរកញ្ញាBridgestone ធ្លាក់ពីជាន់ទី១២ ថ្ងៃនេះសភាពនាង…
ចែករំលែកព័តមាននេះ