រាជធានីភ្នំពេញ ៖ ពាក់ព័ន្ធនឹងករណីកម្មការិនីរោងចក្រកាត់ដេរម្នាក់ ដែលគ្មានបងប្អូនសាច់ញាតិនឹងគេ ថែមទាំងត្រូវប្ដីចាកចេញពីរូបនាងចាប់តាំងពីនាងមានផ្ទៃពោះបាន៣ខែ ហើយក្រោយមកនាងក៏ឈឺពោះសម្រាលកូនក៏ត្រូវអ្នកនៅក្បែរបន្ទប់ជួលដឹកនាំទៅមណ្ឌលសុខភាពស្ទឹងមានជ័យ តែត្រូវពេទ្យបដិសេធមិនទទួលដោយប្រាប់ថា «មិនហ៊ានទទួលទេ បន្តិចទៀតពេទ្យចុះចាក់ថ្នាំវ៉ាក់សាំងនៅតាមភូមិអស់ អត់មានអ្នកមើលទេ» ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នោះ ពេលនេះ ត្រូវបានប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ ចេញមកបកស្រាយលើករណីនេះ។
![Picture]()
ស្ត្រីដែលចោទប្រកាន់មន្ទីរពេទ្យនោះ មានឈ្មោះ ឡី សីម៉ា ហៅ ស្រីនី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយនាងត្រូវប្ដីចុះចោលរូបនាងរយៈពេល៦ខែកន្លងមកហើយ។
![Picture]()
ទាក់ទងទៅនឹងការចោទប្រកាន់ខាងលើ លោកស្រី ហៀង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ចំពោះការអះអាងថា «គ្រូពេទ្យមណ្ឌលសុខភាពស្ទឹងមានជ័យ មិនហ៊ានទទួលបង្កើតកូនជូនស្ត្រីខាងលើ ព្រោះតែគ្រូពេទ្យជាប់រវល់ទៅចាក់ថ្នាំវ៉ាក់សាំងនៅតាមភូមិអស់ អត់មានអ្នកមើលនោះ» គឺជារឿងមិនពិតឡើយ។
![Picture]()
ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ បានបន្តថា តាមពិតមណ្ឌសុខភាព មានកម្លាំងគ្រប់គ្រាន់សម្រាប់ទទួលអ្នកដែលទៅរកសេវាសម្រាលកូន ឬព្យាបាលជំងឺផ្សេងៗគ្រប់ពេល តែមានមូលហេតុមួយចំនួនដែលពេទ្យមិនហ៊ានទទួលសម្រាលកូនជូនស្ត្រីខាងលើ ដូចជា ៖
![Picture]()
ទី១- ស្ត្រីរូបនោះពុំដែលបានថតឆ្លុះអេកូតាមដានមើលពីសុខភាពកូនក្នុងផ្ទៃ។
ទី២- កូនអត់ទាន់គ្រប់ខែ ស្រាប់តែឈឺពោះសម្រាល (កូនក្នុងផ្ទៃរបស់នាងត្រូវកើត រហូតដល់ចុងខែធ្នូឯណោះ) ប៉ុន្តែបែរជាមកឈឺពោះសម្រាលពេលនេះទៅវិញ។
ទី៣- មណ្ឌលសុខភាព ពុំមានឧបករណ៍វេជ្ជសាស្ត្រទំនើបគ្រប់គ្រាន់សម្រាប់ជួយគាត់ឲ្យមានសុវត្ថិភាពទាំងម្ដាយទាំងកូនបាននោះទេ ជាពិសេសគ្មានកែវសម្រាប់ចិញ្ចឹមកូនកើតអត់គ្រប់ខែនោះឡើយ។
![Picture]()
លោកស្រីបានប្រាប់បន្តទៀតថា ហេតុដូច្នេះ បើហ៊ានទទួលសម្រាល គឺវាមានហានិភ័យខ្ពស់ណាស់សម្រាប់គាត់ ទើបលោកស្រីមិនហ៊ានទទួលឲ្យនៅសម្រាលនៅក្នុងមណ្ឌលសុខភាពស្ទឹងមានជ័យ។ ម្យ៉ាងទៀត ស្ត្រីខាងលើ ក៏មានមានប័ណ្ណ ប ស ស ថែមទៀតផងដែរ ដូច្នេះទោះជាគាត់សម្រាលនៅមណ្ឌលសុខភាពរបស់លោកស្រី ឬនៅមន្ទីរពេទ្យទៀត ក៏ពុំអស់ប្រាក់ដែរ។ បន្ទាប់មក ដើម្បីបញ្ចៀសនូវហានិភ័យទាំងម្ដាយនិងកូន ទើបលោកស្រីសម្រេចបញ្ជូនគាត់ទៅកាន់មន្ទីរមិត្តភាពខ្មែរ-សូវៀត ដែលស្ថិតនៅជិត និងជាមន្ទីរពេទ្យធំ និងមានសុត្ថិភាព ប៉ុន្តែបែរជាអ្នករត់កង់បីដឹកគាត់ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដែលស្ថិតនៅឆ្ងាយទៅវិញ។
![Picture]()
ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យរូបនោះ បានបញ្ជាក់បន្ថែមទៀតថា កាលដែលស្ត្រីរូបនោះ ពុំដែលពិនិត្យសុខភាពសោះ បូករួមទាំងកូនអត់គ្រប់ខែទៀតផងនោះ វាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ។ ដូចជា ក្រោយពេលសម្រាលរួច បណ្ដាលឲ្យធ្លាក់ឈា.មខ្លាំងអត់ឈប់ ដូច្នេះលោកស្រីត្រូវបញ្ជូនគាត់ទៅរកមន្ទីរពេទ្យធំៗដដែល ហើយវានឹងបង្កនូវហានិភ័យទាំងម្ដាយ និងកូនបំផុត។ ដោយឡែកកន្លងមក អត់ដែលមានរឿងអ៊ីចឹងទេ អ្នកដែលមកទទួលសេវាសម្រាលកូន បើធ្វើមិនកើត គឺលោកស្រីប្រាប់យ៉ាងម៉េច គេធ្វើអ៊ីចឹងតាមហើយ គឺប្រាប់ឲ្យទៅណា គឺទៅនឹងហើយ។ ព្រោះការធ្វើបែបនេះ ដើម្បីការពារជីវិតគាត់ ហើយបើកាលណា យើងធ្វើនៅកន្លែងយើងមិនបានហើយ នៅតែខំធ្វើទាំងបំពានទៀត នៅពេលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុនោះ យើងត្រូវទទួលខុសត្រូវ ហើយគេថាយើងអត់បញ្ជូនគាត់ទៅរកកន្លែងសុវត្ថិភាព តើយើងចង់បានអ្វី? នេះគឺជាបញ្ហាដែលចោទ។
![Picture]()
ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យបញ្ជាក់ទៀតថា ម្យ៉ាងទៀត ដឹងស្រាប់ហើយ មណ្ឌលសុខភាពពុំមានសម្ភារៈឯណាសម្រាប់ជួយសង្គ្រោះកូនអត់គ្រប់ខែបានទេ មិនថាតែស្ត្រីឈ្មោះឡី សីម៉ា ហៅ ស្រីនី នេះម្នាក់ប៉ុណ្ណោះទេ។ កន្លងមក អ្នកទៅទទួលសេវាសម្រាលជាច្រើនមកហើយ ប្រសិនបើមានស្ថានភាពបែបនេះ លោកស្រីអត់ហ៊ានទទួលដូចគ្នា ហើយបានបញ្ជូនទៅរកពេទ្យធំៗ ដើម្បីសុវត្ថិភាពពួកគាត់ទាំងនោះ។
គួររំលឹកថា ៖ អាសូរ! គ្មានសាច់ញាតិ ប្តីចុះចោលតាំងពីពពោះ៣ខែ លុះពេលឈឺពោះនាងសម្រាលកូនតាមផ្លូវគួរឱ្យអាណិត៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ