ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ ប្រចាំការនៅទីបញ្ជាការស្រាល ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយគ្មានការដកថយឡើយ ។ នេះបើយោងតាមផេក កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រកាសនាល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ ។
ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំដឹកនាំដោយផ្ទាល់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំណែនាំដល់កងកម្លាំងប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅទីបញ្ជាការស្រាល ប្រចាំការនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯក ហែម ថន និងលោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបន្តសកម្មភាពជាប្រចាំថ្ងៃ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលនៅតែកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ ។
នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន បានដឹកនាំកងកម្លាំង សហការជាមួយសមត្ថកិច្ចជំនាញសកម្មភាព បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ក្អែកដេក និងតំបន់តាកន នៅក្នុងភូមិសាស្ត្រឃុំម្សារក្រង ស្រុកស្ទោង ជាលទ្ធផលបានរុះរើ និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មានរបាំងសាច់អួនក្រឡាញឹក ចំនួន៦របាំង ប្រវែងជាង ១,៨០០ម៉ែត្រ និងបានបំផ្លាញចោលឡុកសាច់អួនចំនួន ៥គ្រឿង លបឬលូចំនួន ១២មាត់ និងចាក់ប្រលែងត្រីចម្រុះជាង ៣០គីឡូក្រាម ។
ជាមួយនោះដែរ លោកអនុសេនីយ៍ឯក ហែម ថន ដែលប្រចាំការនៅទីបញ្ជាការស្រាលឃុំផាត់សណ្ដាយ បានដឹកនាំកងកម្លាំងសហការជាមួយសមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់កោះខ្លា ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដោយបានបំផ្លាញសាច់អួនក្រឡាញឹកចំនួន ១របាំង ប្រវែងជាង ២០០ម៉ែត្រ ព្រមទាំងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀតផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃនូវការកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនគិតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកបុណ្យទានឡើយ ។ បងប្អូនបានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាធនធានមច្ឆជាតិឲ្យសម្បូរឡើងវិញ សម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស និងបានសំណូមពរដល់ប្រជាពលរដ្ឋមួយចំនួន ដែលតែងតែលបលួចប្រើឧបករណ៍ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ សូមមេត្តាបញ្ឈប់សកម្មភាពខុសច្បាប់ស្ដីពីជលផលតទៅទៀត ដើម្បីយើងរួមគ្នាថែរក្សាពូជត្រីរបស់យើងឲ្យសម្បូរឡើងវិញ ៕




ចែករំលែកព័តមាននេះ