ទីក្រុងវ៉ាស៊ីនតោន៖ តាមមើលទៅ កោះហ្គ្រីនលែនប្រហែលជាពិបាកគេចផុតពីកណ្ដាប់ដៃរបស់លោកត្រាំណាស់ព្រោះរដ្ឋាភិបាលរបស់លោកនិយាយជារឿយៗថាត្រូវតែគ្រប់គ្រងកោះដែលធំជាងគេនៅលើពិភពលោកមួយនេះឱ្យបាន។ បើសិននិយាយគ្នាតាមសម្រួលមិនព្រមទេ អាមេរិកត្រៀមកម្លាំងយោធាវាយប្រហារយកកោះនេះ។ រដ្ឋបាលរបស់លោកត្រាំថ្លែងថាខ្លួនកំពុងពិនិត្យមើលគ្រប់លទ្ធភាពដើម្បីយកកោះហ្គ្រីនលែនឱ្យបាន។ ពួកគេចាត់ទុកថាកិច្ចខិតខំប្រឹងប្រែងនេះជាចំណុចអាទិភាពផ្នែកសន្តិសុខជាតិដែលត្រូវតែធ្វើឱ្យបាន។ ក្នុងនោះ ក៏មានគម្រោងប្រើកម្លាំងយោធាផងដែរ។

អ្នកនាំពាក្យសេតវិមាន លោកស្រីខារ៉ូឡាញ ឡេវីត (Karoline Leavitt) ថ្លែងថាលោកប្រធានាធិបតីត្រាំប្រកាសច្បាស់ៗហើយថាការគ្រប់គ្រងកោះហ្គ្រីនលែនជាចំណុចអាទិភាពនៃសន្តិសុខជាតិរបស់អាមេរិក ហើយកោះនេះជាចំណុចសំខាន់ជាអាយុជីវិតក្នុងការទប់ទល់នឹងគូប្រកួតរបស់យើងនៅតំបន់អាកទិច (Arctic)។ លោកស្រីថ្លែងបន្តទៀតថាលោកត្រាំ និងមន្ត្រីក្រោមឱវាទរបស់លោកកំពុងពិនិត្យមើលជម្រើសមួយចំនួនដែលមាននៅក្នុងដៃដើម្បីសម្រេចឱ្យបានគោលដៅនៃនយោបាយការបរទេសមួយនេះ។ លោកស្រីថ្លែងបន្តទៀតថាជាការពិតណាស់ លទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធានៅតែជាជម្រើសដែលអាចនឹងកើតមាន ពោលគឺដូចអ្វីដែលលោកត្រាំក្នុងនាមជាអគ្គបញ្ជាការកងទ័ពអាមេរិកធ្លាប់លើកឡើងរួចមកហើយ។

តាមពិត បញ្ហាកោះហ្គ្រីនលែននេះធ្លាប់កម្រើករំពើកម្ដងហើយ ហើយក្រោយមកក៏ស្ងប់ស្ងាត់បន្តិចវិញ។ ប៉ុន្តែក្រោយការវាយប្រហារប្រទេសវេណេហ្ស៊ូអេឡា និងចាប់ខ្លួនមេដឹកនាំប្រទេសនេះ (លោកម៉ាឌូរ៉ូ) លោកត្រាំឆ្លៀតព្រមានប្រទេសដទៃទៀតដូចជាកូឡុំប៊ី គុយបា និងម៉ិកស៊ីកូជាដើមថាត្រូវតែប្រយ័ត្នខ្លួនឱ្យមែនទែន។ ពួកគេអាចជាគោលដៅបន្ទាប់។ ទន្ទឹមនឹងនោះ លោកក៏រំលេចឱ្យឃើញពីបំណងប្រាថ្នាចង់បានកោះហ្គ្រីនលែន។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថាកោះនេះជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់។ បើបណ្ដោយឱ្យដាណឺម៉ាកមើលការខុសត្រូវទៅមិនរួចទេព្រោះចិន និងរុស្ស៊ីបានដាក់កម្លាំងហ៊ុមព័ទ្ធជុំជិតអស់ហើយ។

មន្ត្រីរដ្ឋាភិបាលអាមេរិកបញ្ជាក់ថាលោកត្រាំមិនមែននិយាយឱ្យតែរួចពីមាត់នោះទេ។ លោក និងក្រុមការងារកំពុងថ្លឹងថ្លែងមើលគ្រប់ជម្រើសទាំងអស់។ ជាជំហានដំបូង អាមេរិកប្រើប្រាស់ទឹកលុយដើម្បីទិញដោយសន្តិវិធី។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ប្រាប់ថាលោកត្រាំចង់ធ្វើម៉េចយកកោះហ្គ្រីនលែនមកគ្រប់គ្រងនៅក្នុងអាណត្តិដឹកនាំរបស់គាត់។ ដូច្នេះទោះបីមានការជំទាស់ពីក្រុមសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងអង្គការណាតូជាមួយគ្នាយ៉ាងណាក្ដីក៏លោកមិនខ្វល់ដែរ។ លោកថាបញ្ហានេះមិនអាចនិយាយចោលបានទេ។ និយាយហើយត្រូវតែធ្វើ។

ការធ្វើអត្ថាធិប្បាយរបស់អ្នកនាំពាក្យសេតវិមានហាក់ដូចជាផ្ទុយគ្នាពីអ្វីដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ាកូ រូប៊ីអូ (Marco Rubio) លើកឡើងនៅក្នុងសភាកាលពីថ្ងៃចន្ទ។ កាលនោះ លោករូប៊ីអូថារដ្ឋបាលរបស់លោកត្រាំកំពុងពិនិត្យមើលការទិញយកកោះហ្គ្រីនលែនតាមសម្រួល ជាជាងប្រើប្រាស់កម្លាំងយោធាឈ្លានពានចូលកោះនេះ។ តាមពិត លោកត្រាំប្រកាសទិញកោះនេះតាំងពីលោកកាន់អំណាចនៅអាណត្តិទីមួយមកម៉្លេះ។

ប្រតិកម្មចំពោះបញ្ហានេះ ក្រុមសម្ព័ន្ធមិត្តនៅទ្វីបអឺរ៉ុបចំនួន៦ប្រទេសបានប្រកាសថាពួកគេឈរនៅខាងប្រទេសដាណឺម៉ាក។ ក្នុងនោះមានប្រទេសបារាំង, អាល្លឺម៉ង់, អ៊ីតាលី, ប៉ូឡូញ, អេស្ប៉ាញ និងចក្រភពអង់គ្លេស។ ពួកគេចូលរួមជាមួយដាណឺម៉ាកប្រកាសជំទាស់នឹងផែនការរបស់លោកត្រាំ និងបញ្ជាក់ថាកោះនេះមានអធិបតេយ្យភាពរបស់ខ្លួន។ នាយករដ្ឋមន្ត្រីកាណាដាក៏ប្រកាសឈរនៅខាងកោះហ្គ្រីនលែនផងដែរ និងត្រៀមបំពេញទស្សនកិច្ចនៅទីនោះនាខែកុម្ភៈ។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រីហ្វ្រេដេរិចសឹន (Frederiksen) ព្រមានថាបើសិនអាមេរិកប្រើកម្លាំងយោធាវាយយកកោះហ្គ្រីនលែនដែលដាណឺម៉ាកចាត់ទុកជាទឹកដីរបស់ខ្លួន ហើយដាណឺម៉ាកជាសមាជិកអង្គការណាតូជាមួយអាមេរិកទៅទៀត ដូច្នេះអ្វីៗត្រូវចប់ហើយ។ លោកស្រីចង់មានន័យថាអង្គការណាតូលែងមានន័យហើយ ហើយគេលែងជឿទុកចិត្តថាអង្គការនេះអាចជួយការពារសន្តិសុខឱ្យសមាជិករបស់ខ្លួនតទៅទៀតហើយ។ នេះបើយោងតាមការផ្សាយរបស់ញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ