ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការតវ៉ារបស់បងប្អូនកម្មកររោងចក្រ យូ ជា ឆេង ត្រូវបានដោះស្រាយបញ្ចប់សព្វគ្រប់ យ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រសួងការងារ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ…

រាជធានីភ្នំពេញ ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅរសៀលថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦ នេះក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ 

អ្នកនាំពាក្យរូបនេះបានអះអាងថា ៖ «ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករក៏នឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ ជាធម្មតាឡើងវិញ» ។

ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួលចំនួន ១០ ចំណុច ក្នុងនោះរួមមាន ការបញ្ឈប់ការប្រើប្រាស់ពាក្យមិនសមរម្យ និងជេរប្រមាថលើកម្មករ ការអនុញ្ញាតឱ្យកម្មករដែលមានជំងឺដែលមានវេជ្ជបញ្ជាអាចឈប់សម្រាក អនុវត្តការឈប់សម្រាកប្រចាំឆ្នាំដែលធ្វើឡើងទៅតាមវេនដើម្បីធានាខ្សែច្រវាក់ផលិតកម្ម និងការមិនគុំគួននឹងគ្នាជាដើម។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែល ។ 

គួរបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និងមន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករនិយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ ។  

ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត ៕ អត្ថបទសហការ