ទីក្រុងប៉េកាំង៖ ថ្មីៗនេះ ប្រទេសចិនក្នុងនាមជាមហាអំណាចលេខ១ខាងមាននាវាចម្បាំងច្រើនជាងគេនៅលើពិភពលោកបានដាក់ពង្រាយនាវាពិឃាតទម្ងន់១ម៉ឺនតោនចំនួន៤គ្រឿងដើម្បីចូលរួមហ្វឹកហ្វឺនយោធា។ ចំណាត់ការនេះត្រូវគេមើលឃើញថាជាផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញសាច់ដុំជាមហាអំណាចដែនសមុទ្រ។ តាមរយៈរូបវីឌីអូដែលផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ក្រសួងការពារជាតិចិនប្រកាសថានាវាពិឃាតទាំង៤បានចាកចេញពីមូលដ្ឋានកងទ័ពជើងទឹកសំដៅទៅរកសមុទ្រលឿង (Yellow Sea) ដើម្បីបំពេញបេសកកម្មហ្វឹកហ្វឺនលើក.ដំបូងសម្រាប់ឆ្នាំថ្មី។

សព្វថ្ងៃនេះ ប្រទេសចិនមាននាវាចម្បាំងសរុប៣៧០គ្រឿង។ ការធ្វើទំនើបកម្មខាងកងទ័ពជើងទឹករបស់ប្រទេសនេះជាផ្នែកសំខាន់មួយនៃផែនការដ៏ធំរបស់លោកស៊ីជីនពីងដើម្បីកសាងកម្លាំងយោធាឱ្យឈានដល់លំដាប់ពិភពលោក ហើយអាចនឹងឈានទៅទម្លាក់អាមេរិកពីប្រទេសមានឥទ្ធិពលដាច់គេនៅលើពិភពលោក។ នេះបើយោងតាមការវាយតម្លៃថ្មីបំផុតរបស់មន្ទីរបញ្ចកោណទៅលើកម្លាំងយោធារបស់ប្រទេសចិន។

នៅក្នុងចំណោមកងនាវាចម្បាំងរបស់ចិនដែលមានទាំងនាវាដឹកយន្តហោះបីគ្រឿងផងដែរនោះ គេសង្កេតឃើញថានាវាពិឃាតប្រភេទ០៥៥ជាក្រុមអ្នកប្រយុទ្ធដ៏លេចធ្លោ អាចបំពាក់មីស៊ីលគ្រប់ប្រភេទចំនួន១១២គ្រាប់។ ក្នុងនោះក៏អាចបំពាក់មីស៊ីលបាញ់ពន្លិចនាវារបស់បច្ចាមិត្តដែលបើកលឿនជាងសំឡេងផងដែរ (hypersonic)។

នៅក្នុងស្ថានភាពប្រឈមនឹងការកសាងកម្លាំងទ័ពជើងទឹកកាន់តែខ្លាំងឡើងៗរបស់ប្រទេសចិន អាមេរិកក៏មិនអាចនៅស្ងៀមបានដែរ។ ថ្មីៗនេះ អាមេរិកប្រកាសផែនការសាងសង់នាវាចម្បាំងកម្រិតត្រាំ (Trump-class) ចំនួន២៥គ្រឿង។ នៅក្នុងមួយគ្រឿងៗអាចផ្ទុកចំណុះបានជាង៣,៥ម៉ឺនតោន ហើយអាចបំពាក់មីស៊ីល១៤០គ្រាប់។

ក្រសួងការពារជាតិចិនថ្លែងថានាវាពិឃាតទាំង៤គ្រឿងកម្រិត០៥៥ដែលដាក់ឱ្យដំណើរការតាំងពីខែមករា ឆ្នាំ២០២០ និងខែមេសា ឆ្នាំ២០២២នោះបានចេញបេសកកម្មហ្វឹកហ្វឺនជាច្រើនដងមកហើយ។ ក្នុងនោះ មានបេសកកម្មវាយប្រហារនាវា និងបេសកកម្មវាយប្រហារចេញពីដែនសមុទ្រឡើងទៅលើគោក។ វីឌីអូដែលផ្សព្វផ្សាយដោយក្រសួងការពារជាតិចិនបង្ហាញថានាវាទាំងនោះបាញ់អាវុធដែលបំពាក់នៅលើនាវា។ នេះបើតាមការផ្សាយរបស់ញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ