ខេត្តសៀមរាប ៖ គម្រោងជួសជុល និងអភិរក្សសាលាឆាន់បុរាណនៅវត្តរាជបូណ៌ ដែលទទួលបានថវិកា និងបច្ចេកទេសទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា ។
ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញ នៃអាជ្ញាធរជាតិអប្សរា គឺបានជួសជុលសាលាឆាន់បុរាណ ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ ធ្លាក់បាក់ឱ្យល្អឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារដូចដើមទាំងស្រុង ដើម្បីរក្សាបាននូវគុណតម្លៃផ្នែកប្រវត្តិសាស្ត្រ ។
គោលបំណង នៃការជួសជុល និងអភិរក្សសាលាឆាន់នេះ គឺដើម្បីថែរក្សាមត៌កវប្បធម៌ខ្មែរ លើវិស័យព្រះពុទ្ធសាសនា ដ៏រស់រវើកឱ្យនៅឋិតថេរបន្តទៅមុខទៀត នឹងដើម្បីបម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ ការសិក្សារៀនសូត្រផង និងដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ ដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះផង ។
សូមបញ្ជាក់ថា ដំណាក់កាលទី១ គឺជួសជុលផ្នែកដំបូល មានដូចជា គ្រឿងបង្គំដំបូល ហោជាង ក្បឿងស្រការលិញ ក្បាច់រងស្បូវ ព្រំដំបូល បៃរកា នាគចែង នាគដងក្ដារ ព្រំខ្នងដំបូល និងជហ្វាជាដើម។ ដំណាក់កាលទី២ ផ្តោតលើការជួសជុលផ្នែកតួអគារ រួមមាន ជួសជុលជញ្ជាំង កាំជណ្តើរ ក្បាច់តាមខឿនជើងជញ្ជាំង និងសម្អាតការ៉ូបាត សសរ ពិដាន ។
គួរជម្រាបដែរថា សាលាឆាន់បុរាណស្ថិតនៅក្នុងវត្តរាជបូណ៌ ជាវត្តដ៏ចំណាស់មួយ ក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ អារាមនេះ មានព្រះវិហារមួយ ដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើង ក្នុងរាជ្យព្រះបាទនរោត្តម ។
នៅលើជញ្ជាំងព្រះវិហារ ផ្នែកខាងក្នុង មានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺ គំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញ នៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤ ដោយជាងឈ្មោះ ប៉ិល និងក្មួយរបស់គាត់ឈ្មោះ ឌិត ។ ជាងគំនូរទាំង២ គឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំ ទើបគំនូរ មានទម្រង់កាយវិការបែបដូចស្បែកធំ ។ ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀន យ៉ាងរស់រវើកនៅលើទ្វារ និងបង្អួច ។ ព្រះវិហារចំណាស់នេះធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ ៕










ចែករំលែកព័តមាននេះ