ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! បន្ត​រក​ឃើញ​ក្រុម​ហាលអាវ​ពី World Cup 2022 បន្ទាប់​ពី​ម្ចាស់ផ្ទះ​កា​តា

1 ឆ្នាំ មុន

កា​តា ៖ ក្រុម​ជម្រើសជាតិ​កា​ណា​ដា បាន​ក្លាយជា​ក្រុម​ទី​២ បន្ទាប់​ពី​ម្ចាស់ផ្ទះ​កា​តា ដែល​ហាលអាវ​ពី​

កា​តា ៖ ក្រុម​ជម្រើសជាតិ​កា​ណា​ដា បាន​ក្លាយជា​ក្រុម​ទី​២ បន្ទាប់​ពី​ម្ចាស់ផ្ទះ​កា​តា ដែល​ហាលអាវ​ពី​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​ត្រឹម​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ជុំ​ទី​២ ដោយ​គ្មាន​ពិន្ទុ​រាប់ បើ​ទោះបីជា​ពួក​គេ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​ខ្លួនឯង​នៅ​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​នេះ យ៉ាងណា​ក៏​ដោយ​។ គួររំលឹកថា អា​ហ្ស​ង់​ទី​ន​បន្ត​សង្ឃឹម​នៅ World Cup ខណៈ​បារាំង​ក្រុម​ដំបូង​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ

កា​ណា​ដា រង​បរាជ័យ​យ៉ាង​ចាស់ដៃ​ក្រោម​ថ្វី​ជើង​ក្រុម​អណ្តាតភ្លើង​ក្រូ​អាត ដោយ​លទ្ធផល ៤-១ នៅ​ឯ​កីឡដ្ឋាន Khalifa International កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា កន្លង​ទៅ ដែល​ជា​ការ​ប្រកួត​ជុំ​ទី​២ ក្នុង​ពូ​ល F​។ កា​ណា​ដា​បើក​ការ​នាំមុខ​មុន​តាំងពី​នាទី​២ ដោយ​ក្លាយជា​គ្រាប់​បាល់​លឿន​បំផុត​នៅ World Cup 2022 ដែល​សម្រេច​បាន​ដោយ​ខ្សែបម្រើ​ស្លាប Alphonso Davies ហើយ​ក៏​ជា​គ្រាប់​បាល់​លើក​ដំបូង​បំផុត​របស់​ក្រុមបាល់ទាត់​បុរស​កា​ណា​ដា​ក្នុង​ប្រវត្តិសាស្ត្រ World Cup ផង​ដែរ​។

ទោះ​យ៉ាងណា អ្វី​ៗ​បាន​ចប់​សព្វគ្រប់ នៅ​ពេល​ក្រូ​អាត​បាន​វាយបក​យកឈ្នះ​រហូត​ដល់​ទៅ​៤​គ្រាប់ ដែល​សម្រេច​បាន​ដោយ​កីឡាករ Andrej Kramarić ២​គ្រាប់​ម្នាក់ឯង ហើយនឹង​កីឡាករ Marko Livaja និង Lovro Majer ម្នាក់​១​គ្រាប់​។

នៅ​ក្នុង​ពូ​ល F មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង ដោយ​ត្រូវ​រង់ចាំ​អ៊ុត​លទ្ធផល​នៅ​ការ​ប្រកួត​ជុំ​ទី​៣ ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​។ បន្ទាប់​ពី​ក្រូ​អាត​ឈរ​កំពូល​តារាង​មាន​៤​ពិន្ទុ​ស្មើគ្នា​ជាមួយ​ម៉ា​រ៉ុ​ក ដែល​បាន​យកឈ្នះ​លើ​បែ​ល​ហ្ស៊ិ​ក ដែល​មាន​៣​ពិន្ទុ នៅ​ឯ​កីឡដ្ឋាន Al Thumama ដោយ​លទ្ធផល ២-០​។

ក្រឡេក​ទៅ​កាន់ការ​ប្រកួត​នៅ​ក្នុង​ពូ​ល E ក៏​មានការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំង​ផង​ដែរ ដោយ​ត្រូវ​រង់ចាំ​អ៊ុត​លទ្ធផល​នៅ​ការ​ប្រកួត​ជុំ​ទី​៣​។ ដោយនៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ក្រុម​សាំ​ម៉ូ​រ៉ៃ​ជប៉ុន ដែល​បង្ក​ភាព​ភ្ញាក់ផ្អើល​បំផុត​នៅ World Cup 2022 កាលពី​ការ​ប្រកួត​ជុំ​ទី​១ តាម​រយៈ​ការ​យកឈ្នះ​លើ​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​នោះ បែរជា​ភ្លាត់​ចាញ់​ក្រុម​កូ​ស្តា​រី​កា ដោយ​លទ្ធផល ១-០ នៅ​ឯ​កីឡដ្ឋាន Ahmad bin Ali ទៅ​វិញ​។ ខណៈ​ដែល​ក្រុម​រហស្សនាម «​ទាហាន​មរណៈ​» មួយ​នេះ កាលពី​ការ​ប្រកួត​ជុំ​ទី​១ ត្រូវ​បាន​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​លុត​យ៉ាង​ចាស់ដៃ ដោយ​លទ្ធផល ៧-០​។

នៅ​ក្នុង​ពូ​ល​នេះ អេ​ស្ប៉ា​ញ​កំពុង​កាន់​កាន់​កំពូល​តារាង​ដោយ​មាន​៤​ពិន្ទុ បន្ទាប់​ពី​បាន​ត្រឹម​ស្មើគ្នា ១-១ ទល់​នឹង​ក្រុម​អា​ល្លឺ​ម៉​ង់​។ ជប៉ុន​ឈរ​នៅ​លេខ​២ មាន​៣​ពិន្ទុ​ស្មើគ្នា​ជាមួយ​កូ​ស្តា​រី​កា ដែល​ឈរ​នៅ​លេខ​៣ ចំណែក​ឯជើង​ខ្លាំង​អា​ល្លឺ​ម៉​ង់ ក្នុង​នាម​ជា​ក្រុម​ឈ្នះ​ជើងឯក World Cup ច្រើន​លំដាប់​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ ពោល​គឺ​ចំនួន​៤​សម័យកាល បន្ទាប់​ពី​ប្រេ​ស៊ី​ល ដែល​ឈ្នះ​ច្រើន​ជាងគេ​បំផុត​៥​សម័យ​កាលនោះ បែរជា​ឈរ​នៅ​បាត​តារាង​ដោយ​មាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​។

ជប៉ុន ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ជួប​ការ​លំបាក ដើម្បី​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត ដោយសារ​ប្រកួត​បន្ទាប់​ពួក​គេ​ត្រូវ​ប៉ះ​អេ​ស្ប៉ា​ញ ខណៈ​អា​ល្លឺ​ម៉​ង់​ដែល​នៅ​បាត​តារាង ហាក់​មាន​ទឹកមាត់​លេប​ច្រើន​ជាង​បន្តិច ដោយសារ​ពួក​គេ​ត្រូវ​ប៉ះ​កូ​ស្តា​រី​កា នៅ​ការ​ប្រកួត​ចុង​ក្រោយ ដើម្បី​កាត់សេចក្តី​រក​២​ក្រុម​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

គិត​រហូត​មក​ទល់​នេះ មាន​តែ​ក្រុម​មាន់គក​បារាំង​ប៉ុណ្ណោះ ដែល​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យប្រវត្តិ ត្រឹម​ការ​ប្រកួត​ជុំ​ទី​២ បន្ទាប់​ពី​បាន​យកឈ្នះ​ទាំង​២​ប្រកួត មាន​៦​ពិន្ទុ​ពេញ​ឈរ​កំពូល​តារាង​ពូ​ល D តាម​ពីក្រោយ​ដោយ​ក្រុម​ត្រូវ​ប្រកួតប្រជែង​សម្រាប់​ការ​ប្រកួត​ជុំ​ទី​៣ រួម​មាន អូស្ត្រាលី​មាន​៣​ពិន្ទុ និង​ដា​ណឺ​ម៉ាក និង​ទុ​យ​នេ​ស៊ី ដែល​មាន​១​ពិន្ទុ​ដូច​គ្នា​។

ដោយឡែក ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​វិញ រួម​មាន
-​ពូ​ល G ៖ កា​មេ​រូ​ន ត្រូវ​ប៉ះ ស៊ែ​ប វេលា​ម៉ោង ០៥:០០​នាទី​ល្ងាច (​ម៉ោង​នៅ​កម្ពុជា​)
-​ពូ​ល H ៖ កូរ៉េ​ខាងត្បូង ត្រូវ​ប៉ះ ហ្គា​ណា វេលា​ម៉ោង ០៨:០០​នាទី​យប់
-​ពូ​ល G ៖ ប្រេ​ស៊ី​ល ត្រូវ​ប៉ះ ស្វី​ស វេលា​ម៉ោង ១១:០០​នាទី​យប់
-​ពូ​ល H ៖ ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​ប៉ះ អ៊ុយ​រ៉ូ​ហ្គា​យ វេលា​ម៉ោង ០២:០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ