ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក យ៉ង សាំងកុមារ សុំចុះចូល​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោក យ៉ង សាំងកុមារ បានសរសេរលិខិតមួយច្បាប់ ជូន​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា ស្នើសុំ​ចូលរួម​ជីវភាពនយោបាយ​ជាមួយគណបក្ស​ប្រជាជនកម្ពុជា​។…

ភ្នំពេញ៖ លោក យ៉ង សាំងកុមារ បានសរសេរលិខិតមួយច្បាប់ ជូន​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា ស្នើសុំ​ចូលរួម​ជីវភាពនយោបាយ​ជាមួយគណបក្ស​ប្រជាជនកម្ពុជា​។ លោក យ៉ង់ សាំងកុមារ ជាអតីត​ប្រធានអង្គការកសិកម្ម សេដាក និងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោក យ៉េង វីរៈ​ ជាប្រធាន​។

លិខិតរបស់លោក យ៉ង សាំងកុមារ ដែលគេ​ផ្សព្វផ្សាយនៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកានេះ បង្ហាញថា «ដោយឃើញនូវ​គោលនយោបាយ​របស់សម្តេចតេជោ លើវិស័យកសិកម្ម ដែលសម្តេច ទើបបានប្រកាសថ្មីៗ ក្នុងនោះ មានគោលនយោបាយលើកកម្ពស់ជីវភាព​កសិករ ប្រកបដោយ​វិធានការ​ជាក់ស្តែង ដូចជាគោលនយោបាយ​ផលិត​ពូជសម្រាប់​លក់ចែកជូន​ប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យ គោលនយោបាយ​កាត់បន្ថយ​ថ្លៃដើមផលិត គោលនយោបាយ​បង្កើន​ទុន​ដល់​ធនាគារអភិវឌ្ឍកសិកម្ម និង​ជនបទ និងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផល ខ្ញុំបាទមានទំនុកចិត្ត​ថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ នឹងអាចនាំ​មកនូវផ្លែផ្កា​ និងប្រយោជន៍យ៉ាងពិតប្រាកដដល់​ប្រជាពលរដ្ឋទាំងមូល​។ គោលនយោបាយទាំងនេះ គឺដូចគ្នាទៅនឹង​ចំណេះដឹង​ និងជំនាញ ឆន្ទៈ និងបទពិសោធន៍​ការងារ​លើវិស័យកសិកម្មរបស់ខ្ញុំ​ កន្លងមក​»។​

លោក យ៉ង សាំងកុមារ ដែលបានដឹកនាំអង្គការកសិកម្ម សេដាក អស់ជាច្រើន​ឆ្នាំ បានបន្ថែមថា «នូវក្នុងន័យ​នេះ ខ្ញុំបានសូមចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ដើម្បីចូលរួម​អនុវត្ត​ន៍គោលនយោបាយទាំងនេះ ឱ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណង​លើកស្ទួយជីវភាព​កសិករ សន្តិសុខ​ស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ។ ខ្ញុំ​បានស្នើសុំ​ចាប់ផ្តើម​ជីវភាព​ជាមួយគណបក្ស​ប្រជាជនកម្ពុជា នៅថ្ងៃប្រវត្តិសាស្ត្រ​ ២ធ្នូ ឆ្នាំ២០២២ តទៅ»។

កើតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៦៦ លោកបណ្ឌិត យ៉ង សាំងកុមារ មានស្រុកកំណើតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់លោក ជាគ្រូបង្រៀន ម្តាយលោកជាកសិករ។ លោកចេះភាសាអង់គ្លេស អាល្លឺម៉ង់ និងបារាំង​។

ទាក់ទងការសិក្សា លោក យ៉ង សាំងកុមារ បានរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យ ឡែបស៊ិក នៃប្រទេស​អាល្លឺមង់ នៅឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះ អស់រយៈពេលជិត ១១ឆ្នាំ (១៩៨៤-១៩៩៥)។

ចំពោះ​ប្រវត្តិការងារសំខាន់ៗរបស់លោក យ៉ង សាំងកុមារ គឺលោកជា​សាស្ត្រាចារ្យនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ពីឆ្នាំ​១៩៩៥-២០០៣។ នៅឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៧ លោកបាន​បម្រើការងារ នៅអង្គការក្រៅរដ្ឋាភិបាលជប៉ុន (JVC) និងបារាំង (GRET)។

លោក យ៉ង សាំងកុមារ ជាស្ថាបនិក និងនាយក/ប្រធានអង្គការសេដាក​ (CEDAC) ពីឆ្នាំ១៩៩៧-២០១៥។ លោកជា​អភិបាលនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា ពីឆ្នាំ​២០១០-២០១៦។ លោកក៏ជា​ស្ថាបនិកម៉ាស៊ីនកិនស្រូវសរីរាង្គកសិករ សេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ ក្រុមហ៊ុននាំចេញកសិផលសរីរាង្គ

នៅឆ្នាំ២០១៥ លោក យ៉ង សាំង​កុមារ បានលាឈប់​ពីប្រធានអង្គការកសិកម្ម សេដាក ហើយ​ទៅចូលរួម​បង្កើត​គណណបក្ស​​​ប្រជាធិបតេយ្យមូលដ្ឋាន (គបម) ជាមួយ​លោក យ៉េង វីរៈ រួមទាំង​អតីតប្រធានអង្គការ​ក្រៅរដ្ឋាភិបាលជាច្រើនទៀត​​។


លោក យ៉ង សាំងកុមារ បានរៀបអាពាហ៍ពិពាហ៍ នៅឆ្នាំ២០០៦ ហើយមានកូន ៣នាក់ (ស្រី២នាក់ និងប្រុស ១នាក់)។ លោក យ៉ង សាំងកុមារ ជាមិត្តភក្តិជិតស្និទ្ធ​នឹងលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៦​។

សូមបញ្ជាក់ថា ក្រៅពី​លោក យ៉ង សាំងកុមារ ក៏មានអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន គឺលោក ឡឹក សុធារ បានសរសេរលិខិត ស្នើ​សុំ​​ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា និងស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាស ចូលរួម​អភិវឌ្ឍវិស័យកសិកម្ម​នៅកម្ពុជាផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ