ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ផ្ទះសម្បែងចំនួន៦លានខ្នងនៅតែគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីមានការវា.យប្រហារដោយមីស៊ីលលើអ៊ុយក្រែននៅសប្តាហ៍នេះ ។

លោក Volodymyr Zelenskyy បាននិយាយនៅយប់ថ្ងៃសុក្រដូច្នេះថា «គិតត្រឹមល្ងាចនេះ ការគ្មានអគ្គិសនីនៅបន្តកើតឡើងនៅក្នុងតំបន់ភាគច្រើន និងក្នុងទីក្រុង Kyiv”»។

លោកបន្ថែមថា ចំនួនផ្ទះរងផលប៉ះពាល់បានកាត់បន្ថយពាក់កណ្តាលចាប់តាំងពីថ្ងៃពុធមក ប៉ុន្តែផ្ទះរាប់លានខ្នងទៀតនៅតែគ្មានអគ្គិសនី ទឹក និងកម្តៅ ខណៈដែលរដូវរងារចូលមកដល់។

នៅក្នុងវីដេអូ លោកបាននិយាយថា រដ្ឋធានី និងតំបន់នៅជុំវិញរដ្ឋធានីស្ថិតក្នុងចំណោមតំបន់រងផលប៉ះពាល់ដ៏អាក្រក់បំផុតពីការវា.យប្រហារ។ ប្រជាជនជាច្រើននៅក្នុងទីក្រុងគ្មានអគ្គិសនីប្រើប្រាស់អស់រយៈពេល ២០ ទៅ ៣០ម៉ោង។

អតីតតារាកំប្លែងរូបនេះ បានអំពាវនាវឱ្យមនុស្សគ្រប់គ្នាប្រើប្រាស់ឧបករណ៍ដែលស៊ីអគ្គិសនីតិចៗ និងកុំបើកឧបករណ៍ច្រើនក្នុងពេលតែមួយ។ «យើងត្រូវតស៊ូនឹងរដូវរងារនេះ។ វាជារដូវរងារដែលអ្នករាល់គ្នានឹងចងចាំ»៕ (យោងតាមប្រភព៖ BBC)

ចែករំលែកព័តមាននេះ