ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានប្រាប់កោះសន្តិភាពថា មានករណីក្មេងប្រុស២នាក់លង់ទឹកស្រះស្លា.ប់ចន្លោះម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៥ វិច្ឆិកា ស្ថិតនៅ ចំណុចទឹកស្រះមួយកន្លែងខាងត្បូងភូមិចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ។

លោកបញ្ជាក់ថា ក្មេងរងគ្រោះទី១-ឈ្មោះយ៉ម កូមា ភេទប្រុស ទី២-ឈ្មោះ ឆាយ ណារុន ភេទប្រុស ក្មេងទាំងពីរនាក់ ជាសិស្ស រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ លោកបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុ
(នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា ) គឺមានពិធីបុណ្យស.ពរបស់លោកតាម្នាក់នៅក្នុងភូមិប៉ាក់ប៉ាន់ ហើយក្មេងៗទាំងនោះបានដើរលេងមានគ្នា៣នាក់ ទី១-ឈ្មោះ យ៉ម កូមា, ទី២-ឈ្មោះ ឆាយ ណារុន (ក្មេងរងគ្រោះទាំងពីរនាក់ស្លា.ប់) និងទី៣-ឈ្មោះ ពើយ មន្នីរុត ភេទប្រុស អាយុ៦ឆ្នាំ ដោយចាស់ៗមិនបានចាប់អារម្មណមើលកូនចៅ
ទេ ។

លុះក្រោយមក ក្មេងឈ្មោះ ពើយ មន្នីរុត រត់មកប្រាប់នៅកន្លែងបុណ្យស.ពថា ឈ្មោះ យ៉ម កូមា ឈ្មោះ ឆាយ ណារុន លង់ទឹកស្រះ ក៏ផ្អើលឈុលតែម្តង ។ អ្នកភូមិក៏បានរត់ទៅជួយ តែក្មេងទាំងពីរលិចក្នុងទឹកស្រះបាត់ទៅហើយ ខណៈនោះ មានបងម្នាក់គាត់ចុះជ្រមុចរាវរកក្នុងទឹកស្រះ ក៏ប្រទះឃើញក្មេងរងគ្រោះទាំងពីរនាក់នៅក្បែរគ្នាហើយចាប់លើកមកដាក់លើគោក តែក្មេងទាំង២នាក់បានស្លា.ប់បាត់ទៅហើយ។

បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលជំនាញបានប្រគល់សពក្មេងប្រុសទាំងពីរនាក់ បងប្អូន ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ