ខេត្តកំពង់ឆ្នាំង ៖ លោក ម៉ក់ ថា ជាបុរសពោះម៉ាយ និងជាកសិករមួយរូប រស់នៅក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ដែលបានប្រកបមុខរបរដាំដំណាំ និងចិញ្ចឹមសត្វ ដើម្បីជីវភាព និងចិញ្ចឹមកូនស្រី២នាក់ឱ្យបានរៀនសូត្រ ដោយក្នុងនោះម្នាក់ជាកូនស្រីច្បង បានរៀនដល់សាកលវិទ្យាល័យ ឆ្នាំទី៣ គួរកោតសរសើរ។
![Picture]()
ក្នុងវ័យ៦១ឆ្នាំ បុរសពោះម៉ាយរូបនោះ បានរៀបរាប់ថា គាត់បានបាក់បែកលែងលះជាមួយប្រពន្ធអស់រយៈកាលជាច្រើនឆ្នាំណាស់មកហើយ ប៉ុន្តែគាត់មិនយកប្រពន្ធថ្មីនោះទេ ខ្លាចគេចិត្តមិនបាន ជាមួយកូន ម្ល៉ោះហើយសុខចិត្តតស៊ូចិញ្ចឹមកូនស្រី២នាក់ ដោយប្រកបមុខរបរដាំដំណាំ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងឱ្យកូនៗរៀនសូត្រ រហូតដល់បច្ចុប្បន្នកូនស្រីច្បងបានរៀនដល់សាកលវិទ្យាល័យឆ្នាំទី៣ហើយ។
![Picture]()
បុរសពោះម៉ាយរូបនោះបានបន្តថា បច្ចុប្បន្ន គាត់បានចិញ្ចឹមមេមាន់ប្រមាណជាង៣០ក្បាល សម្រាប់យកពងភ្ញាស់យកកូនលក់ ដែលកំពុងដំណើរការជាអចិន្ត្រៃយ៍ ហើយសម្រាប់កូនមាន់ដែលមានអាយុ១៥ថ្ងៃ ក្នុង១ក្បាលគាត់លក់៥ពាន់រៀល អាយុ២០ថ្ងៃគាត់លក់៦ពាន់រៀល និងអាយុ១ខែគាត់លក់តម្លៃ៨ពាន់រៀល ស្មើនឹង២ដុល្លារ សម្រាប់កូនមាន់ណាលក់មិនអស់នៅសល់ គាត់ត្រូវបំប៉នចំណីចិញ្ចឹមយកសាច់លក់បន្តទៀត។ ហើយក្នុងមួយខែ គាត់អាចរកចំណូលបានចាប់ពី៦០ម៉ឺនទៅ១លានរៀល ឬច្រើនជាងនេះតាមកូនមាន់ញាស់តិច ឬច្រើន។ចំពោះកូនមាន់ដែលគាត់បំប៉នយកសាច់លក់ ពេលល្មមចាប់លក់នោះ ក្នុង១ក្បាលគាត់លក់ចាប់ពី១ម៉ឺន៥ពាន់ទៅ២ម៉ឺនរៀល តាមតូចតាមធំ។
![Picture]()
បុរសពោះម៉ាយរូបនេះបន្តថា ក្រៅពីចិញ្ចឹមសត្វមាន់ លោកនៅមានចិញ្ចឹមត្រីមួយកូនស្រះផងដែរ។ ដោយឡែក ជារៀងរាល់រដូវប្រាំង លោកក៏ជាអ្នកដាំបន្លែគ្រប់មុខដែលអាចរកចំណូលបានមួយក្នុងថ្ងៃចាប់ពី៦ម៉ឺនរៀលទៅ៨ម៉ឺនរៀលដែរ ប៉ុន្តែដោយសារស្ថានភាពខែវស្សា ទឹកលិច ទើបលោកផ្អាកដាំមួយរយៈ ហើយនឹងចាប់ផ្ដើមដាំនៅរដូវរំហើយនេះទៀត។ ក្នុងជីវភាពជាបុរសពោះម៉ាយ ដែលលោកបានប្រឹងប្រែង ព្យាយាម គឺបានចិញ្ចឹមកូនស្រី២នាក់ ប្រកបដោយកន្លងធម៌ ស្តាប់ដំបូលមានឪពុក ខិតខំរៀនសូត្រ រហូតកូនស្រីច្បងបានរៀនដល់សាកលវិទ្យាល័យឆ្នាំទី៣ និងកូនស្រីប្អូនកំពុងរៀននៅវិទ្យាល័យ ស្រុកកំពង់លែង។
![Picture]()
យ៉ាងនេះក្តី លោក ម៉ក់ ថា បានបន្ថែមប្រយោគបែបមោទនៈភាពថា បច្ចុប្បន្ន លោកបានធូរស្រាលខ្លះហើយ ដោយសារតែកូនស្រីច្បងដែលកំពុងរៀននៅសាកលវិទ្យាល័យក្រុងភ្នំពេញនោះ នាងរៀនផង និងធ្វើការផង បានប្រាក់ខែជាង៣០០ដុល្លារ។ ពេលខ្លះកូនស្រីក៏បានផ្ញើលុយត្រឡប់មកឱ្យគាត់ចាយវា.យតាមតម្រូវការវិញម្តងៗដែរ មិនត្រឹមតែប៉ុណ្ណឺង កូនស្រីនៅអួតប្រាប់គាត់ថា ពេលនេះ ថៅកែដែលនាងកំពុងធ្វើការជាមួយពេញចិត្តនាងខ្លាំងណាស់ ហើយសន្យាថា ពេលនាងរៀនចប់ និងឱ្យប្រាក់ខែបន្ថែមទៀត បើនាងព្រមនៅធ្វើការជាមួយបន្ត៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ