ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា ល្បុក្កតោ ចាប់ផ្តើម​មាន​ទីផ្សារ​​ហើយ​តើ​!

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មិន​ចាញ់​តារា​សម្ដែង តារាចម្រៀង​ប៉ុន្មាន នៅ​ក្នុង​ពេល​នេះ ភោជនីយដ្ឋាន​មួយ​បាន​ប្រកាស​ថា នឹង​ទទួលយក​កីឡាករ​កីឡាការិនី​ច្រើន​នាក់​ឱ្យ​ចេញ​សម្ដែង​ជា​ប្រចាំ​ក្នុង​

ខេត្តសៀមរាប ៖ មិន​ចាញ់​តារា​សម្ដែង តារាចម្រៀង​ប៉ុន្មាន នៅ​ក្នុង​ពេល​នេះ ភោជនីយដ្ឋាន​មួយ​បាន​ប្រកាស​ថា នឹង​ទទួលយក​កីឡាករ​កីឡាការិនី​ច្រើន​នាក់​ឱ្យ​ចេញ​សម្ដែង​ជា​ប្រចាំ​ក្នុង​ភោជនីយ​ដ្ឋាន​របស់​ខ្លួន ដោយ​បាន​ទាំង​ប្រកាស​បោះទុន​រាល់​ស​ប្ដា​ហ៍​ជួល​គណៈកម្មការ​នៅ​ក្នុង​សហព័ន្ធ​ល្បុក្កតោ​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស​ប្ដា​ហ៍ ប្រចាំខែ ប្រចាំត្រីមាស និង​ប្រចាំឆ្នាំ ដើម្បី​ឱ្យ​កីឡាករ​-​កីឡាការិនី​ល្បុក្កតោ​ម្នាក់​ៗ​មាន​ទីផ្សារ និង​ប្រាក់​ចំណូល​ផង​ដែរ ។

អ្នក​នាង ពេជ្រ ខេន​ឌី ដែល​ត្រូវ​គេ​ស្គាល់​ជា​អតីត​តារា​សម្ដែង​បាន​អះអាង​ថា អ្នក​នាង​បាន​ចំណាយ​ទុន​ប្រមាណ​ជា​៣០​ម៉ឺន​ដុល្លារ​សាងសង់​ភោជនីយដ្ឋាន​ធំ​មួយ​ដោយ​ដាក់​ឈ្មោះ​«​គុន​ល្បុក្កតោ​ក្លិប» ដោយ​ភោជនីយដ្ឋាន​នោះ គឺ​អ្នក​នាង​ធ្វើ​ឡើង​ដើម្បី​បើក​ជាទី​លាន​ឱ្យ​កីឡាករ កីឡាការិនី​នៅ​ក្នុង​វិស័យ​នេះ​មាន​ទីផ្សារ និង​មាន​ប្រាក់​ចំណូល​តែ​ម្ដង ដើម្បី​កុំឱ្យ​ពួក​គេ​បាក់ទឹកចិត្ត​ហើយ​គិត​ថា ទាល់តែ​ក្នុង​កម្មវិធី​បុណ្យ​ធំ​ៗ ទើប​មានឱកាស​បាន​សម្ដែង និង​រក​លុយ ។ អ្នក​នាង​ថា ខ្លួន​ជា​ចៅ​របស់​លោកតា សាន គឹ​ម​ស៊ា​ន ដែល​ជា​ព្រឹទ្ធាចារ្យ​ក្បាច់គុន​ល្បុក្កតោ ទើប​សម្រេច​ជួយ​លោក​ដើម្បី​ឱ្យ​មាន​យុវវ័យ​ច្រើន​ឡើង​ដែល​ស្រឡាញ់​ក្បាច់គុន​ងាក​មក​ហ្វឹកហាត់​ល្បុក្កតោ ហើយ​ក៏​មិន​ខុស​ពី​ឆ្លៀត​រក​លុយ​ផង ។

អ្នក​នាង​បាន​សម្រេច​ចុះ​កិច្ចសន្យា​ជាមួយកីឡាករ​-​កីឡាការិនី​ច្រើន​នាក់​ឱ្យ​សម្ដែង​ជា​ប្រចាំ​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​ខ្លួន ដោយ​ក្នុង​ចំណោម​អ្នក​សម្ដែង​ក៏​មាន​អ្នក​ប្រកួត​មែនទែន​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​កីឡាករ​ម្នាក់​ៗ​ខិតខំ​ប្រឹងប្រែង​ផង​ដែរ ។ មក​ទល់​ពេល​នេះ អ្នក​នាង​ប្រមូល​បាន​អ្នកមាន​ជំនាញ និង​អ្នក​ចូល​ចិត្ត​ល្បុក្កតោ​បាន​ប្រមាណ​ពី​២០​ទៅ​៣០​នាក់​ហើយ ដើម្បី​ឱ្យ​ពួក​គេ​សម្ដែង​ជា​ប្រចាំ​​ក្នុង​ពេល​ដែល​អ្នក​នាង​ក៏​ប្រកាស​ទទួល​សិស្ស​ដែល​ចង់​ហ្វឹកហាត់ ហើយ​គ្មាន​លុយ​ឱ្យ​ចូល​ហ្វឹកហាត់ ដើម្បី​រក​លុយ​សម្រាប់​រៀន​ផង ។ អ្នក​នាង​ថា ការ​សម្ដែង​ប្រចាំ​ភោជនីយដ្ឋាន​ធ្វើ​ឡើង​រៀងរាល់ថ្ងៃ​សុក្រ និង​សៅរ៍ សម្រាប់​ដំណាក់កាល​ដំបូង ហើយ​ក្នុង​ពេល​បន្តបន្ទាប់​នឹង​បន្ថែម​ថ្ងៃ​សម្ដែង​ទៀត​នៅ​ពេល​រកបាន​ធនធាន​កីឡាករ​-​កីឡាការិនី​គ្រប់គ្រាន់​ដើម្បី​ឱ្យ​ពួក​គេ​សម្ដែង ។ ម្យ៉ាង​មក​ពី​ភោជនីយដ្ឋាន​របស់​អ្នក​នាង​ស្ថិត​នៅ​តំបន់​ទេសចរណ៍​ខេត្តសៀមរាប​នោះ​ផង ទើប​អ្នក​នាង​ប្រកាស​ថា បើ​ទោះជា​មាន​កីឡាករ​-​កីឡាការិនី​ច្រើន​នាក់​នា​ពេល​នេះ ក៏​មិន​ទាន់​អាច​សម្ដែង​បាន​គ្រប់គ្រាន់ ដោយសារ​តែ​ការ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ គឺ​ត្រូវការ​សមាសភាព​ច្រើន ។ អ្នក​នាងទទូច​ឱ្យ​ជីតា​ទទួល​បង្វឹក​សិស្ស​ថ្មី​ៗ​ឱ្យ​បាន​ច្រើន ដើម្បី​ជា​ការ​អ​ភ​រិ​ក្ស​ផង និង​ដើម្បី​ឱ្យ​ពួក​គេ​ដែល​ភាគច្រើន​ជា​យុវវ័យ​មានឱកាស​រក​ចំណូល​ផង ។

អ្នក​នាង​រំពឹង​ថា ភ្ញៀវ​ដែល​ចូល​ភោជនីយដ្ឋាន​នាង​នឹង​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​សម្ដែង និង​អ្នក​ប្រកួត​សម្រាប់​ក្បាច់គុន​ល្បុក្កតោ ដោយ​អ្នក​នាង​បាន​ចាត់​ទុក​ថា នេះ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នកជំនាញ​ក្បាច់គុន​មួយ​នេះ​មាន​ចំណូល​នោះ​ផង ។ អ្នក​នាង​បញ្ជាក់​ថា ហេតុផល​ដែល​ភោជនីយដ្ឋាន​របស់​អ្នក​នាង​ជ្រើស​យក​យុទ្ធសាស្ត្រ​សម្ដែង​ក្បាច់​គុន​ល្បុក្កតោ​ជា​ជាង​ការ​សម្ដែង​ច្រៀង​រាំ គឺ​ដោយសារ​តែ​អ្នក​នាង​ចង់​ឃើញ​អ្នក​ហាត់​ក្បាច់គុន​មួយ​នេះ មាន​ប្រាក់​ចំណូល​ជា​ប្រចាំ​តែ​ម្ដង ទើប​អ្នក​នាង​សម្រេចចិត្ត​បោះទុន​ធ្វើ​គម្រោង​មួយ​នេះ ដោយ​គ្រាន់តែ​ការ​រត់ការ​សុំ​សិទ្ធិ​ពី​សហព័ន្ធ​ល្បុក្កតោ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ក៏​អស់យ៉ាង​សន្ធឹក ។ អ្នក​នាង​មាន​គម្រោង​ធ្វើ​ឱ្យ​កីឡាករ កីឡាការិនី​ផ្នែក​នេះ​ទទួល​បាន​ទីផ្សារ​នៅ​តាម​បណ្ដា​ហាង​ផ្សេង​ទៀត ដោយ​អ្នក​នាង​ប្រកាស​ថា មិន​បាន​កុងត្រា​កីឡាករ​-​កីឡាការិនី​ណា​ម្នាក់​ផ្ដាច់មុខ​នោះ​ទេ សំខាន់​ឱ្យ​តែ​ពួក​គេ​មាន​កម្លាំង​ទទួល គឺ​តាម​ចិត្ត ដើម្បី​ឱ្យ​ពួក​គេ​មាន​ប្រាក់​ចំណូល​ច្រើន​ឡើង ។

លោក​ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គឹ​ម​ស៊ា​ន បាន​អះអាង​ថា នេះ​ជា​លើក​ទី​១​ដែល​មាន​ភោជនីយដ្ឋាន​ទទួល​កីឡាករ​ល្បុក្កតោ​ឱ្យ​សម្ដែង និង​ប្រកួតប្រជែង​ឱ្យ​ភ្ញៀវ​ចូល​ភោជនីយដ្ឋាន​បាន​ទស្សនា​និង​បាន​ស្គាល់​ដែល​មិន​ខុស​ពី​ជួយ​ឱ្យ​កីឡាករ​របស់​លោកមា​នទី​ផ្សារ​រក​ចំណូល ។ លោក​ថា ល្បុក្កតោ​កន្លង​មក​ទាល់តែ​មានកម្ម​វិធី​បុណ្យ​ជាតិ​ធំ​ៗ​ទើបបាន​សម្ដែង​និង​មាន​ប្រាក់​ចំណូល ធ្វើ​ឱ្យ​កីឡា​ករ​ច្រើន​នាក់​លាឈប់ ឬ​បាត់បង់​សមត្ថភាព​ព្រោះតែ​មិនសូវ​ចង់​ហ្វឹកហាត់ ។

លោក​ថា វត្តមាន​ភោជនីយដ្ឋាន​«​គុន​ល្បុក្កតោ​ក្លិប​»​នឹង​ក្លាយជា​ទីផ្សារ​មួយ​ដែល​អាច​ឱ្យ​អ្នក​ឡើង​ប្រកួត​ក៏​បាន​លុយ ហើយ​អ្នក​ចូល​សម្ដែង​ក៏​បាន​លុយ មិន​ខុស​ពី​ជួយ​ឱ្យ​ពួក​គេ​មាន​កម្រិតជីវភាព​ល្អ​ប្រសើរ​ឡើង​នោះ​ទេ ។ យ៉ាងណា​ក៏​ដោយ លោក​សម្ដែង​អារម្មណ៍​ភ័យ​ខ្លាច​ផង​ដែរ​ប្រសិនបើ​ការងារ​នេះ​ទទួល​ជោគជ័យ​តិចតួច​ធ្វើ​ឱ្យ​ភ្ញៀវ​ងាក​ទៅ​ស្នើ​ឱ្យ​ហាង​ប្ដូរ​ពី​ការ​សម្ដែង​ល្បុក្កតោ​ទៅ​ជា​ច្រៀង​រាំ​ដូច​បណ្ដា​ហាង​ភាគច្រើន​វិញ ។ លោក​ថា ផែនការ​ដ៏​ល្អ​នេះ គឺ​ក្រៅពី​ជួយ​លើក​ស្ទួយ​វិស័យ​ល្បុក្កតោ​ឱ្យ​គេ​បាន​ស្គាល់​កាន់តែ​ខ្លាំង​ហើយ​ក៏​ជួយ​ឱ្យ​ក្មេង​កាន់តែ​មាន​កម្លាំងចិត្ត​ហ្វឹកហាត់ និង​ចូល​ប្រកួត​ជាង​មុន ។ ក្នុង​ពេល​ខាង​មុខ កីឡាករ​ល្បុក្កតោ​នឹង​មាន​ទីផ្សារ​កាន់តែ​ច្រើន​ប្រសិនបើ​ហាង​ច្រើន​ទៀត​ចាប់អារម្មណ៍​ឱ្យ​មានការ​សម្ដែង​បែប​នេះ​ដូច​គ្នា ។ លោក​ថា ល្បុក្កតោ​កាន់តែ​មាន​ទីផ្សារ តែ​កង្វះ​អ្នកជំនាញ​ពិតប្រាកដ​ក៏​ច្រើន​នោះ​ដែរ ដោយសារ​តែ​ពេល​កន្លង​មក​មិនសូវ​មាន​សកម្មភាព​ឱ្យ​កីឡាករ​-​កីឡាការិនី​ចង់​ហាត់​ទៀងទាត់ ៕