ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ បញ្ជាក់ជំហរជាថ្មីប្រាប់សហរដ្ឋអាមេរិកថា មិនឲ្យមានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ជំហរ​ប្រាប់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ជា​ថ្មី​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ​។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ពី​ឯកឧត្តម​តំណាងរាស្ត្រ ហ្គ្រឺ​ហ្គូ​រី មី​ក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ជំហរ​ប្រាប់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ជា​ថ្មី​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ​។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បន្ទាប់​ពី​ឯកឧត្តម​តំណាងរាស្ត្រ ហ្គ្រឺ​ហ្គូ​រី មី​ក (Gregory W. Meeks) ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​បាន​សម្តែង​ក្តី​កង្វល់​របស់​សហរដ្ឋអាមេរិក​ទាក់ទង​នឹង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​តំណាងរាស្ត្រ ហ្គ្រឺ​ហ្គូ​រី មី​ក (Gregory W. Meeks) ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ក្នុង​ជំនួប​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​សហរដ្ឋអាមេរិក​។​ក្នុង​ជំនួប​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អបអរសាទរ​ចំពោះ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ដែល​បាន​ក្លាយជា​សភា​សង្កេតការណ៍​របស់​AIPA​។

សម្តេច​តេ​ជោ បាន​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដាច់​ដោយឡែក​ពី​គ្នា​មក​កាន់​កម្ពុជា​នៅ​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​នេះ​របស់​ឯកឧត្តម​ប្រធានាធិបតី ចូ បៃ​ដិ​ន (Joe Biden) ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ឯកឧត្តម​ប្រធាន​គណៈ​ក​ម្មា​ធិ ការ​កិច្ចការបរទេស​នៃ​សភាតំណាងរាស្ត្រ ហ្គ្រឺ​ហ្គូ​រី មី​ក ដើម្បី​ចូលរួម​កិច្ចប្រជុំ AIPA និង​ឯកឧត្តម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឡ​យ អូ​ស្ទី​ន (Lloyd Austin) ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក (ADMM-Plus) ដោយ​គូសបញ្ជាក់​ថា ការ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទាំងនេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ចំពោះ​តំបន់​ក៏​ដូច​ជា ការ​ផ្តល់​តម្លៃ​ដល់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​សំខាន់​ៗ​ខាងលើ​នេះ​។

ចំណែក​ឯកឧត្តម​តំណាងរាស្ត្រ ហ្គ្រឺ​ហ្គូ​រី មី​ក បាន​វា​.​យ​តម្លៃ​ខ្ពស់ ចំពោះ​កម្ពុជា​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ទាំង​បី​ខាងលើ​ប្រកបដោយ​ជោគជ័យ ខណៈ​ដែល​តំបន់ និង​ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ហើយ​ឯកឧត្តម​ក៏​បាន​កោតសរសើរ​សម្តេច តេ​ជោ នាយក​រដ្ឋមន្ត្រី ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់​សម្តេច​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ផង​ដែរ​។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​អំពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ទៅ​កាន់​ទីក្រុង​វ៉ា​ស៊ី​ន​តោន ឌី​.​ស៊ី កាលពី​ខែឧសភា​កន្លង​ទៅ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​រៀបចំ​ឡើង​ដោយ ឯកឧត្តម​ប្រធានាធិបតី ចូ បៃ​ដិ​ន ហើយ​ដែល​ជា​ឱកាស​សម្រាប់​កម្ពុជា​ចូលរួម​ចំណែក​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ដល់​ការ​លើកកម្ពស់​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក ទៅ​ជា​«​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​និង​បាន​រំលឹក​អំពី​ជំនួប​ប្រកបដោយ​ស្ថាបនា​រវាង​រូប​សម្តេច​ផ្ទាល់ និង​ឯកឧត្តម​ប្រធានាធិបតី ចូ បៃ​ដិ​ន នា​ពេល​ថ្មី​ៗ​នេះ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្ដម​តំណាងរាស្ត្រ ហ្គ្រឺ​ហ្គូ​រី មី​ក បាន​សម្តែង​នូវ​សេចក្តី​ពេញចិត្ត​ចំពោះ​កា​រវិ​វត្ត​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក ព្រមទាំង​បាន​ពិភាក្សា និង​មាន​ទស្សនៈ​ដូច​គ្នា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត​។

ឯកឧត្ដម តំណាងរាស្ត្រ បាន​អះអាង​ជូន​សម្តេច​តេ​ជោ​ថា សហរដ្ឋអាមេរិក​ចាត់​ទុក​សម្តេច​ជា​«​មិត្ត​» ហើយនឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សម្ដេច ខណៈ​ពេល​ដែល​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន មាន​ភាពល្អ​ប្រសើរ​ជាង​ពេល​ណា​ៗ​ទាំងអស់​ចាប់តាំងពី​ការ​បង្កើត​ទំនាក់ទំនង​ការទូត កាលពី​៧២​ឆ្នាំ​មុន ហើយ​ថា​ប្រទេស​ទាំង​ពីរ​នឹង​ក្លាយជា​ដៃគូ​នា​ពេល​អនាគត​។

ក្នុង​ជំនួប​នោះ​ដែរ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជម្រាប​ឯកឧត្ដម​តំណាងរាស្ត្រ ហ្គ្រឺ​ហ្គូ​រី មី​ក អំពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​ពិសេស​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ដោយ​សេរី និង​យុត្តិធម៌​នៅ​ខែមិថុនា​កន្លង​មកនេះ និង​ការ​ត្រៀម​រៀបចំ​របស់​កម្ពុជា និង​គណបក្ស​នយោបាយ​នានា​សម្រាប់​ការ​បោះ​ឆ្នោតជាតិ​នា​ពេល​ខាង​មុខ​។

សម្តេច​តេ​ជោ បាន​អះអាង​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​ម៉ឺងម៉ាត់​របស់​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅ​លើ​ទឹកដី​កម្ពុជា ដូចដែល​ត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋធម្មនុញ្ញ និង​បាន​ធានា​អំពី​តម្លាភាព​ក្នុង​ការ​ប្រើប្រាស់​កំពង់​ផែ​នេះ​ផង​ដែរ​។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្ដម​តំណាងរាស្ត្រ ហ្គ្រឺ​ហ្គូ​រី មី​ក ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​លើ​កា​រវិ​វ​ឌ្ឍ​សំខាន់​ៗ​ក្នុង​តំបន់ និង​សកលលោក​ផង​ដែរ រួម​ទាំង​ស្ថានការណ៍​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ដែល​ក្នុង​ឱកាស​នោះ​ឯកឧត្ដម​តំណាងរាស្ត្រ​បាន​កោតសរសើរ​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​សម្រាប់​គោល​ជំហរ​របស់​កម្ពុជា​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ា​ន់​ម៉ា​។​កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​លក្ខណៈ​ត្រង់​ទៅ​ត្រង់​មក និង​ក្នុង​បរិយាកាស​មិត្តភាព និង​ស្និទ្ធស្នាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ