ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាក់សាច់​! កីឡាករ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​កាដូ​ឡាន Rolls Royce ម្នាក់​១​គ្រឿង ក្រោយ​ឈ្នះ​អា​ហ្ស​ង់​ទី​ន

1 ឆ្នាំ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​កត់សម្គាល់​នូវ​ភាព​ភ្ញាក់ផ្អើល​ដ៏​ធំ​បំផុត​

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​កត់សម្គាល់​នូវ​ភាព​ភ្ញាក់ផ្អើល​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍​បាល់ទាត់ FIFA World Cup បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ក្នុង​លទ្ធផល ២-១ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា នៅ​ប្រទេស​កា​តា​។

ជ័យជម្នះ​នេះ បាន​ជំរុញ​ឱ្យ​មាន​មោទនភាព​សម្រាប់​ប្រជាជាតិ​អា​រ៉ាប់ រហូត​ដល់​ព្រះមហាក្សត្រ Salman នៃ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រាស​បង្គាប់​ថ្ងៃ​ឈប់​សម្រាក​ថ្នាក់​ជាតិ​ចំនួន​១​ថ្ងៃ កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា កន្លង​ទៅ​ផង​ដែរ​។

បន្ថែម​ពីលើ​នេះ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ក្លាយជា​ក្រុម​អាស៊ី​ដំបូង​គេ យកឈ្នះ​អា​ហ្ស​ង់​ទី​ន​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup​។ ខណៈ​សមាជិក​ទាំងអស់​នៃ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត​ទាំងអស់ ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្វឹក Herve Renard ទទួល​បានការ​កោតសរសើរ​ពី​ព្រះរាជា​នៃ​អា​រ៉ា​ប៊ី​សា​អូឌីត សម្រាប់​ទម្រង់​លេង​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ពួក​គេ​។

ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman Al Saud (MBS) នៃ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវ​បាន​រាយការណ៍​ថា សព្វព្រះរាជហឫទ័យ​ផ្តល់​កាដូ​រថយន្ត​អភិជន Rolls Royce Phantom ស៊េរី​ឆ្នាំ ២០២២ ដែល​មាន​តម្លៃ​ជាង​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដល់​កីឡាករ​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​១​គ្រឿង ចំពោះ​ការ​ប្រឹងប្រែង​រហូត​យកឈ្នះ​អា​ហ្ស​ង់​ទី​ន​។ ខណៈ​ដំណឹង​នេះ ត្រូវ​បាន​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ជា​ច្រើន ព្រមទាំង​ផ្ទុះ​ឡើង​តាម​រយៈ​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter របស់​លោក Suhel Seth ដែល​ជា​អ្នកជំនួញ​ជនជាតិ​ឥណ្ឌា​ដ៏​ល្បី​ម្នាក់ និង​លោក Awb Alvi ដែល​ជា​សកម្មជន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ល្បីឈ្មោះ​ផង​ដែរ​។

លោក Suhel Seth បាន​បង្ហោះ​ថា ឥឡូវនេះ MBS នឹង​ផ្តល់​ឱ្យ​កីឡាករ​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត (KSA TEAM) នូវ​រថយន្ត Rolls Royce ម្នាក់​១​គ្រឿង បន្ថែម​លើ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ សម្រាប់​ការ​ឈ្នះ​អា​ហ្ស​ង់​ទី​ន​។ ចំណែក​លោក Awb Alvi ក៏​បាន​បង្ហោះ​ថា MBS បាន​ប្រកាស​ផ្តល់​កាដូ​រថយន្ត Rolls Royce Phantom ដល់​សមាជិក​ក្រុម​ម្នាក់​ៗ ដែល​បាន​យកឈ្នះ​លើ​អា​ហ្ស​ង់​ទី​ន (ARG)៕ (​ដកស្រង់​ចេញពី Davas News និង The Week)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ