រាជធានីភ្នំពេញ ៖ គិតចាប់ពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ មកដល់ឆ្នាំ២០២២នេះមានរយៈពេល៤៣ឆ្នាំហើយ ។ ការរៀបចំការងារគ្រប់គ្រងរចនា សម្ព័ន្ធរដ្ឋបាលដែនដីរបស់រាជរដ្ឋាភិបាល សម្រាប់គ្រប់គ្រងក្នុងរាជធានីភ្នំពេញ ត្រូវបានធ្វើការផ្លាស់ប្តូរអភិបាលក្រុង ភ្នំពេញចំនួន១១រូបហើយ ។

ការផ្លាស់ប្តូររចនាសម្ពន្ធ័ដឹកនាំជាអភិបាលក្រុងភ្នំពេញ តែងតែធ្វើឱ្យមានការចាប់អារម្មណ៍និងដឹងឮខ្ទរខ្ទារ ព្រោះអាណាចក្រនេះ គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ រាប់ទាំងក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក៏នៅទីនេះដែរ ហើយក៏អាចនិយាយបានថា អភិបាលរាជធានីភ្នំពេញនេះ គឺជាប៉ុស្តិ៍សំខាន់ ក្នុងចំណោមខេត្តក្រុងនានា នៅទូទាំងប្រទេស ហើយក៏ជាប៉ុស្តិ៍ប្រកួតប្រជែងគ្នាផងដែរ ។
ដោយសារកន្លែងសំខាន់ និងប្រកួតប្រជែងគ្នាបែបនេះហើយ បានជាមហាជនតែងតែចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះតែអភិបាលរាជធានីភ្នំពេញប៉ុណ្ណោះ ក្នុងនោះក៏មានចម្ងល់ដោយលើកឡើងជាសំណួរថា តើអភិបាលរាជធានីមួយណា ដែលកាន់តំណែងយូរជាងគេក្នុងចំណោម១១រូប ? និងមានការអភិវឌ្ឍន៍ច្រើនជាងគេ ? តើអភិបាលមួយណាកាន់តំណែងតិចជាងគេ ? ល្បីជាងគេ ? សំណាងជាងគេ ? លំបាកជាងគេ ? សប្បាយជាងគេ ? ស្លូតជាងគេ ?កាចជាងគេ? ស្រស់ស្អាតជាងគេ និងមានជាងគេ ?

ចំពោះសំណួរដែលសួរថា តើអភិបាលក្រុងភ្នំពេញមួយណាដែលកាន់តំណែងយូរជាងគេនោះ ប្រជាពលរដ្ឋដែលដឹង និងរស់នៅទាន់ពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ពិតជាអាចឆ្លើយបាន គឺឯកឧត្តម កែប ជុតិមា បានដឹកនាំរាជធានីភ្នំពេញមានរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៣ ហើយក៏អាចចាត់ទុកថាជាអភិបាលរាជធានីភ្នំពេញ មានសំណាងជាងគេ។ បានជាពោលដូច្នោះ ព្រោះនៅចន្លោះដែលលោកបានគ្រប់គ្រងនោះ ស្របពេលសេដ្ឋកិច្ចប្រទេសជាតិកំពុងតែកើនឡើងយ៉ាងខ្លាំង អ្នកវិនិយោគចូលមកភ្នំពេញច្រើន ជាពិសេសទៅទៀតនោះ ដីកំពុងតែឡើងថ្លៃកប់ពពក ហេីយក៏មានការអភិវឌ្ឍន៍ខ្លាំងក្លាផងដែរ ។

ចំពោះសំណួរដែលសួរថា តើអភិបាលក្រុងភ្នំពេញមួយណាដែលកាន់តំណែងតិចជាងគេ នោះមានចំនួន២រូប គឺ៖
ទី១-លោក ខាង សារិន ក្នុងចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ ។ ទី២-លោក ស៊ីម កា ចន្លោះពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៣ ។
ប៉ុន្តែចំពោះសំណួរដែលសួរថា តើអភិបាលក្រុងមួយណាដែលមានស្នាដៃជាងគេ ? ល្បីល្បាញជាងគេ ? លំបាកជាងគេ ? សប្បាយជាងគេ ? ស្លូតជាងគេ ? កាចជាងគេ ? និងស្រស់ស្អាតជាងគេ ? និងមានភាពធូរធារជាងគេនោះ គឺពិតជាមិនអាចបកស្រាយបានឡើយ ព្រោះខ្លាចអតីត អភិបាលក្រុងនានាលោកអន់ចិត្ត ។ ប៉ុន្តែបងប្អូនដែលបានចូលរួមអង្កេត និងតាមដានពិតជាបានដឹង និងទុកឲ្យបងប្អូនធ្វើការវិនិច្ឆ័យក្នុងអារម្មណ៍ទៅចុះ ។
យោងតាមឯកសារមួយសន្លឹកដែលមានភ្ជាប់ជាមួយរូបថត និងឆ្នាំដែលអភិបាលរាជធានីភ្នំពេញ បានដឹកនាំចាប់ពីឆ្នាំ១៩៧៩មកដល់ឆ្នាំ២០២២នេះ បានបង្ហោះតៗគ្នាបានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៧៩ មកទល់ឆ្នាំ២០២២នេះ អភិបាលក្រុងភ្នំពេញចំនួន១១រូបហើយ ត្រូវបានផ្លាស់ប្តូរគឺ៖
ទី១-លោក ខាង សារិន ក្នុងចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ ។
ទី២-លោក ចាន់ វ៉ែន ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ ។
ទី៣-លោក កែវ ចិន្តា ចន្លោះពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៥ ។
ទី៤- លោក ថោង ខុន ចន្លោះពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩០ ។
ទី៥-លោក ហុក ឡង់ឌី ចន្លោះពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩២ ។
ទី៦-លោក ស៊ីម កា ចន្លោះពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ។
ទី៧-លោក ឈឹម សៀកឡេង ចន្លោះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ។
ទី៨-លោក ជា សុផារ៉ា ចន្លោះពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ ។
ទី៩-លោក កែប ជុតិមា ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣ ។
ទី១០-លោក ប៉ា សុជាតិវង្ស ចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ។
ទី១១-លោក ឃួង ស្រេង បានដឹកនាំជាអភិបាលរាជធានីភ្នំពេញក្នុងពេលបច្ចុប្បន្ននេះ ៕
ចែករំលែកព័តមាននេះ