ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​កាច​! ក្រុម​មក​ពី​អាស៊ី​យក​សមរភូមិ World Cup 2022 សាង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​(វីដេអូ)

1 ឆ្នាំ មុន

កា​តា ៖ ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ជប៉ុន នៃ​សមាជិក​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី (AFC)

កា​តា ៖ ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ជប៉ុន នៃ​សមាជិក​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្លឺភ្នែក​យ៉ាង​ខ្លាំង តាម​រយៈ​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន នៅ​ព្រឹត្តិការណ៍ FIFA World Cup 2022 កា​តា បន្ទាប់​ពី​ការ​វាយបក​យកឈ្នះ​លើ​ក្រុម​ជើង​ខ្លាំង អា​ហ្ស​ង់​ទី​ន និង​អា​ល្លឺ​ម៉​ង់​។

ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ ពូ​ល C អា​ហ្ស​ង់​ទី​ន ១-២ អា​រ៉ា​ប៊ី​សា​អូឌីត នៅ​កីឡដ្ឋាន Lusail Iconic ៖

បើ​ទោះបីជា​ត្រូវ​បាន​នាំមុខ​មុន​១​គ្រាប់ ដោយ​ក្រុម​មេឃ​ខៀវ​អា​ហ្ស​ង់​ទី​ន ដែល​រកបាន​ដោយ​ប្រធាន​ក្រុម Lionel Messi តាំងពី​នាទី​១០ តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី និង​មានការ​សម្រុក និង​គ្រប់​គ្រង់​បាល់​ច្រើន​ជាង​យ៉ាងណា​ក៏​ដោយ ក៏​អា​រ៉ា​ប៊ី​សា​អូឌីត​ បង្កើត​បាន​ឱកាស​ក្នុង​ការ​វាយបក​២​គ្រាប់​យកឈ្នះ​មក​វិញ ដោយ​ខ្សែប្រយុទ្ធ Saleh Al-Shehri និង​ខ្សែបម្រើ Salem Al-Dawsari នៅ​នាទី​៤៨ និង​៥៣​។

អា​រ៉ា​ប៊ី​សា​អូឌីត​សាង​កំណត់​ត្រា​មិន​ធ្លាប់​មាន​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ក្នុង​ការ​ឈ្នះ​ក្រុម​ម្ចាស់​ជើងឯក World Cup ២​សម័យកាល អា​ហ្ស​ង់​ទី​ន​ជា​លើក​ដំបូង គិត​ចាប់តាំងពី​ឆ្នាំ​១៩៨៨ ដែល​ក្រុម​ទាំង​២ ជួប​គ្នា​រហូត​ដល់​ឆ្នាំ ២០១២ ដោយ​៤​ប្រកួត​កន្លង​មក អា​ហ្ស​ង់​ទី​ន​ឈ្នះ​២ និង​ស្មើគ្នា​២ ហើយ​ជាមួយ​ជ័យជម្នះ​នេះ អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​បាន​បញ្ចប់​កំណត់​ត្រា​មិន​ស្គាល់​ចាញ់​របស់​អា​ហ្ស​ង់​ទី​ន ៣៦​ប្រកួត​ផង​ដែរ គិត​ចាប់តាំងពី​ឆ្នាំ​២០១៩ និង​បាន​ក្លាយជា​ក្រុម​អាស៊ី​ដំបូង​គេ ដែល​យកឈ្នះ​អា​ហ្ស​ង់​ទី​ន​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup​។
ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ពូ​ល E អា​ល្លឺ​ម៉​ង់ ១-២ ជប៉ុន នៅ​កីឡដ្ឋាន Khalifa International ៖

អា​ល្លឺ​ម៉​ង់​បាន​ដាក់​សម្ពាធ​លើ​ជប៉ុន​យ៉ាង​ខ្លាំង និង​បាន​នាំមុខ​មុន​នៅ​នាទី​៣៣ ដោយ​ការ​ទាត់​ពិន័យ​ប៉េ​ណា​ល់​ទី​ពី​សំណាក់​ខ្សែបម្រើ İlkay Gündoğan ។ ប៉ុន្តែ​អ្វី​ៗ​គ្រប់យ៉ាង​បាន​ផ្លាស់​ប្តូរ​ទាំងស្រុង​នៅ​ក្នុង​វគ្គ​ទី​២ បើ​ទោះបីជា​អា​ល្លឺ​ម៉​ង់ បន្ត​ការ​ដាក់​សម្រុក​យ៉ាងណា​ក៏​ដោយ ក៏​ជប៉ុន​ទទួល​បាន​ឱកាស​មាស​ក្នុង​វាយបក​២​គ្រាប់​យកឈ្នះ​មក​វិញ ដែល​សម្រេច​បាន​ដោយ​ខ្សែបម្រើ​ស្លាប Ritsu Dōan និង​ខ្សែបម្រើ​ប្រយុទ្ធ Takuma Asano នៅ​នាទី​៧៥ និង​៨៣​។

នេះ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ទាំង​២ ដែល​ត្រូវ​តទល់​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ហើយ​ក៏​ជា​លើក​ដំបូង ដែល​ក្រុម​សាំ​មូ​រ៉ៃ​ជប៉ុន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ក្នុង​ការ​យកឈ្នះ​លើ​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​។ ខណៈ​ដែល​ប្រវត្តិ​ជួប​គ្នា​កន្លង​មក គិត​ចាប់តាំងពី​ឆ្នាំ ១៩៦៣ ដល់​ឆ្នាំ ២០០៦ ជប៉ុន​ពុំដែល​ឈ្នះ​អា​ល្លឺ​ម៉​ង់​ឡើយ ដោយ​៤​ប្រកួត ស្មើ​២ និង​ចាញ់​២​។
ដោយឡែក អា​ល្លឺ​ម៉​ង់​បាន​ខកចិត្ត​ជា​លើក​ទី​២ នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ក្រោម​ថ្វី​ជើង​ក្រុម​មក​ពី​ទ្វីបអាស៊ី ៖

-​ចាញ់​កូរ៉េ​ខាងត្បូង លទ្ធផល ២-០ ព្រឹ​ត្ត​ការណ៍ World Cup 2018 នៅ​រុ​ស្ស៊ី
-​ចាញ់​ជប៉ុន លទ្ធផល ២-១ ព្រឹត្តិការណ៍ World Cup 2022 នៅ​កា​តា
ខាងក្រោម​នេះ លទ្ធផល​ការ​ប្រកួត​ទាំងអស់​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២៖
-​ពូ​ល E អេ​ស្ប៉ា​ញ ៧-០ កូ​ស្តា​រី​កា
-​ពូ​ល F ម៉ា​រ៉ុ​ក ០-០ ក្រូ​អាត
-​ពូ​ល F បែ​ល​ហ្ស៊ិ​ក ១-០ កា​ណា​ដា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ