រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា និងរដ្ឋសភាអាស៊ែបៃហ្សង់បានចុះអនុស្សារណៈយោគយល់គ្នា(MOU)ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២២បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU) ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយឡើងទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
ពិធីចុះហត្ថលេខានេះបានប្រារព្ធធ្វើឡើង នៅវិមានរដ្ឋសភាបន្ទាប់ពីសម្តេច និងលោកជំទាវ ប្រធានរដ្ឋសភាបានជួបពិភាក្សាទ្វេភាគីរួចហើយ។លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភាដែលបានអញ្ជើញរដ្ឋសភាប្រទេសអាស៊ែបៃហ្សង់ មកចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាត និងបានគាំទ្រសភាប្រទេសអាស៊ែបៃហ្សង់ជាសភាប្រទេសសង្កេតការណ៍អាយប៉ាជាផ្លូវការចាប់ពីពេលនេះទៅ។

លោកជំទាវ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នាពេលនេះនឹងចារជាប្រវត្តិសាស្ត្រនៅក្នុងរដ្ឋសភាអាស៊ែបៃហ្សង់ អំពីការបានក្លាយជាសភាសង្កេតការណ៍អាយប៉ា នៅលើទឹកកម្ពុជាក្នុងនៅពេលដែលសភាកម្ពុជាធ្វើជាប្រធានអាយប៉ា។លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានមានប្រសាសន៍លើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកជំទាវនាពេលនេះ និងតាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ នឹងជំរុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិមានការរីកចម្រើនឡើងមួយកម្រិតថែមទៀត។
នៅក្នុងន័យនេះ លោកជំទាវបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់នៅពេលខាងមុខនេះដែរ។
ចំណែក សម្តេចប្រធានរដ្ឋសភា សម្តេចទទួលយកការគោរពអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់។ សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអាស៊ែបៃហ្សង់ នាពេលនេះបានផ្តល់នូវកិត្តិយស សម្រាប់ប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា-អាស៊ែបៃហ្សង់ឱ្យកាន់តែរឹងមាំខ្លាំងក្លាឡើងថែមទៀត។

វត្តមានរបស់គណៈប្រតិភូរដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងនាមជាភ្ញៀវរបស់សភាកម្ពុជានៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ បានលើកទឹកចិត្ត និងរួមចំណែកគាំទ្រដល់សភាកម្ពុជាក្នុងអាណត្តិជាប្រធាននៃមហាសន្និបាតឱ្យបំពេញកាតព្វកិច្ចទទួលបានជោគជ័យ។សម្តេច ហេង សំរិន បានមានប្រសាសន៍លើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាយើងទាំងពីរដែលបានចុះហត្ថលេខានាពេលនេះនឹងជំរុញកិច្ចសហប្រត្តិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតសភានានា។
តាមរយៈMoUនេះ រដ្ឋសភាទាំងពីរអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការអន្តរសភានានានៅក្នុងតំបន់ និងសកលលោក។ នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានចែករំលែកពីគ្នាទៅវិញទៅមកពីភូមិសាស្ត្រប្រទេសស្ថានភាពនយោបាយ សេដ្ឋកិច្ចសង្គម ជាពិសេសអំពីរដ្ឋសភារវាងគ្នាផងដែរ៕
ចែករំលែកព័តមាននេះ