ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋចំនួន៨គ្រួសារ ស្ថិតនៅក្នុងមូលដ្ឋានភូមិសំពោច ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានអំពាវនាវឲ្យអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធមេត្តាពន្លឿនការដោះស្រាយនិងចាត់វិធានការទៅលើករណីក្រុមសមត្ថកិច្ចបាញ់រះជាច្រើនគ្រាប់ទៅលើពួកគាត់និងជំរិតទារប្រាក់ចំនួន៨លានរៀល កាលពីចុងខែតុលាកន្លងទៅ ។

ក្រុមប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងថា រយៈពេលជិតមួយខែទៅហើយ ហាក់មិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេ ជុំវិញករណីដែលក្រុមសមត្ថកិច្ចបានធ្វើការបា.ញ់រះទៅលើប្រជាពលរដ្ឋរងគ្រោះដែលបើកក្រឡេថងចំនួន៨ គ្រឿងឆ្លងកាត់ពីទឹកដីមណ្ឌលគិរី ចូលមកទឹកដីខេត្តក្រចេះ ។

ពលរដ្ឋរងគ្រោះបន្តថា រហូតមកដល់ពេលនេះ ក្រុមសមត្ថកិច្ចពាក់ព័ន្ធដែលមានមន្ត្រីបរិស្ថាន មន្ត្រីប៉ូលិស និងអាវុធហត្ថដែលប្រចាំការនៅទីនោះ ដែលបានធ្វើសកម្មភាពបា.ញ់រះទៅលើពួកគាត់នោះត្រូវបានគេផ្លាស់ប្ដូរទៅហើយ ប៉ុន្តែករណីនេះមានសភាពស្ងប់ស្ងាត់ដោយមិនមានការចាត់វិធានការណានោះឡើយ ។

បើតាមការអះអាងរបស់ពលរដ្ឋរងគ្រោះបញ្ជាក់ថា នៅពេលកើតហេតុ ត្រង់ចំណុចត្រពាំងអំពិល គេឃើញម៉ូតូចំនួន៤គ្រឿងដែលជារបស់កម្លាំងសមត្ថកិច្ចចម្រុះដែលឈរជើងនៅតំបន់នោះ ស្របពេលដែលពួកគាត់បានបើកកាឡេថងចេញមកនោះ ស្រាប់តែកម្លាំងសមត្ថកិច្ចបានបាញ់ស្រោចទៅលើពួកគាត់ជាច្រើនគ្រាប់ដោយមិនដឹងមូលហេតុអ្វីនោះឡើយ។

ពលរដ្ឋខាងលើបន្តថា បើទោះបីជាការបា.ញ់រះពីសំណាក់កម្លាំងសមត្ថកិច្ចទៅលើពួកគាត់មិនមាននរណាម្នាក់រងគ្រោះ ប៉ុន្តែបានគំរាមកំហែង និងធ្វើឲ្យពួកគាត់ភ័យខ្លាច ទុកចោលក្រឡេថងទាំងនោះ ហើយនាំគ្នារត់គេចខ្លួនអស់ ប៉ុន្តែក្រឡេថងរបស់ពួកគាត់ត្រូវបានក្រុមសមត្ថកិច្ចទាំងនោះបាញ់បំបែកកងចំនួន៧គ្រឿងក្នុងចំណោម៨គ្រឿង ។

ក្រោយពីកើតហេតុ ក្រុមសមត្ថកិច្ចក៏បានគំរាមឲ្យប្រជាពលរដ្ឋរងគ្រោះម្នាក់ ដែលគេបានកត់ទុកនៅចំណុចទីតាំងកើតហេតុ ប្រាប់ទៅម្ចាស់កាឡេថងឱ្យយកលុយក្នុងមួយគ្រួសារមួយលានរៀលដើម្បីទៅដោះស្រាយនិងប្ដូរយកកាឡេថងរបស់ខ្លួនមកវិញ ដើម្បីបញ្ចប់រឿង។ ហើយនៅក្នុងអំឡុងពេលម៉ោង០១រំលងអធ្រាត្រ ប្រជាពលរដ្ឋទាំងនោះក៏បានខលទៅអ្នកផ្ទះ ដើម្បីដើររកលុយយកទៅឱ្យក្រុមសមត្ថកិច្ចទាំងនោះ ដើម្បីប្ដូរយកកាឡេថងរបស់ខ្លួនមកវិញ ។

ក្រុមប្រជាពលរដ្ឋរងគ្រោះទាំងនោះក៏បាននាំគ្នាទៅ ប៉ុស្តិ៍រដ្ឋបាលឃុំឃ្សឹម ដើម្បីរាយការណ៍និងដាក់ពាក្យបណ្ដឹងសូមការអន្តរាគមន៍ ពាក់ព័ន្ធនឹងករណីមួយនេះ។ ពលរដ្ឋបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមសមត្ថកិច្ចជំនាញពាក់ព័ន្ធក៏ដូចជាអាជ្ញាធរ ហាក់មិនទាន់មានវិធានការណាមួយ ដើម្បីដោះស្រាយ ឬសម្របសម្រួលនោះឡើយ។

មន្ត្រីប៉ុស្តិ៍នគរបាលឃុំឃ្សឹមបានឲ្យដឹងថា ប្រជាពលរដ្ឋខាងលើ ក៏បានអញ្ជើញមកប៉ុស្តិ៍រដ្ឋបាលដើម្បីរាយការណ៍អំពីករណីនេះដែរ ប៉ុន្តែរដោយសារករណីនេះវាកើតឡើងនៅក្នុងទឹកដីខេត្តមណ្ឌលគិរី ដូច្នេះ សមត្ថកិច្ចក៏បានពន្យល់និងណែនាំឲ្យពួកគាត់ទៅដាក់ពាក្យកណ្ដឹងនៅទីតាំងកើតហេតុ ដើម្បីផ្ដល់ភាពងាយស្រួលឲ្យសមត្ថកិច្ចមូលដ្ឋានស្រាវជ្រាវ ។

ប្រជាពលរដ្ឋក៏បានស្នើសុំឲ្យអាជ្ញាធរក៏ដូចជាមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធជួយរកយុត្តិធម៌ និងដោះស្រាយខណៈដែលមានការគំរាមកំហែង និងជំរិតទារលុយពីពួកគាត់៨លានរៀល ។

គួរបញ្ជាក់ផងដែរថា ច្រកសំពោចនេះ ជាច្រកដែលចរាចរណ៍បទល្មើសព្រៃដ៏កក្រើកឆ្លងកាត់មុខស្នាក់សមត្ថកិច្ចតែគ្មានជំនាញណាបង្ក្រាបទេ ដោយត្រូវលូវគ្នាជាមួយឈ្មួញជាថ្នូរនឹងលាភសក្ការៈ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ