ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលនេះ គឺល្អជាង​ពេល​ណាៗ​ទាំងអស់។ សហរដ្ឋអាមេរិកនៅពេលនេះ មានស្ថានទូតដ៏ល្អមួយ ដែលកន្លងមក មិនធ្លាប់​មាន ហើយចំណែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ…

ភ្នំពេញ៖ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅពេលនេះ គឺល្អជាង​ពេល​ណាៗ​ទាំងអស់។ សហរដ្ឋអាមេរិកនៅពេលនេះ មានស្ថានទូតដ៏ល្អមួយ ដែលកន្លងមក មិនធ្លាប់​មាន ហើយចំណែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ គឺមានការកើនឡើងប្រមាណ ១៨ភាគរយ ជាមួយនឹងវត្តមានរបស់ក្រុមហ៊ុនហ្វត (Ford) និងក្រុមហ៊ុនជីអ៊ី (GE) ដែលកំពុងប្រតិបត្តិការ​យ៉ាងសកម្ម​នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ខ្លឹមសារខាងលើនេះ ត្រូវបាន​លើកឡើង ក្នុងជំនួបពិភាក្សាការងារ​រវាង​សម្តេចតេជោ ហ៊ុន សែន ជាមួយលោក Gregory W. Meeks ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ​ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។

លោក​ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក Gregory W. Meeks បានគោរពសម្ដែងនូវការថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ជាពិសេស នៅពេលដែលពិភពលោកកំពុងមានបញ្ហាតានតឹងខាងភូមិសាស្ត្រនយោបាយ។

លោក​បន្តថា ទោះជាយ៉ាងណាក៏ដោយ លោក​បានសង្កេតឃើញកម្ពុជា បានដឹកនាំកិច្ចប្រជុំ​ខាងលើ បានដោយជោគជ័យ ដែលឆ្លុះបញ្ចាំងនូវភាពជាអ្នកដឹកនាំ ដែលអ្នកដទៃទៀតពិបាកនឹង​ធ្វើដូច ហើយដំណើររបស់លោក មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំ​កំពូល​អាយប៉ា ក្នុងគោលបំណង ដើម្បីពង្រីកទំនាក់ទំនងជាមួយកម្ពុជាបន្ថែមទៀត តាមរយៈការអញ្ជើញ​មកចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​ របស់លោកប្រធានាធិបតី ចូ បៃដិន, តាមរយៈការអញ្ជើញមករបស់លោក​រដ្ឋមន្ត្រីក្រសួងការពារជាតិ មកចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិ និងតាមរយៈការចូលរួម​កិច្ចប្រជុំអាយប៉ា ដែលលោកស្រី​អនុប្រធានាធិបតី បានសម្ដែងនូវការរីករាយយ៉ាងខ្លាំង ដែលរូបលោក​ បានជួបសន្ទនាជាមួយសម្ដេចតេជោ គឺជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះកម្ពុជា និងអាស៊ាន ដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកទាំងផ្នែកនីតិបញ្ញត្តិ និងផ្នែកនីតិប្រតិបត្តិ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះសហរដ្ឋអាមេរិក ដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន រៀបចំឱ្យមានកិច្ចប្រជុំកំពូលនៅសហរដ្ឋ​អាមេរិកផង និងមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានរៀបចំឱ្យមានជំនួប​រវាងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុងសៀមរាប​ទៀតផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ