រាជធានីភ្នំពេញ ៖ ចំពោះដំណឹងមរណៈភាពរបស់ប្រពន្ធតារាកំប្លែងនាយ ហុង ដា ដែលត្រូវបានឃាតករសម្លាប់រួចរុំជាមួយភួយនៅក្នុងបន្ទប់ខុនដូរយ៉ាងផ្សៃបំផុតនោះ និងកំពុងតែរង្គើរអស់បណ្តាសារព័ត៌មានផងដែរ ។
កាលពីវេលាមុននេះលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ដែលតំណាងឱ្យសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកបច្ច័យចំនួន៥លានរៀន រួមជាមួយអំណោយសប្បុរសធម៌មួយចំនួនទៀតយកទៅចូលរួមពិធីបុណ្យសពរបស់ប្រពន្ធនាយ ហុង ដា ដែលកំពុងតម្កល់ធ្វើបុណ្យ និងត្រូវបូជានៅវេលាម៉ោង៧យប់នេះនៅវត្តទួលសង្កែ ដែលស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ចំពោះការប្រារព្ធពិធីបុណ្យនេះដែរមានការអញ្ជើញចូលរួមពីសំណាក់អ្នកសិល្បៈមួយចំនួនផងដែរដូចជា លោក ប៉ែន ចំរុង, អ្នកនាង ទូច ស្រីលក្ខណ៍, នាយ ព្រែក រួមជាមួយសិល្បករ និងសិល្បការិនីជាច្រើនទៀត ដែលបានចូលរួមនឹងសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះនាយ ហុង ដា ។
សូមបញ្ជាក់ផងដែរថា ចំពោះករណីឃាតកម្មរបស់ប្រពន្ធនាយ ហុង ដា នេះដែរមានមជ្ឈដ្ឋានមួយចំនួនដាក់ការសង្ស័យទៅលើកូនប្រុសរបស់នាយ ហុង ដា ហើយសមត្ថកិច្ចក៏កំពុងតែដុតដៃដុតជើងស្រាវជ្រាវរកកូនប្រុសរបស់នាយ ហុងដា ផងដែរ ស្របពេលនោះដែរក្នុងបណ្តាអ្នកសិល្បៈក៏បានប្រតិកម្មចំពោះបញ្ហានេះដែរ និងសូមឱ្យសមត្ថកិច្ចស្រាវជ្រាវរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ឱ្យបាន ៕
ចែករំលែកព័តមាននេះ