រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងទៀតថា គិតមកដល់ម៉ោង០៣ និង៤៩នាទីរសៀលថ្ងៃទី១១ ឧសភា នេះ ក្រោយពីសមត្ថកិច្ចបានធ្វើការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពនៅអគារខុនដូរយ៉ាងយកចិត្តទុកដាក់នោះ បានបង្ហាញថា នៅមុនពេលកើតករណីឃាតកម្មនេះ គឺបានឃើញមនុស្សប្រុស២នាក់ចូលទៅក្នុងបន្ទប់របស់នារីរងគ្រោះ ។ ហើយក្នុងចំណោមមនុស្ស២នាក់នោះ គឺស្គាល់ម្នាក់ជាកូនប្រុសបង្កើតរបស់នាយហុងដាតែម្តង ។ ខណៈពេលនេះ សមត្ថកិច្ចកំពុងតាមឆែកលេខទូរស័ព្ទរបស់ជនសង្ស័យទាំង ២នាក់នេះហើយ។ ស្គាល់ប្រពន្ធក្រោយតារាកំប្លែងហុង ដា ដែលស្លាប់នេះហើយ…
ប្រភពពីសមត្ថកិច្ចឱ្យដឹងទៀតថា បើយោងតាមការពិនិត្យលើសាកសពនារីរងគ្រោះដែលស្លាប់នេះឃើញថា គឺត្រូវឃាតករបានយកខ្សែឆ្នាំងអ៊ុតមករឹត.កសម្លាប់យ៉ាងសាហាវ ។ គួររំលឹកថា នារីរងគ្រោះឈ្មោះស៊ឹម ចន្ទី (ហៅស្រីមុំ) អាយុ១៨ឆ្នាំ មានកូនស្រីអាយុ៦ខែជាមួយលោកហុងដា មានទីលំនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
ចំពោះការស្លាប់នារីរងគ្រោះនេះដែរ ក៏ត្រូវបានប្អូនស្រីម្នាក់ ដែលមានបន្ទប់នៅជិតនៃអគារខុនដូជាន់ទី៥នោះ ឱ្យដឹងដែរថា នាងមិនបានដឹងថា សាកសពនោះគឺជាប្រពន្ធរបស់បងហុងដាទេ ។ ដោយនៅមុនពេលកើតហេតុ គឺកូនស្រីតូចរបស់នាងបានរត់ចូលទៅលេងក្នុងបន្ទប់កើតហេតុនោះ ខ្លួនក៏រត់ចូលទៅតាម ទើបប្រទះឃើញសាកសពមនុស្សបានរុំជាមួយភួយយ៉ាងជិតឈឹង រូបខ្លួនភ័យតក់ស្លុតយ៉ាងខ្លាំង ហើយបានរត់ចេញពីបន្ទប់នោះវិញមករាយការណ៍ជូនសមត្ថកិច្ចទៅ ។
ចែករំលែកព័តមាននេះ