ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្តពលិកល្បីឈ្មោះ​4​រូបកំពុងឡើង​កូដ​ក្នុង​អាជីព​ភាពយន្ត

6 ឆ្នាំ មុន

រាជធា​នីភ្នំពេញ ៖ ក្នុង​ចំណោម​អត្តពលិក​ល្បី​ៗ​ក្នុង​ប្រទេស គេ​កត់​សម្គាល់ថា​ អត្តពលិក​៤​រូប​បាន​ក្លាយជា​តារា​សម្ដែង​ល្បីឈ្មោះ ខណៈ​​ការ​សម្ដែង​របស់​ពួកគេ​ត្រូវ​បានមហាជន​ទទួលស្គាល់​

រាជធា​នីភ្នំពេញ ៖  ក្នុង​ចំណោម​អត្តពលិក​ល្បី​ៗ​ក្នុង​ប្រទេស គេ​កត់​សម្គាល់ថា​ អត្តពលិក​៤​រូប​បាន​ក្លាយជា​តារា​សម្ដែង​ល្បីឈ្មោះ ខណៈ​​ការ​សម្ដែង​របស់​ពួកគេ​ត្រូវ​បានមហាជន​ទទួលស្គាល់​សមត្ថភាព​មិន​អន់​ជាង​ស្នាដៃ​ក្នុង​វិស័យ​កីឡា​នោះ​ផង​ ។ ក្រៅពី​នោះ​ ក៏​មាន​អត្តពលិកផ្សេង​ទៀត​បាន​ក្លាយជា​តារា​សម្ដែង​ផង​ដែរ ដោយ​គ្រាន់តែ​
អ្នក​ខ្លះ​បាន​បោះបង់​ការ​សម្ដែង ឬ​លែង​មាន​ទីផ្សារ បើ​ធៀប​នឹង​អត្តពលិកទាំង​៤​រូបនា​ពេល​ចុង​ក្រោយ គឺ​ក​ន្ត្រាក់បាន​ទីផ្សារ​សម្ដែងច្រើនជាងគេ​​ ។

ប្រាក់ មុន្នីឧត្តម ៖ គឺជា​កីឡាករ​ល្បីឈ្មោះ​ក្នុង​ពិភព​បាល់ទាត់ បាន​ក្លាយជា​តារា​សម្ដែង​ក្នុងតំណែងជា​តួឯក​រឿង​«​មេ​កប់​ស៊េរី​»​តែម្ដង។ ក្រោយ​បាន​សម្ដែង​រឿង​នេះ លោក​ទទួល​បាន​​ការ​ទាក់ទង​ឱ្យ​សម្ដែង​រឿង​បន្តបន្ទាប់​ពី​សំណាក់​ក្រុម​ផលិតករ​ក្នុងស្រុក រហូត​ដល់​ថ្នាក់​ប្រកាស​មិន​ទទួល​ថត​វិញដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់ការ​ហ្វឹកហាត់​បាល់ទាត់​ប្រចាំ​ថ្ងៃ ។ លោក​ថា​ ការ​សម្ដែង​មួយ​រឿង​បាន​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ក្រេ​ឌី​ត​ហួស​ពី​ការ​ស្មាន ហើយ​ឱកាស​ថត​ស្ព​ត​ក៏​មាន​ជា​ហូរហែផង​ដែរ ដោយ​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ​បាន​អះអាង​ថា​ លោក​អាច​ក្លាយជាតារាសម្ដែង​បានមិន​អន់​ជាង​តារា​សម្ដែង​អាជីពនោះទេ ។ យ៉ាងណាក៏ដោយលោក​ថា​ មិន​ហ៊ាន​ឈោង​ចាប់យក​អាជីព​សម្ដែង​ទេ ដោយសារ​តែ​ការ​សម្ដែង​រឿង​មិនមែន​ជា​ចំណូលចិត្ត​ ហើយ​អ្វី​ដែល​លោក​ពិបាក​ទទួល​គឺ​ការ​សម្ដែង​មួយ​រឿង​ៗ​ប៉ះពាល់​យ៉ាងខ្លាំងដល់ការ​ហ្វឹកហាត់​បាល់ទាត់​របស់លោក ​។ លោក​បាន​សម្រេច​ផ្អាក​ទទួល​ថត​ភាពយន្ត តែ​មិន​មាន​ន័យ​ថា​លោក​បោះបង់​ការ​សម្ដែង​រឿង​នោះ​ទេ ដោយសារ​តែ​ការ​សាកល្បង​មួយ​រឿង​ក្នុង​រឿង ​«​មេ​កប់​ស៊េរី​ »​ ក៏​ធ្វើ​ឱ្យ​លោក​ល្បីឈ្មោះ ​។ លោក​អាច​នឹង​ទទួល​យកការ​ងារសម្ដែង​ជា​លើក​ទី​២ប្រសិនបើ​ការ​ហ្វឹកហាត់​បាល់ទាត់មាន​ភាព​រយាល​បន្តិច ជាពិសេស​ពេល​​ការ​ប្រកួត​បាល់ទាត់​ធំ​ៗ​ត្រូវ​បាន​បញ្ចប់​ ។ លោក​ថា​ ពេលទំនេរ​សម្រាប់​ការ​សម្ដែង​ភាពយន្តមិនដឹង​ថា​មាន​ជា​ថ្មី​ពេល​ណា​នោះ​ទេ ក្នុង​ពេល​ដែល​លោក​នៅ​ស៊ប់​នឹង​អាជីព​បាល់ទាត់​ដូច​សព្វថ្ងៃ​ ។ លោក​ថា​ ផលិតករ​ច្រើន​នាក់​ទាក់ទង​ឱ្យ​លោក​សម្ដែង តែ​លោក​ទទួលយក​មិន​បាន​ដោយសារ​តែ​ករណី​ដូចរៀបរាប់ខាងលើនេះ​ឯង ។

​សុវណ្ណ គី​រី ៖ ជាកីឡាករនិងគ្រូ​កា​រ៉ា​តេ​ដូ​ដែលឈ្នះមេដាយក៏​ក្លាយជា​តារា​សម្ដែង​មានឈ្មោះ​បោះ​សំឡេង​ណាស់​ដែរ តាម​រយៈ​ការ​សម្ដែង​ជា​តួ​វាយតប់ និង​ក្រ​មិច​ក្រ​មើម​រាប់​មិន​អស់ ។ បើ​ទោះ​មិន​មានឱកាស​បាន​សម្ដែង​ជាតួឯក ក៏កីឡាករ​ជម្រើសជាតិ និងជាគ្រូ​កា​រ៉ា​តេ​ដូរូបនេះ បានក្លាយខ្លួនជាតារា​សម្ដែង​យ៉ាង​មានមុខមាត់ ។ លោក​ត្រូវ​គេ​កត់​សម្គាល់ថា​បាន​ក្លាយជា​តារា​សម្ដែង​ដែល​មាន​ទីផ្សារខ្ពស់ជាង​កីឡាករ​ផ្សេង​ទៀត​ដែល​បាន​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង​អាជីព​ ។ តម្លៃ​ខ្លួន​របស់​លោក​នៅ​ក្នុង​ពិភព​សិល្បៈ ក៏​បាន​ឈាន​ឡើង​មិន​ចាញ់​តារា​ល្បី​ៗ​ផង​ដែរនា​ពេល​ចុង​ក្រោយ ជា​ពិសេស​បន្ទាប់​ពី​លោក​បាន​ក្លាយជា​ពិធីករ​របស់​ទូរទស្សន៍​បាយ័ន​កាលពី​មួយ​រយៈ​មុន ​។ លោក​មានឈ្មោះ​ល្បីល្បាញតាម​រយៈ​ភាពយន្ត​រឿង​«​ភូមិ​ខ្ញុំ​ស្រស់​ឆើតឆាយ​» និង​រឿង​ជា​ច្រើន​ទៀតដែល​លោក​បាន​សម្ដែង​ជា​តួ​លេចធ្លោ​នៅ​ក្នុង​ភាពយន្ត​ ។ យ៉ាងណាមិញ លោក​បាន​ប្រកាស​ថា​ មិន​ចោល​អាជីព​កីឡា​នោះ​ទេ ទើប​ក្នុង​តារាង​កីឡាករ​ល្បីឈ្មោះដែល​មាន​ទីផ្សារ​សម្រាប់​ការ​សម្ដែង​គឺ​លោក​មានឈ្មោះ​ក្នុង​បញ្ជី​តែ​ម្ដង ​បើ​ធៀប​នឹង​កីឡាករ​ផ្សេង​ទៀតដែល​សម្ដែង​បាន​មួយ​ខ្យល់​ហើយ​ក៏​បោះបង់​កីឡា លុះដល់​វិស័យ​កីឡាធ្លាក់​ចុះ​ក៏​បាត់​ទាំង​អាជីព​ដើម​តែម្ដង ។

សម ថា​រ័​ត្ន ៖ នៅ​ក្នុង​វិស័យ​កីឡា​ល្បុក្កតោ កីឡាការិនី​រូប​នេះនៅ​តែ​ជា​តួអង្គ​សំខាន់ បើ​ទោះជា​នាង​ត្រូវ​គេ​ឃើញ​ទទួល​យកការសម្ដែង​​​សឹង​តែរក​ពេលទំនេរ​គ្មាន ។ នាង​នៅ​តែ​បង្ហាញមុខ​ហ្វឹកហាត់ និង​ចេញ​មុខ​តំណាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ល្បុក្កតោ​សំខាន់​ៗ និង​តំណាង​កម្ពុជា​ទៅ​ប្រកួត​ប្រដាល់​ដាក់​ទ្រុង​នៅ​ពេល​មានការ​ប្រកួត​ធំ​ៗ​មក​ដល់​ ។ នាង​ថា ​ហេតុផល​ដែល​នាង​មមាញឹក​ខ្លាំង​នឹង​ការ​សម្ដែង​ គឺ​ដោយសារ​តែ​ខាង​សហព័ន្ធ​ល្បុក្កតោ​មិន​មានកម្ម​វិធី​ឱ្យ​នាង​ចេញ​មុខ​ប៉ុណ្ណោះប៉ុន្តែ​បើ​មានការ​ប្រកួត​គឺ​នាង​សុខចិត្ត​ចោលការ​សម្ដែង​ដោយ​មិន​ឱ្យ​បាត់​មុខ​ទេ​ ។ នាង​បង្ហើប​ថា​ សម្រាប់​ការ​ប្រកួត​ដែល​មិន​ចាំបាច់ នាង​ក៏​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ-កីឡាការិនី​ផ្សេង​ទៀត​ចេញ​មុខ​ជំនួស​ក្រោយ​ពេល​នាង​បាន​ក្លាយជា​តួ​សម្ដែង​ ។ នាង​ត្រូវ​បាន​គេ​ស្គាល់​ខ្លាំង​តាម​រយៈ​រឿង​«​មុន​ដំបូង​គេសម្លាប់ឪពុក​របស់ខ្ញុំ​» រឿង​«Jailbreak ការពារ​ឧក្រិដ្ឋជន​» និង​រឿង​ជា​ច្រើន​ទៀតដែល​បាន​បញ្ចាំងនៅ​តាម​រោង​ភាពយន្ត​ ។

លី វ៉ា​ហេ​ទ ៖ គឺជា​សមាសភាព​កីឡាករ​បាល់ទាត់ល្បីឈ្មោះ​ថ្មី ដែល​បាន​ជាប់​ឈ្មោះ​ជា​តារា​សម្ដែង​មាន​ទីផ្សារ​បន្ទាប់​ពី​រឿង​«​ខូចចិត្ត​អាជីព​»​ដែលលោកសម្តែងជាតួឯកត្រូវ​បាន​បើក​សម្ពោធ​កាលពី​ថ្ងៃ​ទី​៩ ឧសភា​ ។ លោក​ត្រូវ​គេ​ឃើញ​ទាក់ទាញ​អ្នកគាំទ្រ​តែ​ម្ដង ដោយសារ​តែ​លោក​ក៏​មាន​ព័ត៌មាន​ថា​ ជា​គូ​សេ្ន​ហ៍​ថ្មី​របស់​អ្នក​នាង​សុខ សោ​ម៉ា​វ​ត្តី នៅ​ក្រៅ​ឆាក​សម្ដែង​។កីឡាករ​ជម្រើសជាតិដែល​លេង​ឱ្យ​ក្រុម​បឹង​កេ​ត​រូប​នេះ មានទេពកោសល្យសម្ដែង​ល្អ​គួរ​ឱ្យ​សរសើរ​ ទើបខាងផលិតករ​គ្រាន់តែ​ឃើញ​ខ្សែ​រឿង​បើក​ឆាក​របស់​លោក ក៏បាន​ប្រកាស​អញ្ជើញ​ឱ្យ​លោក​ទទួលយក​ការ​សម្ដែង​បន្តបន្ទាប់ ប៉ុន្តែ​លោកមិន​ទាន់​ហ៊ាន​ទទួល​ទេ​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់ការ​ហ្វឹកហាត់​បាល់​ទាត់ ​។ លោក​ថា​ ការ​សម្ដែង​គឺជា​ចំណូលចិត្ត​តែបើ​ឱ្យ​ទទួលយក​ហើយ​ចោល​បាល់ទាត់លោក​មិន​ធ្វើ​ទេ ដោយសារ​តែ​បាល់ទាត់​អាច​ជា​ឆ្នាំងបាយ និង​ជា​អ្វី​ដែល​លោក​ស្រឡាញ់​ជាង ​។ លោក​និយាយថា​ ខ្លួន​សម្ដែង​បាន​ល្អក៏​ដោយសារ​តែ​បាន​រៀមច្បង និង​ក្រុម​ផលិតករ​បង្ហាត់បង្ហាញ​ផង​ដែរ បើ​តាមតែ​លោក​គឺ​មិនសូវ​ដឹង​ថា​ភាពយន្ត​ត្រូវ​សម្ដែង​យ៉ាងណា​នោះ​ទេ​ ។ លោក​សប្បាយចិត្ត​ដែល​ការ​សម្ដែង​មួយ​រឿង​«​ខូចចិត្ត​អាជីព​»​បាន​ជួយ​ឱ្យ​លោក​លេចធ្លោ ហើយ​មាន​អ្នក​និយាយ​ច្រើន​ពី​ការ​សម្ដែង​របស់​លោក​នៅ​ក្នុង​វិស័យ​ភាពយន្ត​ ៕