ខេត្តបាត់ដំបង៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារចម្រុះ ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ រួមមាន លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរពាណិជ្ជកម្ម តំណាងធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ ព្រមទាំងអភិបាលស្រុក មេឃុំ តំណាងរោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវផ្គត់ផ្គង់ ទៅរោងម៉ាស៊ីនកិនស្រូវ។
ជាលទ្ធផល ក្រោយកិច្ចប្រជុំ ដើម្បីធានាស្ថិរភាពតម្លៃស្រូវ លោកឧកញ៉ា ភូ ពុយ បានសម្រេចកំណត់យកថ្លៃគោល សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ (ស្រូវសើម) មិនក្រោម ៩បាត ក្នុង ១គីឡូក្រាម ឬស្មើនឹង ១០៤០រៀល ក្នុង ១គីឡូក្រាម។ តម្លៃស្រូវនេះ ត្រូវអនុវត្តនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលខេត្តទាំងពីរនេះ តម្លៃស្រូវបានធ្លាក់ចុះក្នុងខែវិច្ឆិកានេះ។
ក្រុមការងារចម្រុះ ក៏បានអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនស្រូវ និងឈ្មួញប្រមូលទិញស្រូវ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ឱ្យចុះប្រមូលទិញស្រូវ ដោយអនុវត្តតាមថ្លៃ ដែលបានកំណត់ ចាប់ពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។
ក្រុមការងារចម្រុះ បានបន្ថែមថា ក្នុងករណីមានបញ្ហា ដោយអ្នកទិញស្រូវ អនុវត្តមិនត្រឹមត្រូវ សូមប្រជាកសិករ មេត្តាទាក់ទងជាមួយមេឃុំ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តដើម្បីទទួលបានការអន្តរាគមន៍ កុំឱ្យស្រូវលក់ ក្នុងតម្លៃទាបជាង ១០៤០៛ ក្នុង ១គីឡូក្រាម៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![]()
![Picture]()
ចែករំលែកព័តមាននេះ