ខេត្តកំពង់ស្ពឺ ៖ តារាចំរៀងមួយរូប ទំនងសង្ស័យចង់ស្រាយគំនុំចាស់ បានលបវាយនិងយកកូនកាំបិតចាក់ប្រហារលើបុរសវ័យចំណាស់ ជាអតីតមន្ត្រីនគរបាល បណ្តាលឱ្យរងរបួសជាទម្ងន់ ខណៈជនរងគ្រោះកំពុងអោនកើបចំណីជ្រូកនៅក្រោមផ្ទះ ហើយត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះភ្លាមៗ ហើយជនដៃដល់បានរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ និង៤០នាទីល្ងាចថ្ងៃទី០៧ ឧសភា នៅក្រោមផ្ទះជនរងគ្រោះក្នុងភូមិជំពូព្រឹក្ស ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះឯម សាម៉េន អាយុ៥៥ឆ្នាំ ជាកសិករ និងជាអតីតមេប៉ុស្តិជំពូព្រឹក្ស រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកឯជនដៃដល់ត្រូវបានស្គាល់់ថា ជាតារាចំរៀងស្គាល់ឈ្មោះប៊ី សារុន ហៅសាំង សារុន អាយុ២៣ឆ្នាំ ជាតារាចំរៀង រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ គឺជនដៃដល់និងជនរងគ្រោះ បានទាស់ពាក្យសម្តីគ្នាម្តង ដែលផ្តើមកាលជនរងគ្រោះនៅជាមេប៉ុស្តិបានចាប់ឪពុករបស់ជនដៃដល់ដាក់គុក ពីបទបរំលោភលើនារីម្នាក់់ ដែលមានសតិមិនគ្រប់ ។ រហូតមកទល់ពេលនេះ សំណុំរឿងនៅសាលាឧទ្ធរណ៍នៅឡើយ ទើបជនដៃដល់ចងគំនុំនឹងជនរងគ្រោះ ដោយសម្លាប់គាត់បែបនេះ ។ ក្រោយឈ្លោះប្រកែកគ្នា ជនរងគ្រោះ មិនបានចាប់អារម្មណ៍ថា ជនដៃដល់មកលបប៉ងចាក់សម្លាប់រូបគាត់ឡើយ ។ មួយសន្ទុះក្រោយមក ពេលគាត់កំពុងអោនកើបចំណីជ្រូក ត្រូវជនសង្ស័យដៃដល់បានកាន់ស្នាប់ដៃស្ទុះមកវាយនិងយកកូនកាំបិតចិតបន្លែចាក់មកលើជនរងគ្រោះ បណ្តាលឱ្យរងរបួសរួច រត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ចែករំលែកព័តមាននេះ