ប្រទេសជប៉ុន និងចិនបានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Taro Aso ឲ្យដឹងកាលពីថ្ងៃសៅរ៍ ខណៈមានជំហរសេដ្ឋកិច្ចគាំពារនិយមរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងភាពតានតឹងរបស់កូរ៉េខាងជើង ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន លោក Xiao Jie ដែលខកខានកិច្ចប្រជុំត្រីភាគីជាមួយភាគីជប៉ុន និងកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ដោយសារលោកមានកិច្ចប្រជុំបន្ទាន់ក្នុងស្រុក បានទៅចូលរួមកិច្ចពិភាក្សាជាមួយលោក Aso ។
លោក Aso បានប្រាប់អ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំថា ៖ « យើងបានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងប្រទេសជប៉ុន និងចិន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ » ។
លោកបន្ថែមថា ៖ « វាសំខាន់ដែលយើងបានបញ្ជាក់ជាថ្មីពីតម្រូវការកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ ខណៈយើងក៏បានចែករំលែកបទពិសោធន៍ គោលនយោបាយសេដ្ឋកិច្ច និងបញ្ហារចនាសម្ព័ន្ធផងដែរ » ។
ប្រទេសទាំងពីរបានព្រមព្រៀងបើកដំណើរការស្រាវជ្រាវរួមគ្នាសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ដោយមិនបានបញ្ជាក់លម្អិត និងរាយការណ៍លទ្ធផលនៅកិច្ចចរចាពេលក្រោយ ដែលនឹងត្រូវប្រារព្ធឡើងក្នុងឆ្នាំ២០១៨ នៅប្រទេសចិន ។
« ពួកគេមិនបានពិភាក្សាអំពីបញ្ហាដូចជា ហានិភ័យរូបិយប័ណ្ណ ភូមិសាស្ត្រនយោបាយ កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងក្នុងកិច្ចពិភាក្សាដែលប្រារព្ធនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទីក្រុងយូកូហាម៉ាភាគខាងកើតប្រទេសជប៉ុនទេ » ។ នេះបើតាមលោក Aso ។
កំណើនវិស័យហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធចិន បានរំខានគោលនយោបាយរបស់ជប៉ុនមួយចំនួន ដែលពួកគេបារម្ភថា ធនាគារអភិវឌ្ឍន៍ថ្មីរបស់ទីក្រុងប៉េកាំង ដែលវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (AIIB) អាចនឹងបាំងធនាគារ ADB ដែលគាំទ្រដោយជប៉ុន ។
មុនពេលការចរចាទ្វេភាគីនៅថ្ងៃសៅរ៍ លោក Xiao បានសម្តែងនូវក្តីសង្ឃឹមថា ធនាគារ ADB នឹងពង្រឹងទំនាក់ទំនងគំនិតផ្តួចផ្តើមការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើបរបស់ចិនគឺ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ។
លោក Xiao បាននិយាយក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីថា ៖ «ចិនសង្ឃឹមថា ADB នឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រនៃកម្មវិធី និងការផ្តួចផ្តើមគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយរបស់ខ្លួន ដើម្បីពង្រីកប្រសិទ្ធភាពរួមបញ្ចូលគ្នា និងលើកកម្ពស់ការអភិវឌ្ឍបន្ថែមទៀតរបស់អាស៊ី » ។
ប្រទេសជប៉ុន និងចិនយល់ព្រមលើតម្រូវការគោរពពាណិជ្ជកម្មសេរី ដែលពួកគេមើលឃើញថា មានសារសំខាន់ណាស់ចំពោះប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើពាណិជ្ជកម្មតំបន់អាស៊ី។
ក្រុមមន្ត្រីហិរញ្ញវត្ថុជប៉ុន, ចិន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាទប់ទល់នឹងរាល់ទម្រង់សេដ្ឋកិច្ចគាំពារ ក្នុងកិច្ចប្រជុំត្រីភាគីកាលពីថ្ងៃសុក្រ ដោយមានជំហរខ្លាំងជាងក្រុមប្រទេស G20 ប្រឆាំងនឹងគោលនយោបាយសេដ្ចកិច្ចដែលគាំទ្រដោយលោក Trump ។
ចិនកំណត់ថា ខ្លួនជាអ្នកគាំទ្រពាណិជ្ជកម្មសេរីក្រោយពីលោក Trump ប្រកាសថា នឹងដាក់អាមេរិកទី១ ហើយដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី ។
ប្រទេសជប៉ុនបានប្រកាន់ជំហរសម្របសម្រួលជាច្រើនចំពោះជម្លោះរបស់ទីក្រុងវ៉ាស៊ីនតោនថា ពាណិជ្ជកម្មមិនត្រឹមតែសេរីប៉ុណ្ណោះទេ ប៉ុន្តែមានភាពត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ