ខេត្តតាកែវ ៖ ពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ កំពុងតែដេកភ័យ ក្រោយកើតមានករណីចោរកម្មផ្ទួនៗជាប់គ្នាចំនួន៣ទៅ៤ករណីទៅហើយ តែសមត្ថកិច្ចបានត្រឹមសរសេររបាយការណ៍ទុក ដោយគ្មានបានតម្រុយ និងកំណត់មុខសញ្ញាចាប់បានជនសង្ស័យណាម្នាក់ឡើយ។

ហើយមួយរយៈចុងឆ្នាំ២០២២នេះ គឺកើតមានករណីចោរលួច គាស់ផ្ទះយកម៉ូតូ ចោរឆក់តាមដងផ្លូវបានសម្រេចផ្ទួនៗ តែបើងាកមកមើលចំណាត់ការស្រាវជ្រាវពីសមត្ថកិច្ចវិញ គឺហាក់សូន្យឈឹងគ្មានតម្រុយ សូម្បីមួយករណី ឬក៏កំណត់មុខសញ្ញា និងបង្ក្រាបបានឡើយ។

បើតាមពលរដ្ឋនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ បានលើកឡើងថា ក្រុមចោរលួច ចោរឆក់តាមដងផ្លូវ ធ្វើសកម្មភាពបានសម្រេចជាបន្តបន្ទាប់ ខណៈមុខសញ្ញាទាំងនោះ សមត្ថកិច្ចគ្មានតម្រុយទាល់តែសោះ។ ដូចជាករណីចោរកម្មកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ក្រុមចោរបានលបចូលកាត់សោផ្ទះលួចយកម៉ូតូម៉ាក Mslaz មួយគ្រឿង ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HG 3976 ពណ៌ប្រផេះ មិនបានសម្រេច ដែលមានម្ចាស់ឈ្មោះ ហ៊ន រ៉ាយុ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ ថែមទាំងបានបាញ់គំរា.មម្ចាស់ម៉ូតូទៀតផង ខណៈពេលម្ចាស់ម៉ូតូតាមទាន់នៅពេលដែលពួកគេកំពុងធ្វើសកម្មភាពលួចយកម៉ូតូ។

ពលរដ្ឋបន្តថា ហើយរំលងបានមួយថ្ងៃ គឺនៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏កើតឡើងមានករណីចោរមួយក្រុម បានផ្លោះរបងចូលកាត់សោផ្ទះលួចយកម៉ូតូបានសម្រេចអស់ចំនួន២គ្រឿង នៅចំណុចភូមិថ្លល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវទៀតផង។

ដោយសារតែការផ្ទុះភាពអសន្តិសុខខ្លាំងបែបនេះ ពលរដ្ឋសុំធ្វើការសំណូមពរទៅលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មានវិធានការណ៍ទប់ស្កាត់ និងបង្ក្រាបផង ព្រោះថា ក្រុងដូនកែវមិនធំទេ ហើយបើធៀបនឹងកម្លាំងសមត្ថកិច្ចក្នុងស្នងការដ្ឋានវិញមានច្រើនណាស់ នេះមិនបូករួមទាំងកម្លាំងអធិការដ្ឋានក្រុងដូនកែវផង ហេតុអ្វីបានជាអសមត្ថភាពក្នុងការកំណត់ និងបង្ក្រាបមុខសញ្ញាទៅវិញ? ធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋដេកភ័យសឹងតែរាល់យប់យ៉ាងនេះ។
គួររំលឹកថា ៖ ខឹងធ្វើសកម្មភាពមិនបានសម្រេច បា.ញ់ម្ចាស់ផ្ទះ២គ្រា.ប់ ផ្អើលកណ្តាលក្រុងដូនកែវ ៕


ចែករំលែកព័តមាននេះ