ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២​ស្រុក​ចង់​ដាក់​ដាយ​បង្កង ​និង​ដាយ​ត្រី​លិញ តែ​មិនដឹង​​នីតិវិធី​ដាក់​ពាក្យ​ស្នើ​សុំ ខណៈ​ជន​ជាតិ​​វៀតណាម​ដាក់​បាន​រាល់​ឆ្នាំ

1 ឆ្នាំ មុន
  • ព្រៃវែង

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែលរស់នៅ​តាម​ដង​ទន្លេតូច ក្នុងស្រុក​ព្រះស្តេច និង​ស្រុក​ពាម​​ជរ និយាយ​ថា

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែលរស់នៅ​តាម​ដង​ទន្លេតូច ក្នុងស្រុក​ព្រះស្តេច និង​ស្រុក​ពាម​​ជរ និយាយ​ថា ពួក​គាត់​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​២​ក្រុម មាន​គ្នា​ជាង​១០​នាក់​ដាក់​ដាយ​បង្កង និង​ដាយ​ត្រី​លិញ​នៅ​ក្នុង​ទន្លេតូច​រៀង​រាល់​ឆ្នាំ ដែល​មួយ​ក្រុម​ដាក់​នៅ​ចំណុច​ខាងក្រោម​ផ្សារ​ដីក្រហម ក្នុង​ឃុំ​រា​ធរ ស្រុក​ព្រះស្តេច និង​មួយ​ក្រុម​ទៀត​ដាក់​នៅ​ចំណុចដើម​រកា ក្នុង​ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ។

ដាយ​ទាំង​២​កន្លែង​នេះ បាន​ប្រមូល​ចាប់​យក​បង្កង​និង​ត្រី​តូច​ធំ​គ្រប់​ប្រភេទ​ក្នុង​១​ឆ្នាំ​ៗ​រាប់​សិប​តោន យក​ទៅ​លក់​នៅ​លើ​ទីផ្សារ ប្រមូល​លុយ​រាប់​សិប​លាន​រៀល​យ៉ាង​ងាយស្រួល ។ ពលរដ្ឋ​ទាំងនោះ​បញ្ជាក់​ថា ពេល​ឃើញ​ជនជាតិ​វៀត​ណា​ម​ទាំងនោះ​ដាក់​ដាយ​បង្កង ដាយ​ត្រី​ងាយ​ៗ​បែប​នេះ ពួក​គាត់​ក៏​ចង់​ដាក់​ដែរ ប៉ុន្តែ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិន​បាន​សោះ ចំណែក​ជនជាតិ​វៀតណាម​ទាំងនោះ​វិញ ហេតុ​ម៉េច​ក៏​ដាក់​ពាក្យ​ដេញថ្លៃ​បាន​រាល់​ៗ​ឆ្នាំ​ស្រួល​ៗ​ម្ល៉េះ? តើ​គេ​មាន​ខ្សែ​ទុយោ​ធំ​ៗ​មែន​ទេ ?

ចំណែក​ក្រុម​ជនជាតិ​វៀតណាម​ដែល​កំពុង​ដាក់​ដាយ​បង្កង​នៅ​ចំណុច​ទាំង​២​ខាងលើ​នេះ និយាយ​ថា ពួក​គេ​ដាក់​ដាយ​បង្កង​នៅ​ក្នុង​ទន្លេ​តូច​នេះ​ជិត​១០​ឆ្នាំ​ហើយ ។ ការ​ដាក់​ដាយ​នេះ គឺ​ពួក​គេ​ដេញថ្លៃ​បាន​ពី​ខណ្ឌ​រដ្ឋបាល​ជលផល​ព្រៃវែង ដោយ​ក្នុង​១​ឆ្នាំំ​ៗ​ពួក​គេ​ត្រូវ​បង់​ថវិកា​ជូន​រដ្ឋ​ចំនួន​២​លាន​៤​សែន​រៀល​សម្រាប់​ដាយ​បង្កង​មួយ​កន្លែង ហើយ​បើ​សរុប​ទាំង​២​កន្លែង​នេះ គឺ​ចំនួន​៤​លាន​៨​សែន​រៀល ។

ដោយឡែក មន្ត្រី​ជលផល​ខេត្តព្រៃវែង បាន​បកស្រាយ​ថា ពុំ​មានការ​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម​ដេញថ្លៃ និង​ដាក់​ដាយ​បង្កង ដាយ​ត្រី​លិញ ដូច​ការ​លើក​ឡើង​នោះ​ទេ ។ ដាយ​បង្កង​ទាំង​២​កន្លែង​ខាង​លើ​នោះ គឺ​ជនជាតិ​ខ្មែរ​ចំនួន​២​នាក់​ជា​អ្នក​ដេញ​បាន គឺ​ដាយ​ខាងលើ​នៅ​ឃុំ​រា​ធរ ស្រុក​ព្រះស្តេច អ្នក​ដេញ​បាន​ឈ្មោះ ចាន់ ទី ភេទ​ស្រី ។ ចំណែក​ដាយ​ខាងក្រោម​នៅ​ដើម​រកា ស្រុក​ពាម​ជរ អ្នក​ដេញ​បាន​ឈ្មោះ ផល្លា ភេទ​ប្រុស នៅ​អ្នក​លឿង ។ រីឯ​ជនជាតិ​វៀតណាម​ទាំងនោះ គឺជា​អ្នកបច្ចេកទេស​ដែល​ម្ចាស់​ដាយ​ជួល​ធ្វើការ​ឱ្យ​គេ​ប៉ុណ្ណោះ ។

ជុំវិញ​រឿងរ៉ាវ​នេះ​ដែរ មាន​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខ្លះ បាន​លួច​បង្ហើប​ប្រាប់​ថា តាម​ច្បាប់​ជលផល ការ​ដាក់​ពាក្យ​ដេញថ្លៃ​ដាយ​បង្កង និង​ដាយ​ត្រី​លិញ​នៅ​ទូ​ទាំង​ប្រទេស គឺ​មិន​អនុញ្ញាត​ឱ្យ​ជនបរទេស​ដាក់​ពាក្យ​ដេញថ្លៃ​នោះ​ទេ មាន​តែ​ជនជាតិ​ខ្មែរ​មួយ​គត់​ដែល​មាន​សិទ្ធិ​ធ្វើ ។ សម្រាប់​ដាយ​បង្កង គឺ​គេ​មិន​ឱ្យ​ដាក់​ក្រឡា​ញឹក​ទេ ដើម្បី​កុំឱ្យ​ត្រី​តូច​ល្អិត​ជាប់ ។ ប៉ុន្តែ​ការ​ធ្វើ​ជាក់ស្តែង គឺ​មាន​ជនជាតិ​ខ្មែរ​ជា​អ្នក​ឈរឈ្មោះ​ដេញថ្លៃ​ពី​រដ្ឋ ។ ពេល​ដេញ​បាន​ហើយ ក៏​លក់​បន្ត​ឱ្យទៅ​ជនជាតិ​វៀតណាម​ជា​អ្នក​ធ្វើ​ផ្ទាល់ ។ ពេល​មាន​អ្នក​សួរនាំ គេ​ឆ្លើយ​ថា ជនជាតិ​វៀតណាម​ទាំង​នោះ​ជា​អ្នកបច្ចេកទេស​ដែល​គេ​ជួល​មក ហើយ​គេ​ប្រើ​ដាយ​ក្រឡា​ញឹក​ចាប់​យក​ទាំង​បង្កង និង​ត្រី​តូច​ធំ​គ្រប់​ប្រភេទ​គ្មាន​គេច​រួច​ទេ គឺ​ផ្ទុយ​ពី​ច្បាប់​ជលផល​ទាំងអស់ ។

សម្រាប់​ខេត្តព្រៃវែង​ទាំងមូល មិនមែន​មាន​តែ​ស្រុក​ព្រះស្តេច និង​ស្រុក​ពាម​ជរ​ប៉ុណ្ណឹង​ទេ ដែល​មាន​ជនជាតិ​វៀតណាម​ធ្វើការ​នេសាទ​បាន​ដោយ​ស្របច្បាប់​នោះ ។ នៅ​ឯ​ឃុំ​បា​បោង ស្រុក​ពាម​រក៍​ឯណោះ​វិញ ក៏​មិន​ខុស​គ្នា​ដែរ នៅ​តាម​ព្រែក​មួយ​ចំនួន ដែល​ជា​អតីត​ដែន​ឡូត៍​នេសាទ​លេខ​៥ និង​លេខ​៧ ដែល​គ្រប់គ្រង​ដោយ​សហគម​ន៍​នេសាទ​បា​បោង ក៏​មាន​ជនជាតិ​វៀតណាម​កំពុង​ដាក់​របាំង​ព្រួល​ស្បៃ​មុង ចាប់​ប្រមូល​យក​បង្កង ត្រី​តូច​ធំ គ្រប់​ប្រភេទ បាន​យ៉ាង​ស្រួល​ផង​ដែរ ។ ចំណែក​ខាង​សហគមន៍​នេសាទ​បា​បោង ក៏​បាន​ឆ្លើយ​ដូច​គ្នា​ដែរ​ថា ជនជាតិ​វៀត​ណា​ម​ទាំងនោះ គឺជា​អ្នកបច្ចេកទេស​ដែល​សហគមន៍​ជួល​ឱ្យធ្វើ​ទេ (Sic) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ