ខេត្តព្រះវិហារ ៖ ទាន់ទិនករណីយកផ្ទៃដីក្រុមហ៊ុនចំការអំពៅរបស់ចិន ដែលក្ស័យធនទៅជួលអោយប្រជាពលរដ្ឋមួយហិកតាតម្លៃរាប់សែនរៀល ដើម្បីដាំដំឡូងមី និងធ្វើស្រែ មានឯកសារមួយចំនួនធំបានស្តែងបញ្ជាក់ថា មេការជនជាតិចិន និងបក្សពួកខ្មែរប៉ុន្មាននាក់ទៀត សម្ងំធ្វើនំអត់ម្សៅ ហើយយកលុយចែកគ្នាយ៉ាងត្រជាក់ពង។

យោងតាមឯកសារដែលកោះសន្តិភាពទទួលបាន គឺមានការពាក់ព័ន្ធលោកស្រី យូ ចាន់រី ដែលមានប្តីជាជនជាតិចិន និងលោក យឹម ម៉េង បានធ្វើលិខិតកិច្ចសន្យា និងអនុញ្ញាតអោយប្រជាពលរដ្ឋប្រើប្រាស់ថែរក្សាដីក្រុមហ៊ុនចិន ដោយមានកិច្ចសន្យា ការទទួល និងបង់ប្រាក់ជាដើម ចាប់តាំងពីឆ្នាំ២០២១ រហូតដល់ដើមឆ្នាំ២០២៣។ ផ្ទៃដីក្រុមហ៊ុន ហេង យូ មានទំហំសរុបប្រមាណជា៥៤០៩ ហិកតា ជាផ្ទៃដីបានចុះបញ្ជីដីរដ្ឋរួចរាល់ មានប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កា.ប់អចលនវត្ថុចំនួន៥ប័ណ្ណ នៅឆ្នាំ២០១៦ និងឆ្នាំ២០១៨ ចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះវិហារ ដែលមានទីតាំងស្ថិតនៅឃុំម្លូព្រៃមួយ ឃុំសង្កែមួយ ឃុំឆែបមួយ និងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ កាន់កា.ប់សម្រាប់ប្រើប្រាស់ធ្វើការវិនិយោគដំណាំអាកាស្យា អំពៅ និងសាកវប្បកម្ម។ កិច្ចសន្យានេះ គឺមានរយៈពេល៥០ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នៃកិច្ចសន្យាដើមចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១១។
ក្រោយដំណើការដាំដុះវិនិយោគមិនបាន១០ឆ្នាំផង ក្រុមហ៊ុននេះ បច្ចុប្បន្នថាក្ស័យធន ព្រមទាំងលក់ចេញនៅសម្ភារៈគ្រឿងចក្រស្ទើរអស់រលីង គឺនៅតែសំបកសំណង់អគារោងចក្រតែប៉ុណ្ណោះ។ ចំណែកផ្ទៃដីដែលរាបស្មើ គ្មានព្រៃមួយដើមនោះ ត្រូវបោះបង់ និងបង្កក់ទុកចោល។ ក្រោយមកប៉ុន្មានឆ្នាំនេះ ក៏ស្រាប់មានមេការជនជាតិចិន និងបក្សពួកដែលជាខ្មែរប៉ុន្មាននាក់ បានឃុបឃិតគ្នាយកផ្ទៃដីដែលក្ស័យធនទាំងនោះ ទៅជួលបន្តគ្នាអោយប្រជាពលរដ្ឋដាំដំឡូង និងធ្វើស្រែ ចាប់ពីតម្លៃទាបបំផុត គឺ៤០ម៉ឺនរៀល រហូតដល់៦០ម៉ឺរៀល និងអាចឡើងដល់៨០ម៉ឺនរៀលក្នុងមួយហិកតា ទៅតាមតំបន់ដីល្អ ឬមិនសូវល្អ។

ពាក់ព័ន្ធកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចរវាងរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគ បើកាលណាក្រុមហ៊ុននោះ ត្រូវក្ស័យធន មានតែរដ្ឋាភិបាលមួយគត់ដែលមានសិទ្ធិចាត់ចែងបន្ត ក្រៅពីនោះពុំមានសិទ្ធិជួល ឬសម្បទានទៅអោយបុគ្គលណាផ្សេងឡើយ។ តែមិនដឹងថា មេការជនជាតិចិន និងបក្សពួកខ្មែរប៉ុន្មាននាក់ ដែលត្រូវប្រជាពលរដ្ឋចំនួន៣០គ្រួសារ ផ្តិតមេដៃតំណាងអោយប្រជាពលរដ្ឋ៣៧០គ្រួសារ ធ្វើពាក្យបណ្តឹងទៅកាន់អភិបាលស្រុកឆែប ដោយប្តឹងឈ្មោះ យូ ចាន់រី, ឈ្មោះ យឹម ម៉េង, ឈ្មោះ រឿង គង់ និងឈ្មោះ សៀវ ឈិន ដែលថ្លើមធំហ៊ានយកដីក្ស័យធននោះ ទៅជួលអោយប្រជាពលរដ្ឋយកលុយចែកគ្នាដូច្នេះសោះ។
ដោយឡែក ពាក់ព័ន្ធក្រោយការជួលដីតម្លៃកប់ក្តោងសម្រាប់ដាំដុះដំណាំកសិកម្ម ពេលបានផល គឺត្រូវលក់អោយឈ្មួញដែលដាក់សៃឡូ ជញ្ជីង នៅក្នុងបរិវេណដីក្រុមហ៊ុននោះ ដោយបានកៀបតម្លៃក្រោមទីផ្សារ និងមានការគំរា.មកំហែង បើពុំព្រមលក់ផលិតផលអោយពួកគេទេ នោះឆ្នាំក្រោយពួកគេមិនព្រមជួលដីអោយបន្តឡើយ។
ដោយសារតែការកៀបតម្លៃ និងបាត់គីឡូច្រើនពេក ប្រជាពលរដ្ឋត្រូវបង្ខំចិត្តដឹកកសិផលរបស់ខ្លួនទៅតាមច្រករបៀងផ្សេង ដែលនៅកៀបនឹងផ្លូវជាតិ ក៏ត្រូវពួកគេប្រើប្រាស់គ្រឿងចក្រកាយប្រឡាយផ្តាច់ផ្លូវ គ្រប់ច្រក ទុកតែច្រកធំមួយខ្សែប៉ុណ្ណោះ ដែលជាច្រកបាំងបារ៉ាស់។ លុះរហូតមកទល់បច្ចុប្បន្ននេះ បារ៉ាស់ក៏នៅតែដាក់សៃឡូ ជញ្ជីង នៅតែមាន ចំណែកប្រឡាយបង្គោលថ្មមួយចំនួន ក៏បានលុបវិញខ្លះៗ និងខ្លះទៀតមិនទាន់លុបវិញដែរ។

រហូតដល់ថ្ងៃព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ទើបឃើញមានក្រុមការងាររបស់ខេត្ត បាននាំគ្នាទៅអើតមើលបង្គ្រប់កិច្ចបំពេញតួនាទី ហើយលោក អ៊ុង វុទ្ធី អភិបាលរងខេត្ត ក៏សម្ដែងធ្វើជាបទសម្ភាសន៍បង្ហាញអ្នកប្រព័ន្ធផ្សព្វផ្សាយ ដូចគេសូត្រមេលេខយ៉ាងពីរោះរណ្ដំថា «ខាងក្រុមហ៊ុនមិនបានកាយដីដាំបង្គោលថ្ម បិទផ្លូវដូចការចុះផ្សាយចោទប្រកាន់នោះឡើយ ហើយក៏មិនបានដាក់បារ៉ាស់យកលុយពីកសិករដែរ»។ តែនៅក្នុងន័យនេះ ពាក្យបណ្តឹង និងការផ្សព្វផ្សាយនោះ ពុំមានការចោទប្រកាន់ថា ដាក់បារ៉ាសយកលុយនោះទេ គឺកៀបតម្លៃទិញ។ ឯការផ្តល់បទសម្ភាសន៍របស់លោកអភិបាលរងខេត្ត បកស្រាយផ្ទុយស្រឡះពីប្រជាពលរដ្ឋបានបង្ហាញ។
បើស្ដាប់តាមការរៀបរាប់របស់លោក អ៊ុង វុទ្ធី ទំនងដូចជានៅក្នុងមូលដ្ឋាននេះ មិនមានប្រជាពលរដ្ឋម្នាក់ណារងការឈឺចាប់ ដោយសារការរំលោ.ភបំពាននោះទេ ពោលគឺមើលទៅដូចជាមានភាពសុខដុមរមនាខ្លាំងបំផុត ប៉ុន្តែធាតុពិតកិច្ចការរបស់លោកពេលនេះ បើនិយាយជាភាសាបារាំង គឺហ្សេរ៉ូ ព្រោះលោកបានត្រឹមតែជួបផឹកតែ ហូបស្ករជាមួយតំណាងក្រុមហ៊ុន តែមិនបានចុះស្រង់មតិ ដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះឡើយ។
យ៉ាងណា បើតាមប្រភពមួយទៀតបានលួចបង្ហើបឲ្យដឹងថា ការទំនាក់ទំនងជាមួយក្រុមហ៊ុនចិន ទៅនឹងការជួលដីផ្ទាល់ និងបន្តធ្វើការដាំដុះដំណាំកសិកម្មនោះ អាចនឹងមានមន្ត្រីគ្រាក់ៗថ្នាក់ខេត្ត ធ្វើជាខ្នងបង្អែកផងដែរ។ តើនេះដូចពាក្យចាស់លោកថា ច្រ.បាច់.កចិន លៀនអណ្តាតខ្មែរដែរឬទេ?
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕







ចែករំលែកព័តមាននេះ