ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ឱ្យ​ជីក​ជម្រៅ​៣​ម៉ែត្រ​… តែ​ជាក់ស្តែង​ដល់​ក្បាល​ប្រេត​… ក្រុម​​ជីក​រណ្តៅ​យក​​អាចម៍ដី​លក់​កំពុង​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ

1 ឆ្នាំ មុន
  • ស្វាយរៀង

ប្រជាពលរដ្ឋ​ភូមិ​ព្រះ​ទន្លេ មាន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ បាន​ធ្វើ​សកម្មភាព​ជីករណ្តៅ​ដី​ដោយ​​កាយ​ផ្លូវភ្លោះ ដែល​ជា​ផ្លូវ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ច្រូតកាត់ ធ្វើ​ឱ្យ​ខូច​ប្រវែង​ប្រមាណ​៨០​ម៉ែត្រ មិន​អាច

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ភូមិ​ព្រះ​ទន្លេ មាន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ បាន​ធ្វើ​សកម្មភាព​ជីករណ្តៅ​ដី​ដោយ​កាយ​ផ្លូវភ្លោះ ដែល​ជា​ផ្លូវ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ច្រូតកាត់ ធ្វើ​ឱ្យ​ខូច​ប្រវែង​ប្រមាណ​៨០​ម៉ែត្រ មិន​អាច​ចេញចូល​យក​គ្រឿងចក្រ​ទៅ​ច្រូតស្រូវ​បាន​ឡើយ​។ ហើយ​ការ​ដឹក​ដី​វិញ​ធ្វើ​ឲ្យ​បាក់​ស្រុត​ផ្លូវ​ប្រឡាយ​ជា​រណ្តៅ​ក្រហេងក្រហូង​ពិបាកធ្វើ​ដំណើរ និង​ដឹក​ដី​លើស​ទ្រុង ធ្វើ​ឱ្យ​ជ្រុះ​ធ្លាក់​លើ​ផ្លូវជាតិ​លេខ​១៣ បង្ក​ហា​នី​ភ័យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​។ លុះ​ពេល​មាន​ភ្លៀង​ធ្លាក់​ធ្វើ​ឱ្យ​ផ្លូវ​រអិល ពេល​ថ្ងៃ​ក្តៅ​ធ្វើ​ឱ្យ​ហុយ​ទ្រលោម​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ផ្លូវជាតិ​លេខ​១៣​នេះ​ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​សង្ឃ​រ័ ជួយ​អន្តរា​គមន៍ និង​ដោះស្រាយ​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា កន្លង​មក មាន​ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ នៅ​ជាប់​រណ្តៅ​ដី​ថ្មី​នេះ គឺ​ជីក​ទំហំ​ធំ​ជិត​២​ហិ​កតា ជម្រៅ​៨​ម៉ែត្រ ជីក​ជាប់​ភ្លឺស្រែ​របស់​ប្រជាពលរដ្ឋ បច្ចុប្បន្ន​គឺ​បាក់​ដី ជិត​ដល់​ដីស្រែ​របស់​ពួក​គាត់ ទើប​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​។

ករណី​ប្រជាពលរដ្ឋ​តវ៉ា​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ព្រះ​ទន្លេ ក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ដោយ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ឡើយ​។

បើ​តាម​លោក​មេ​ភូមិ​ព្រះ​ទន្លេ បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ លោក​បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​នោះ ហើយ​ក៏​បាន​រាយការណ៍​ជូន​លោកស្រី​ចៅសង្កាត់​សង្ឃ័រ ដើម្បី​ដោះស្រាយ​។

ទាក់ទិន​ករណី​នេះ​ដែរ លោកស្រី​ចៅសង្កាត់​សង្ឃ័រ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​ថា លោកស្រី​ទើបតែ​ទទួល​បាន​ព័ត៌មាន​ពី​លោក​មេ​ភូមិ​ព្រះ​ទន្លេ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ហើយ​ចំពោះ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​លក់​នោះ គឺ​មាន​២​ក្រុមហ៊ុន​។ ក្នុង​នោះ​ក្រុមហ៊ុន «​ជុំ ខាន់​» ដែ​មាន​ល​ម្ចាស់​អាជីវកម្ម​ឈ្មោះ ជុំ ខាន់ នៅ​ភូមិ​ក្តុ​យ ឃុំ​ស្តើង​ជ័យ ស្រុក​ជើង​ព្រៃឈរ ខេត្តកំពង់ចាម បាន​យក​ច្បាប់​ធ្វើ​អាជីវកម្ម​មក​ជម្រាប​ជូន​រដ្ឋបាល​សង្កាត់​សង្ឃ័រ និង​បាន​ធ្វើ​កិច្ចសន្យា​ជួសជុល​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​វិញ រីឯ​ក្រុមហ៊ុន​មួយទៀត គឺ​លោកស្រី​មិន​ស្គាល់​ទេ ដោយ​យក​គ្រឿងចក្រ​មក​ធ្វើ​សកម្មភាព ដោយ​មិន​បាន​សុំ​ច្បាប់ ឬ​ជូនដំណឹង​ដល់​អាជ្ញាធរ​សង្កាត់​សង្ឃ័រ បានដឹង​ទេ គ្រាន់តែ​បានឮ​ថា ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​នោះ​មានឈ្មោះ សាន មេការ​តំបន់​សេដ្ឋកិច្ច​ពិសេស «​ជី​លូ​»​។

លោកស្រី​ចៅសង្កាត់​សង្ឃ័រ បន្ត​ថា ហើយ​ក្រុមហ៊ុន​នេះ បាន​ជីក​កកាយ​ផ្លូវ ភ្លឺ​ភ្លោះ របស់​ប្រជាពលរដ្ឋ​ខូច​អស់​ប្រវែង​៨០​ម៉ែត្រ ដាក់​គ្រឿងចក្រ​បិទផ្លូវ​ប្រជាពលរដ្ឋ មិន​អាច​យក​គ្រឿងចក្រ​ចូល​ទៅ​ច្រូតស្រូវ​បាន ខណៈ​ស្រូវ​ទុំ​ពេញ​ស្រែ​។ ហើយ​រថយន្ត​ដឹក​អាចម៍ដី​នេះ បាន​បើក​កិនស្រូវ​របស់​ប្រជាពលរដ្ឋ​ខូចខាត​អស់​មួយ​ចំនួន និង​បាន​ស្រុត​ផ្លូវ និង​ដឹក​ដី​ខុស​បច្ចេកទេស )​ដឹក​លើស​ទ្រុង​) គ្មាន​គ្រប​បង្ក​ឲ្យ​អាចម៍ដី​ជ្រុះ​ធ្លាក់​លើ​ផ្លូវជាតិ​លេខ​១៣ បង្ក​ហា​នី​ភ័យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើ​តាម​ដងផ្លូវ​ទៀត​ផង ហើយ​អាជ្ញាធរ​បាន​ឲ្យ​ក្រុមហ៊ុន​ដឹក​ដី​នោះ​កៀរ​ដី​ដែល​ធ្លាក់​លើ​ផ្លូវជាតិ​លេខ​១៣ នោះ​រួច​ហើយ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​ឈ្មោះ សាន មេការ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជី​លូ​បាន​ទេ គឺ​មានឈ្មោះ ផុ​ន បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា «​មេ​គាត់​ជាប់រវល់​»​។ ចំណែក​លោក ជុំ ខាន់ ម្ចាស់​អាជីវកម្ម «​ជុំ​ខាន់​» បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លោក​មានច្បាប់​ធ្វើ​អាជីវកម្ម ជីករណ្តៅ​ដី​ទំហំ​៤,០០០​មែ​ត្រ​កា​រ៉េ​ស្មើ​៤០​អា ជីករណ្តៅ​ដី​ជម្រៅ​០៦​ម៉ែត្រ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា រណ្តៅ​ដី​ជាក់ស្តែង អាច​ជីក​ជម្រៅ​០៨​ម៉ែត្រ ដោយ​ខ្លួន​ទិញ​ដី​ថ្លៃ ហើយ​លោក​​ប្រ​ធា​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្តស្វាយរៀង បាន​ប្រាប់​ថា បើ​ជីក​លើស​ពី​ច្បាប់​កំណត់​បាន តែ​ត្រូវ​បង់​សួយ​សាករ​បន្ថែម​។ ហើយ​អ្វី​ដែល​ខុស​ប្រក​តី​នោះ ម្ចាស់​អាជីវកម្ម «​ជុំ​ខាន់​» បាន​ប្រើ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ស៊ី​កា អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៦ មាន​ទីលំនៅ​ភូមិ​រការ ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង មក​ធ្វើការ​ជា​កម្មករ «​ប្រ៊ូ​» បើក​អេ​ស្កា​វ៉ា​ក់​ទ័​រ ជីក​អាចម៍ដី​រយៈពេល​០៣​ខែ​មក​ហើយ (​កេង​កម្លាំង​ពលកម្ម​លើ​កុមារ​)​។

បើ​តាម​លោក ប៉ាត់ សាក់ ប្រធាន​កា​រិ​ល័យ​ធនធាន​រ៉ែ នៃ​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត បាន​មាន​ប្រសាសន៍​ថា ករណី​ក្រុមហ៊ុន​អាជីវកម្ម​ជីករណ្តៅ​ដី​ចំនួន​២ នៅ​ចំណុច​ភូមិ​ព្រះ​ទន្លេ សង្កាត់​សង្ឃ័រ គឺ​សុំ​ច្បាប់​សាលាក្រុង​ស្វាយ​រៀង ដោយ​ថ្នាក់​ជាតិ​ធ្វើ​ប្រតិភូកម្ម​ឲ្យ​ថ្នាក់​ស្រុក​-​ក្រុង អនុញ្ញាតិ​ធ្វើ​អាជីវកម្ម​ចល័ត​លើ​ផ្ទៃដី​ក្រោម​១​ហិ​កតា ជម្រៅ​០៣​ម៉ែត្រ ចំណែក​មន្ទីរ​គ្រាន់តែ​ពិនិត្យ​លើ​បច្ចេកទេស និង​បង់​សួយ​សាករ​ប៉ុណ្ណោះ ។

ប៉ុន្តែ​ច្បាប់​ជីក​ត្រឹម​០៣​ម៉ែត្រ ប៉ុន្តែ​ជាក់ស្តែង​ជីក​ដល់​ក្បាល​ប្រេត សូម​អាជ្ញាធរ​ខេត្ត ចុះ​ពិនិត្យ​មើល​ផង​ទាន​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ