ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់គ្នា​អូន​បង​1​អាទិត្យ​ចាញ់​សម្រស់​អស់​ស្គូ​ពី​1​គ្រឿង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយនឹង​ស្រី​ស្រស់​សោភា​ម្នាក់ និង​បាន​បង្កើត​ភាព​ជិត​ស្និទ្ធ​ជាមួយ​គ្នា​មិនដឹង​យ៉ាងណា​យ៉ាង​ណី​ខ្លះ​ទេ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយនឹង​ស្រី​ស្រស់​សោភា​ម្នាក់ និង​បាន​បង្កើត​ភាព​ជិត​ស្និទ្ធ​ជាមួយ​គ្នា​មិនដឹង​យ៉ាងណា​យ៉ាង​ណី​ខ្លះ​ទេ ។ បន្ទាប់​មក​នាង​បាន​ធ្វើ​ដំណើរ​ទៅ​លេង​បុរស​នោះ​ដល់​បន្ទប់​និង​ស្នាក់​នៅទីនោះ​ចំនួន​៣​យប់​ថែម​ទៀត នា​ថ្ងៃ​ចូល​ឆ្នាំ​ទី​២​។ បន្ទាប់​មក ស្ត្រី​នោះ​បាន​ខ្ចី​ម៉ូតូ​ជិះ ដោយ​ប្រាប់​ថា​អូន​ទៅ​រក​ទិញ​ម្សៅលាបមុខ​មួយ​ភ្លែត ។ ឯបុរស​នេះ​មិន​នឹក​ស្មានថា​នាង​ម្នាក់​នេះ​មានគំនិត អាក្រក់​ឡើយ ក៏​បាន​ឲ្យ​ខ្ចី​ហើយ​ស្ត្រី​នោះ​ក៏​បាន​យក​ទៅ​បាត់​រហូត​តែ​ម្ដង​។ ក្រោយ​ពេល​ចាញ់បោក​ស្ត្រី​ខាងលើ បុរស​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យបណ្ដឹង កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមេសា ។

បុរស​នោះ​ឈ្មោះ ប៊ុ​ន ហ៊ុ​ល អាយុ​៣៥​ឆ្នាំ​មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​B39 ផ្លូវលំ ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែកឯ​ស្ត្រី​ឆបោក​នោះ​ឈ្មោះ ធីតា ហៅ​ត្រងោល អាយុ​ប្រហែល​ជាង​២០​ឆ្នាំ មិនដឹង​ថា​ស្នាក់​នៅ​ទីណា​ឡើយ បាន​មក​ដេក​កៀកកើយ​ផ្អែម​ត្រជាក់​បាន​៣​យប់ ក៏​បោក​យក​ម៉ូតូ​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CX-៨១២៨  ទៅ​បាត់​ដោយ​សុវត្ថិភាព ។

បុរស​ខាងលើ​ឲ្យ​ដឹង​ថា ខ្លួន​បាន​ស្គាល់​នារីម្នាក់​នោះ​តាម​រយៈ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១២ ខែមេ​សា ហើយ​ចាប់តាំងពី​បាន​ស្គាល់គ្នា​កាលណា​មក តែងតែ​ទូរស័ព្ទ​រកគ្នា​និង​និយាយ​គ្នា​លេង​ជា​បន្តបន្ទាប់ ។ ម្យ៉ាងទៀត នាង​បាន​ទៅ​លេងខ្លួន​ដល់​បន្ទប់ ព្រមទាំង​ស្នាក់​នៅ​ទីនោះ​រយៈពេល​៣​យប់​ទៀត​ផង ។ លុះ​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ស្ត្រី​រូប​នេះ​បាន​ខ្ចី​ម៉ូតូ​របស់​ខ្លួន​ជិះ​ដោយ​ប្រាប់​ថា ទៅ​ទិញ​ម្សៅលាបមុខ​មួយ​ភ្លែត ។ មុន​ដំបូង ខ្លួន​មានការ​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​មិន​ចង់​ឲ្យ​ដែរ និង​បាន​និយាយ​ថា នាង​ថា​ម្សៅ​នៅ​ជិត​នេះ​មាន​ដែរ ប៉ុន្តែ​នាង​ថា​កន្លែង​ផ្សេង​បាន​ល្អ ហើយ​ក៏​យក​ម៉ូតូ​ជិះ​ទៅ​បាត់​រហូត​តែ​ម្ដង ។

ប្រភព​ដដែល​បន្ត​ថា ខ្លួន​មិន​បានដឹង​និង​ចាប់អារម្មណ៍​ថា​ស្ត្រី​ម្នាក់​នោះ​គឺជា​ជើងល្អ​ខាង​បោក​បែប​នេះ​ទេ ទើបត្រូវ​នាង​បោក​បាន ហើយ​ក្រោយ​ពី​ដឹង​ថា​ចាញ់បោក ខ្លួន​បាន​តាម​រក​គ្រប់​ទីកន្លែង ប៉ុន្តែ​មិន​បានឃើញ​ឡើយ ហើយ​ក៏​មិន​បានដឹង​ថា​នាង​ម្នាក់​នេះ​មាន​ទីលំនៅ​នៅឯណា​ដែរ ។ ប៉ុន្តែ​ខ្លួន​មាន​រូបថត​របស់​នាង​ម្មា​ក់​នោះ ហើយ​បន្ទាប់​ពី​តាម​រក​មិនឃើញ​ទើប​ផ្ដិត​រូបថត​ជា​ច្រើន​សន្លឹក​កាន់​ទៅ​ប៉ុស្ដិ៍​នគរបាល ដាក់​ពាក្យបណ្ដឹង ។

ប្រសិនបើ​បងប្អូន​ណា​បានឃើញ​ស្ត្រី​ដែល​មាន​ភិនភាគ​ដូច​នៅ​ក្នុង​រូបថត​នេះ សូម​ជួយ​ឃាត់ខ្លួន​ឬ​ក៏​ផ្ដល់​ដំណឹង​មក​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ផង ជា​ពិសេស​សូម​មានការ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ចាញ់បោក​នាង​នោះ​ទៀត ៕