ប្រេស៊ីលបានបាត់បង់ព្រៃឈើចំនួន៩០៤គីឡូម៉ែត្រការ៉េ នៅក្នុងតំបន់ព្រៃអាម៉ាហ្សូនសម្រាប់ខែតុលា ដែលជាកំណត់ត្រាថ្មីប្រចាំខែ ។ នេះបើយោងតាមតួលេខផ្លូវការកាលពីថ្ងៃសុក្រ ទី១១ វិច្ឆកា ។ ព័ត៌មាននៃការកាប់បំផ្លាញព្រៃឈើដ៏ច្រើនសន្ធឹកសន្ធាប់នេះ កើតឡើងមុនពេលប្រធានាធិបតីស្តាំនិយមលោក Jair Bolsonaro បញ្ចប់អាណត្តិរយៈពេល៤ឆ្នាំ ។

អតីតមេទ័ពរូបនេះ រងការរិះគន់យ៉ាងខ្លាំងចំពោះគោលនយោបាយ ដែលត្រូវគេមើលឃើញថា បានជំរុញឱ្យមានការកាប់បំផ្លាញព្រៃឈើ ។ ប្រព័ន្ធអង្កេតផ្កាយរណប DETER បានរកឃើញការកាប់បំផ្លាញព្រៃឈើកើន ឡើង៣ភាគរយនៅក្នុងតំបន់ព្រៃត្រូវពិចដ៏ធំបំផុតរបស់ពិភពលោក ធៀបទៅនឹងខែតុលា ឆ្នាំ២០២១។ទំហំនៃការទើបកាប់បំផ្លាញថ្មីលាតសន្ធឹងលើផ្ទៃដីទំហំជាងពាក់កណ្តាលទីក្រុង Sao Paulo។
ដោយនៅសល់ត្រឹម២ខែទៀត ឆ្នាំ២០២២នេះ ជាឆ្នាំដ៏អាក្រក់បំផុតរួចហើយសម្រាប់ការបំផ្លាញព្រៃឈើនៅអាម៉ាហ្សូន ចាប់តាំងពីប្រព័ន្ធផ្កាយរណប DETER ចាប់ផ្តើមធ្វើការពិនិត្យមើលនៅក្នុងឆ្នាំ២០១៥។ ទោះយ៉ាង ណា តួលេខខ្ពស់នៃការបំផ្លាញព្រៃឈើត្រូវបានកត់ត្រាទុកនៅដើមឆ្នាំ២០០០។

រហូតមកដល់ពេលនេះ ព្រៃឈើជិត៩.៥០០គីឡូម៉ែត្រការ៉េត្រូវបានបំផ្លាញ ធៀបទៅនឹងព្រៃឈើ ៩.២០០គីឡូម៉ែត្រការ៉េដែលត្រូវបានបំផ្លាញនៅក្នុងឆ្នាំ២០២១។

មូលនិធីពិភពលោក សម្រាប់ធម្មជាតិ (WWF) និយាយថា ការបំផ្លាញព្រៃឈើ និងភ្លើងឆេះព្រៃបានផ្ទុះឡើងកាលពីការបោះឆ្នោតប្រធានាធិបតីនាខែមុន ដែលអ្នកឆ្វេងនិយមឈ្មោះ Luiz Inacio Lula da Silva បានទទួលជ័យជន្នះលើលោក Jair Bolsonaro។

លោក Luiz Inacio Lula da Silva ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីចាប់ពីឆ្នាំ ២០០៣ ដល់២០១០ បានសន្យាថា នឹងកាត់បន្ថយការបំផ្លាញព្រៃឈើ៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ