ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផ្គូផ្គង​គូ​ប្រដាល់ ពន្យល់​មូលហេតុ​មិន​ដាក់​កីឡាករ​ជម្រើសជាតិ​ឱ្យ​ប្រកួត​នៅ​សង្វៀន​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក នាង ស៊ី​វុ​ត្ថា ប្រធានផ្គូផ្គង​គូប្រកួត​ប្រដាល់​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន

រាជធានី​ភ្នំពេញ ៖ លោក នាង ស៊ី​វុ​ត្ថា ប្រធានផ្គូផ្គង​គូប្រកួត​ប្រដាល់​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន បាន​ពន្យល់​មូលហេតុ​មិន​យក​កីឡាករ​ជម្រើសជាតិ​គុន​ខ្មែរ​មក​ប្រកួត​នៅ​សង្វៀន​របស់​ខ្លួន ខណៈ​សង្វៀន​ទី​៧«​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ស្រា​បៀរ​ម៉ា​ទ្រី​ដ​» បាន​លេចមុខ​ឡើង​ស​ប្ដា​ហ៍​ទី​១​កាលពី​ថ្ងៃអាទិត្យ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​១ រសៀល​តទៅ​។

លោក នាង ស៊ី​វុ​ត្ថា បាន​ថ្លែង​ក្នុង​សម្ដី​ដើមក្នុង​សន្និសីទ​សារព័ត៌មាន​ថា​«​ចេតនា​របស់ខ្ញុំគឺ​ចង់​ទុក​ឱកាស​ឲ្យ​កីឡាករ​ជម្រើសជាតិ​យើងគាត់​បាន​ហ្វឹកហាត់​ពេញលេញ​ក្នុង​ជំរំ​ហ្វឹកហាត់ ព្រោះថា ការ​ប្រកួត​នៅ​ទី​នេះ​គឺ​ត្រូវ​ប្រកួត​ឲ្យ​អស់​សមត្ថភាព ហើយ​ខ្ញុំ​គិត​ថា​មក​ដល់​ពេល​នេះ​វា​កៀក​នឹង​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​យើង​ទៅ​ហើយ ។ ដូច្នេះ បើសិនជា​ខ្ញុំ​យក​ពួក​គាត់​មក​ប្រកួត លោតែ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាច​វា​ប៉ះពាល់​ដល់​ប្រយោជន៍​ធំ​គឺ​ស៊ី​ហ្គេ​ម​យើង​តែ​ម្ដង ទើប​ខ្ញុំ​សម្រេច​ថា មិន​យក​កីឡាករ​ជម្រើសជាតិ​យើង​មក​ប្រកួត​នៅ​ទី​នេះ​ទេ គឺ​ទុក​ឲ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ឯកឧត្ដម តែម ម៉ឺន លោក​គ្រប់គ្រង​ចុះ​»​។

លោក​បន្ថែម​ថា ទាក់ទង​ការ​បង្កើត​កម្មវិធី​បន្ថែម​ទៀត បាយ័ន ក៏​មាន​គម្រោង​ក្នុង​ការ​បន្ថែម​ដែរ ពោល​គឺ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយ​កំពុងទាក់ទង​ចង់បាន​មួយ​សង្វៀន​ទៀត​ដែរ ដូច្នេះ​ប្រសិនបើ​បង្កើត​ទៀត​នោះ​នៅ​បាយ័ន​នឹង​មាន​៨សង្វៀន ។ យ៉ាងណា​ក៏​ដោយ ស្ថានីយទូរទស្សន៍បាយ័ន​ក៏​មិន​ទាន់​សម្រេច​ថា នឹង​បង្កើត​ទៀត​ឬ​អត់​ទេ ព្រោះថា​បច្ចុប្បន្ន​ម៉ោង​សម្រាប់​ការ​ផ្សាយ​នៅ​លើ​ស្ថានីយទូរទស្សន៍​គឺ​មាន​ភាព​ពេញលេញ​ទៅ​ហើយ ដូច្នេះ​មាន​តែ​រង់ចាំ​ការ​សម្រេច​ជា​ចុង​ក្រោយ​ថា ត្រូវ​ជ្រើសរើស​ម៉ោង​ណា ដើម្បី​បង្កើត ឬ​ក៏​មិន​បង្កើត​តែ​ម្ដង​។

ទន្ទឹម​នឹង​នោះ​ដែរ ទាក់ទង​ការ​ពង្រីក​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​វិញ ប្រិ​យ​មិត្ត​អ្នក​ស្នេហា​គុន​ខ្មែរ​ពិតជា​បានដឹង​ហើយ​ថា សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ តែង​ខ្វះ​កៅអី​សម្រាប់​អ្នក​ចូល​ទស្សនា​ផ្ទាល់ ព្រោះថា​ពេញ​ៗ​សង្វៀន​តែ​ម្ដង​រៀង​រាល់​ស​ប្ដា​ហ៍​។ ប្រសិនបើ​សួរ​ថា តើ​ពេល​ណា​ស្ថានីយ​គិត​ចង់​ពង្រីក​កន្លែង​អង្គុយ​នោះ​គឺ​លោក​មិន​ហ៊ាន​ឆ្លើយ​ឡើយ ព្រោះថា​ចំណុច​នេះ​វា​ហួស​ដែន​សមត្ថកិច្ច​របស់​លោក ។

យ៉ាង​ណា​លោក​ក៏​ជឿ​ថា ប្រិ​យមិត្ត​អ្នក​ស្នេហា​គុន​ខ្មែរ ពិសេស​អ្នក​ធ្លាប់​មក​ទស្សនាផ្ទាល់ ដែល​រក​កន្លែង​អង្គុយ​មិន​បាន សូម​មេត្តា​អធ្យាស្រ័យ ព្រោះ​កន្លង​មក​ស្ថានីយ​ក៏​បាន​ដោះស្រាយ​​ដូច​ជា​ដាក់​ផ្ទាំង LED ខ្នាត​យក្ស​នៅ​ខាងក្រៅ​ស្ថានីយ​ជូន​បងប្អូន​អ្នក​ទស្សនា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ