មេដឹកនាំអាស៊ាន ៥ប្រទេសហើយ បានមកដល់ភ្នំពេញ
- ភ្នំពេញ
ភ្នំពេញ៖ គិតត្រឹមម៉ោងជាង ៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ មានមេដឹកនាំប្រទេសអាស៊ាន ចំនួន ៥ប្រទេសហើយ…
ភ្នំពេញ៖ គិតត្រឹមម៉ោងជាង ៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ មានមេដឹកនាំប្រទេសអាស៊ាន ចំនួន ៥ប្រទេសហើយ…
ភ្នំពេញ៖ គិតត្រឹមម៉ោងជាង ៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ មានមេដឹកនាំប្រទេសអាស៊ាន ចំនួន ៥ប្រទេសហើយ បានមកដល់ភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមកដល់ភ្នំពេញ កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ហើយបន្តស្នាក់នៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
ចំណែកព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូហ្សាឡឹម ដែលជានាយករដ្ឋមន្ត្រីព្រុយណេ បានដឹកនាំគណៈប្រតិភូ យាងមកដល់ភ្នំពេញ នារសៀលថ្ងៃទី០៩ ខែវិច្ជិកា ឆ្នាំ២០២២ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
រីឯលោក Phankham Viphavanh នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ភ្នំពេញ នាល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតី នៃប្រទេសហ្វីលីពីន និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។
តាមកម្មវិធី ដែលបានគ្រោងទុក មេដឹកនាំអាស៊ាន នឹងបន្តធ្វើដំណើរមកកម្ពុជា នាព្រឹកថ្ងៃទី១០វិច្ឆិកាស្អែកនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងនោះ នៅសល់តែមេដឹកនាំថៃ សឹង្ហបុរី និងម៉ាឡេស៊ីប៉ុណ្ណោះ ព្រោះមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនត្រូវបានអាស៊ាន អញ្ជើញឱ្យចូលរួមប្រជុំឡើយ ដោយសារតែមីយ៉ាន់ម៉ា មិនបានធ្វើតាមកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន។
តាមកម្មវិធី ដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី១០វិច្ឆិកា មេដឹកនាំអាស៊ាន ត្រូវចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះបរមរាជវាំង មុននឹងចូលរួមកិច្ចប្រជុំដាច់ដោយឡែកពីគ្នា ជាមួយតំណាងអន្តរសភាអាស៊ាន AIPA កិច្ចប្រជុំជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៅពេលរសៀល នៅសណ្ឋាគារ សុខា ភ្នំពេញ។
ដោយឡែក នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ នឹងប្រារព្ធពិធីបើកកិច្ចប្រជុំ ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ នេះ។
បន្ទាប់មក នៅរសៀលម៉ោង ២ ថ្ងៃទី១១វិច្ឆិកា គឺកិច្ចប្រជុំអាស៊ាន-ចិន លើកទី២៥។ កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៣។ កិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២។
ដោយឡែក នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កិច្ចប្រជុំកំពូលអាស៊ាន បូក ៣ ( ចិន-កូរ៉េ-ជប៉ុន) លើកទី២៥។ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩។ កិច្ចប្រជុំអាស៊ាន-អូស្ត្រាលី លើកទី២។ នៅពេលរសៀល ថ្ងៃទី១២វិច្ឆិកា នឹងមានកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥។ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០។ កិច្ចប្រជុំអាស៊ាន-កាណាដា។ នៅយប់ថ្ងៃទី១២វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំពិធីលៀងសាយភោជន៍ជូនមេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសដៃគូអាស៊ាន ដែលបានចូលរួមកិច្ចប្រជុំ។
ដោយឡែក កម្មវិធីនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា រួមមាន វេទិកាសន្ទនាអាស៊ាន លើកទី២ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧។
នៅម៉ោង ១២ និង ៣០នាទី រសៀលថ្ងៃទី១៣វិច្ឆិកា នឹងមានពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយសម្តេចតេជោ ហ៊ុន សែន នឹងប្រគល់ញញួរជូនប្រធានាធិបតីឥណ្ឌូនេស៊ី ដែលត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២៣។
នៅម៉ោង ៣ និង ៤០នាទីរសៀលថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាពេលនេះ៕













ចែករំលែកព័តមាននេះ