ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តឹង​ពលរដ្ឋ​៣០​គ្រួសារ តំណាង​ឲ្យ​៣៧០​គ្រួសារ ប្តឹង​ក្រុមហ៊ុន​ចិន​បិទផ្លូវ ព្រោះ​ចង់​បញ្ចុះតម្លៃ​កសិផល​ឲ្យ​ថោក​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៣៧០​គ្រួសារ នៅ​ឃុំ​ឆែប​១ ស្រុក​ឆែប ខេត្តព្រះវិហារ កំពុង​រង​ការ​បំពាន​ពី​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​មួយ ដែល​ធ្វើ​សកម្មភាព​កាយ​ប្រឡាយ​ដាំ​បង្គោល​ថ្ម បិទផ្លូវ និង

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៣៧០​គ្រួសារ នៅ​ឃុំ​ឆែប​១ ស្រុក​ឆែប ខេត្តព្រះវិហារ កំពុង​រង​ការ​បំពាន​ពី​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​មួយ ដែល​ធ្វើ​សកម្មភាព​កាយ​ប្រឡាយ​ដាំ​បង្គោល​ថ្ម បិទផ្លូវ និង​ដាក់​បា​រ៉ា​ស់​កៀប​ថ្លៃ​កសិផល ដែល​កសិករ​ផលិត​បាន​ឲ្យ​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ​។

ការ​បំពាន​ដែល​ចាត់​ទុក​ថា ជា​ការ​កេងប្រវ័ញ្ច​លើ​ញើស​ឈា​.​ម​កសិករ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​៣០​គ្រួសារ​ខាងលើ ដាក់​ពាក្យបណ្តឹង​ទៅ​លោក​អភិបាលស្រុក​ឆែប ចុះ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២២ ដោយ​ប្តឹង​ទៅ​លើ​ឈ្មោះ សៀវ ឈិ​ន​, ឈ្មោះ យឹ​ម ម៉េ​ង​, ឈ្មោះ រឿង គង់ និង ឈ្មោះ យូ ចាន់​រី ជា​អ្នក​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​ចិន និង​ជួល​បន្ត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​សម្រាប់​ដាំដំឡូង​មី និង​ដំណាំ​ស្រូវ​រយៈពេល​១​ឆ្នាំ​ពេញ គឺ​ឆ្នាំ​២០២២ ដោយ​ប្ដឹង​ចូល​ទៅ​លោក​អភិបាលស្រុក​ឆែប​ថា នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២២ មាន​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន បាន​កាយ​ផ្តាច់​ផ្លូវ​របៀង​ចេញចូល​ជុំវិញ​បរិវេណ​ក្រុមហ៊ុន «​ហេង យូ​» និង​ដាក់​បា​រ៉ា​ស់​មិន​ឲ្យ​ពួក​គាត់​ដឹក​កសិផល​ចេញពី​ក្នុង​តំបន់​ដែល​ពួក​គាត់​ដាំ​ដុះ​បាន និង​កំពុង​ចាប់ផ្តើម​ប្រមូល​ផល​នោះ​ទេ​។

ក៏​ប៉ុន្តែ​ពាក្យបណ្តឹង​នេះ រហូត​មក​ដល់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២ គឺ​មាន​រយៈពេល​ជិត​មួយ​ខែ​ក៏​គេ​ពុំ​ទាន់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋបាល​ឃុំ ស្រុក ខេត្ត ចុះ​មក​ត្រួតពិនិត្យ និង​ដោះស្រាយ​សម្រួល​ផ្តល់​ធ​ម្យោ​បាយ​ជូន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ រហូត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​សកម្មភាព​ត្រូវ​បែកធ្លាយ ហើយ​ទុក​ឲ្យ​ខាង​ក្រុមហ៊ុន​កាយ​លុប​ប្រឡាយ ដក​បង្គោល​ចេញពី​ផ្លូវ​ឲ្យ​ប្រែ​ក្លាយទៅជា​សភាព​ដើម​វិញ ទើប​មាន​ខាង​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះ​មក​ដល់​នៅ​ថ្ងៃ​បន្ទាប់ គឺ​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ហើយ​ក៏​មានការ​បកស្រាយ​យ៉ាង​រំភើយ​ថា មិន​មាន​សកម្មភាព​ណាមួយ​កើតឡើង​ដូច​បណ្តឹង​ការ​ចោទប្រកាន់ និង​បណ្តាញ​ផ្សព្វផ្សាយ​នោះ​ឡើយ​។

ចំពោះ​ការ​កាយ​ប្រឡាយ​បិទផ្លូវ ដាក់កុង​ត្រូល​បង្កើត​សៃ​ឡូ ជញ្ជីង ក្នុង​ក្រុមហ៊ុន​នោះ ឈ្មោះ យឹ​ម ម៉េ​ង តំណាង​អ្នក​ជួល​ពី​ក្រុមហ៊ុន​ចិន បាន​បំភ្លឺ​តាម​ទូរស័ព្ទ​រៀង​ស្ទាក់ស្ទើរ​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា «​ខ្ញុំ​មិនដឹង​ទេ អាហ្នឹង​សួរ​ទៅ​ក្រុមហ៊ុន​គេ​ទៅ​។ អត់​មានការ​ពាក់ព័ន្ធ​អី​នឹង​ខ្ញុំ​ទេ ខ្ញុំ​មាន​សិទ្ធិ​ឯណា ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ហ្នឹង​។ ឯ​ជញ្ជីង​សៃ​ឡូ​នោះ ខ្ញុំ​បាន​ជួល​ឲ្យ​ក្រុមហ៊ុន​វិញ​ហើយ ឯ​ដី​ក៏​មិន​មានការ​ជួល​ដែរ គឺជា​ការ​សហការ​ដាំ​ដុះ​ជាមួយនឹង​ក្រុមហ៊ុន ខណៈ​ដែល​រូប​លោក​ផ្ទាល់ ក៏​បាន​ដាំដំឡូង​​មី​ចំនួន​៧០​ហិ​កតា​ដែរ​»​។

ទោះបីជា​មានការ​និយាយ​ដោះសារ​បែប​នេះ​ក៏​ដោយ តែ​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​និយាយ​ថា លោក យឹ​ម ម៉េ​ង ជា​អ្នកកាន់កា​.​ប់​គ្រប់គ្រង​លើ​ការដ្ឋាន​ចំនួន​២ គឺ​ការដ្ឋាន​ទី​៤ និង​ការដ្ឋាន​ទី​៨​។

ដោយឡែក​លោកស្រី យូ ចាន់​រី ដែល​រង​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែរ​នោះ ក៏​បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ដែរ​ថា ការ​កាយ​ដី កាយ​អី ជា​គម្រោង​របស់​ក្រុមហ៊ុន ខ្ញុំ​អត់​ដឹង​ទេ សួរ​ទៅ​ខាង​ក្រុមហ៊ុន​ដោយសារ​តែ​ដី​ហ្នឹង ជា​ដី​សម្បទាន​របស់​រដ្ឋ​ឲ្យ​ទៅ​ក្រុមហ៊ុន ហើយ​គម្រោង​របស់​ក្រុមហ៊ុន គឺ​កាយ​ក្រ​វ៉ា​ត់​ព្រំ​ដី​។ គេ​អត់​បាន​ផ្តល់​ដំណឹង​ដល់​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​អត់​មាន​សិទ្ធិ​អី​នៅ​ក្នុង​ដី​នោះ​ផង គោល​គឺ​ខ្ញុំ​មើល​ការ​ខុស​ត្រូវ​៣​ការដ្ឋាន គឺ​ការដ្ឋាន​ទី​៥ ទី​៩ និង​ទី​១០ យើង​សហការ​ជាមួយ​ក្រុមហ៊ុន មិនមែន​ជា​ប្រភេទ​ជួល​ទេ ប៉ុន្តែ​រូបភាព​មួយ​ដែល​យើង​មិន​អាច​និយាយ​បាន ដោយសារ​តែ​ពាក្យ​ជួល​ហ្នឹង គឺជា​ពាក្យ​ដែល​មិន​គួរ​ប្រើ ដោយ​ប្រើ​ពាក្យ​សហការ​ធ្វើ ព្រោះ​ជា​ដី​សម្បទាន ខាង​ពួក​ក្រុមហ៊ុន​ក្ស័យធន គាត់រ​ត់រក​ដៃគូរ​សហការ ដើម្បី​វិនិយោគ​លើ​ដំណាំ​កសិកម្ម​។

ចំណែក​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​ដែល​គេ​ទទួល​បាន​វិញ​បាន​និយាយ​ថា លោកស្រី យូ ចាន់​រី គ្រប់គ្រង​ការដ្ឋាន​ចំនួន​៣ គឺ​កា​រដ្ឋ​នទី​៥ ដង​ផ្លិត​មាន​ចំនួន​ជិត​៥០០​ហិ​កតា​ជួល​ដាំដំឡូង​, ការ​ដា្ឋ​នទី​៩ ដង​ផ្លិត មាន​ជាង​៥០០​ហិ​កតា​ជួល​ដាំដំឡូង​អស់ នៅ​ដីស្រែ​តិចតួច និង​ការ​ដា្ឋ​នទី​១០​ដង​ផ្លិត យូ ចាន់​រី ជា​អ្នក​កាន់​មាន​ចំនួន​ជាង​៥០០​ហិ​កតា​ទៀត ជួល​ឲ្យ​គេ​ទាំងអស់​។

ជាមួយ​គ្នា​នេះ បើ​តាម​ការ​បែកធ្លាយ គឺ​លោកស្រី យូ ចាន់​រី ធ្លាប់​បាន​ផ្ញើ​សារ​ជា​សម្លេង​ទៅ​ឲ្យ​អ្នកកាន់កា​.​ប់​គ្រឿងចក្រ​ថា «​ពូ​យ៉ា​ត​អើយ ពូ​ឯង​មាន​ទៅ​ភ្ជូ​រ​ដី​ជាមួយ​អាឡោះ នៅ​ការដ្ឋាន​ទី​៩ ទី​១០ ទី​៥ ទេ​ដែរ​ឬទេ? ពូ​យ៉ា​ត​ឯង​កុំទៅ​ធ្វើ​ជាមួយ​វា​អី ព្រោះ​ដី​ការដ្ឋាន​ទី​៩ ទី​៥ និង​ទី​១០ ហ្នឹង​បាន​មក​ខ្ញុំ​ជា​អ្នក​ធ្វើ ហើយ​ការដ្ឋាន​ទី​៨ និង​ទី​៤ បាន​ទៅ​ពូ​ម៉េ​ង ឯ​ការដ្ឋាន​ទី​៧ បាន​ទៅ​អា​វ៉ៃ​។ ពូ​យ៉ា​ត​ឯង មានការ​អី​អាច​ទាក់ទង​មក​ខ្ញុំ​បាន ណា​ពូ​លេខ​នៅ​ហ្នឹង សួរ​ខ្ញុំ​ច្បាស់ កុំ​អាល​ទៅ​ធ្វើ នាំ​ប្រឆាំង​គ្នា ព្រោះ​អី​វា​អត់​មាន​អ្នក​ណា​សម្រេច​ឲ្យ​វា​គ្រប់គ្រង​ការដ្ឋាន​ណាមួយ​ទេ​។ ចំណែក​ពួក​ខ្ញុំ គឺ​បាន​សិទ្ធិ​ពី​លោក​អភិបាលស្រុក​ចាស់ ហើយនឹង​ក្រុមហ៊ុន​រួច​ហើយ​»​។

ប្រភព​ដដែល​បាន​បង្ហើប​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បែកធ្លាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​ករណី​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ជំទាស់​ទៅ​នឹង​ការ​កាយ​ប្រឡាយ​ដាំ​បង្គោល​ថ្ម បិទផ្លូវ ដាក់​បា​រ៉ា​ស់ កៀប​បញ្ចុះតម្លៃ​ដំឡូង​មីនោះ ស្រាប់តែ​គេ​ឃើញ​ខាង​ក្រុមហ៊ុន​យក​គ្រឿងចក្រ​ចូល​ទៅ​ឈូស​លុប​ប្រឡាយ​កាយ​របង​ថ្ម​ចេញ ហើយ​រៀបចំ​ឲ្យ​ទៅ​រក​ទម្រង់​ដើម​វិញ ក្នុង​បំណង​បំភ័ន្ត​ភ្នែក​ក្រុមការងារ​ថ្នាក់​ស្រុក ខេត្ត ចុះ​ទៅ​ត្រួតពិនិត្យ​ដើម្បី​បង្ហាញ​ថា ពួក​គេ​គ្មាន​កំហុស​។

ទីបំផុត នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក អ៊ុ​ង វុ​ទ្ធី អភិបាលរង​ខេត្តព្រះវិហារ ដែល​ឃើញ​រូបភាព​ខាងក្រៅ​បាន​ផ្ដល់​បទ​សម្ភាសន៍​ដូច​គេ​សូត្រ​មេលេខ​យ៉ាង​ពីរោះ​រណ្ដំ​ថា ខាង​ក្រុមហ៊ុន​មិន​បាន​កាយ​ដី​ដាំ​បង្គោល​ថ្ម បិទផ្លូវ ដូច​ការ​ចុះ​ផ្សាយ​ចោទប្រកាន់​នោះ​ឡើយ ហើយ​ក៏​មិន​បាន​ដាក់​បា​រ៉ា​ស់​យក​លុយ​ពី​កសិករ​ដែរ​។ តែ​នៅ​ក្នុង​ន័យ​នេះ ក្នុង​ពាក្យបណ្តឹង និង​ការ​ផ្សព្វផ្សាយ​នោះ​ពុំ​មានការ​ចោទ​ប្រកា​ថា ដាក់​បា​រ៉ា​សយ​ក​លុយ​នោះ​ទេ គឺ​កៀប​តម្លៃ​ទិញ​។

ឯការ​ផ្តល់​បទ​សម្ភាសន៍​របស់​លោក​អភិបាលរង​ខេត្ត​បកស្រាយ​ផ្ទុយ​ស្រឡះ​ពី​ប្រជាពលរដ្ឋ​មួយ​រូប គាត់​ឈ្មោះ គឹ​ន លៀម រស់នៅ​ភូមិ​ឆែប​កើត ឃុំ​ឆែប​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ នៅ​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២២ មុន​ក្រុមការងា​ថ្នាក់​ខេត្ត​ចុះ​ទៅ​ដល់​ប្រហែលជា​២​ម៉ោង​បាន​ប្រាប់​ថា រូប​គាត់​ជួល​ដី​ពី​ក្រុមហ៊ុន​មួយ​ហិ​កតា​៤៥​ម៉ឺន​រៀល ក្នុង​នោះ​មាន​២​ហិ​កតា​រយៈពេល​មួយ​ឆ្នាំ ហើយ​គេ​កាយ​ផ្លូវ​ផ្តាច់​មិន​ឲ្យ​ប្រជាពល់រដ្ឋ​ដើរ​ផ្លូវ​ផ្សេង​ទេ ឲ្យ​ដើរ​ផ្លូវ​តែ​មួយ ថ្ងៃ​ណា​គេ​លុប​ស្រេច​តែ​គេ​។

បើ​តាម​មីង​ម្នាក់​គាត់​ឈ្មោះ វណ្ណ ឡុ​ម ក៏​បាន​ប្រាប់​ដែរ​ថា គេ​កាយ​បិទផ្លូវ​នោះ មិន​ឲ្យ​យក​ទៅ​លក់​ឲ្យ​អ្នក​ដទៃ​ឲ្យ​លក់​ឲ្យ យឹ​ម ម៉េ​ង គឺ​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាកធ្វើ​ដំណើរ​ណាស់​រាល់ថ្ងៃ​ដើរ​ផ្លូវ​វៀង គេ​ឲ្យ​ដើ​តែ​មួយ​ច្រក សុំ​ធ្វើ​ស្ពាន​មិន​ឲ្យ​ធ្វើ​ទេ​។ គាត់​បន្ត​ថា មិន​ឲ្យ​ធ្វើ​ស្ពាន គាត់​បាន​អី​ទៅ​រកស៊ី​រក​ចុក ខាងក្រោយ​គាត់​អត់​មាន​កន្លែង​រកស៊ី​រក​ចុក​ទេ ហើយ​គាត់​បាន​សំណូមព​ឲ្យ​លោក​អភិបាលខេត្ត បើកផ្លូវ​ឲ្យ​គាត់​វិញ គាត់​ថា មិន​ចង់​ឲ្យ​លក់​កន្លែង​ផ្សេង​ទិញ​ថោក​បាន​ចង់ទៅ​រក​កន្លែង​ផ្សេង​ទីផ្សារ​ខាងក្រៅ​តម្លៃ​៤៤០ ខាង​ក្រុមហ៊ុន​ឲ្យ​តែ​តម្លៃ​៣០០ ឬ​៣២០​រៀល​ប៉ុណ្ណោះ​ហើយ​គាត់​ក៏​បាន​បញ្ជាក់​ថា រូប​គាត់​បាន​ជួល​ដី​ពី​ក្រុមហ៊ុន ៨​ហិ​កតា​ក្នុង​តម្លៃ​៤៥​ម៉ឺន​រៀល​ផង​ដែរ​។

បើ​ស្ដាប់​តាម​ការ​រៀបរាប់​របស់​លោក អ៊ុ​ង វុ​ទ្ធី ទំនង​ដូច​ជា​នៅ​ក្នុង​មូលដ្ឋាន​នេះ មិន​មាន​ប្រជាពលរដ្ឋ​ម្នាក់​ណា រង​ការ​ឈឺចាប់ ដោយ​ការ​រំ​លោ​.​ភ​បំពាន​នោះ​ទេ ពោល​គឺ​មើលទៅ​ដូច​ជា​មាន​ភាព​សុ​ខុ​ដុមរ​មនា​ខ្លាំង​បំផុត ប៉ុន្តែ​ធាតុ​ពិត​កិច្ចការ​របស់​លោក​ពេល​នេះ បើ​និយាយ​ជា​ភាសា​បារាំង គឺ​ហ្សេ​រ៉ូ ព្រោះ​លោក​បាន​ត្រឹមតែ​ជួប​ផឹក តែ​ហូប​ស្ករ​ជាមួយ​តំណាង​ក្រុមហ៊ុន តែ​មិន​បាន​ចុះ​ស្រង់​មតិ ដើម្បី​ដឹង​ពី​សុខទុក្ខ​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ