ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រឿង​បញ្ជូន​បុរស​ម្នាក់​ទៅ​ស្នងការ តែបាត់​មនុស្ស​៣​នាក់ ​ជា​ថ្នូរ​នឹង​លុយរាប់​ពាន់​ដុល្លារ

1 ឆ្នាំ មុន
  • តាកែវ

តើ​រឿង​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា? ក្រោយ​ពេល​មាន​ព័ត៌មាន​មួយ​បែកធ្លាយ​ថា មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ មិន​អស់ចិត្ត​នឹង​លោក​អធិការ

ខេត្តតាកែវ ៖ តើ​រឿង​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា? ក្រោយ​ពេល​មាន​ព័ត៌មាន​មួយ​បែកធ្លាយ​ថា មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ មិន​អស់ចិត្ត​នឹង​លោក​អធិការ នួន ប៉ិន ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មីថ្មោង មិន​ខំប្រឹង​បញ្ចេញស្នាដៃ​បង្ហាញ​ថ្នាក់លើ បែរជា​បែកធ្លាយ​រឿង​ដោះ​លែង​ជនសង្ស័យ​គ្រឿង​ញៀ​.​ន​ចំនួន​៣​នាក់ ជា​ថ្នូរ​ជាមួយនឹង​លុយរាប់​ពាន់​ដុល្លារ​ទៅ​វិញ​។

លោក ឡេ​ង ណា​រិ​ន អធិការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​បូ​រី បាន​ឲ្យ​ដឹង​ថា ក្នុង​សំណុំរឿង​ជនសង្ស័យ​គ្រឿង​ញៀ​.​ន​ទាំង​៤​នាក់​ដែល​បង្ក្រាប​បាន​កាលពី​ពេល​ថ្មី​ៗ​នេះ អត់​ពាក់ព័ន្ធ​នឹង​លោក​ទេ លោក​បាន​កសាង​សំណុំរឿង​ឡើង​អស់ហើយ តើ​ការិយា​ល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ អត់​ភ្នែក​មើល​ទេ​អី?​។ បើ​ចង់​ដឹង​ច្បាស់​សួរ លោក នួន ប៉ិន ទៅ​។

ដោយឡែក​លោក នួន ប៉ិន អធិការ​នគរបាល​ស្រុក​អង្គរ​បូ​រី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​។ ចំណែក​លោក អ៊ឹម ស៊ីនួន នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តតាកែវ ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​ទទួល​បាន​ជនសង្ស័យ​តែ​ម្នាក់​ទេ​។ ហើយ​អ្នក​ដែល​ទទួលខុសត្រូវ គឺ​លោក​អធិការ​ស្រុក​អង្គរ​បូ​រី ព្រោះ​ករណី​នេះ កម្លាំង​លោក​ជា​អ្នក​បង្ក្រាប និង​កសាង​សំណុំរឿង​ឡើង​មក​។

ហើយ​ពាក់ព័ន្ធ​នឹង​ករណី​ជ្រុះ​បាត់​ជនសង្ស័យ​គ្រឿង​ញៀ​.​ន​ចំនួន​៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ឱ្យ​ដឹង​ថា មាន​២​នាក់ ដោយ​ម្នាក់​អស់​១៨០០​ដុល្លារ និង​ម្នាក់​ខ្សត់​ជាងគេ​អស់​៥០០​ដុល្លារ​។

សូម​រំ​ឮ​កថា កាលពី​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក នួន ប៉ិន អធិការ​នគរបាល​ស្រុក​អង្គរ​បូ​រី បាន​ដឹកនាំ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ប​បាល​ព្រៃ​ផ្គាំ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ជួន កំសត់ ស្ថិត​ក្នុងភូមិ​ព្រៃ​ផ្គាំ​ក ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បូ​រី ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ នោះ​រួម​មាន ៖ ១- ឈ្មោះ ជួន កំសត់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​, ២- ឈ្មោះ សេក ណ​ន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ (​ទាំង​២​នាក់​រស់​ភូមិ​ព្រៃ​ផ្គាំ​ក ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បូ​រី​)​។ ៣- ឈ្មោះ ហាន់ ហ្វា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​ផ្គាំ​ខ ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បូ​រី និង​ទី​៤- ឈ្មោះ ផា​ន់ ព្រែក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ (​ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​ព្រៃ​ផ្គាំ​គ ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរ​បូរី)។

ក្រោយ​ពេល​បង្ក្រាប គឺ​មាន​តែ​ជនសង្ស័យ​ឈ្មោះ ជួន កំសត់ មួយ​ទេ ដែល​ត្រូវ​បញ្ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បញ្ជូន​ទៅ​តុលាការ ក្រៅពី​នោះ​ជ្រុះ​បាត់​តាម​ផ្លូវ​អស់ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ