ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​២​នាក់​ងើប​ពី​ដេក​ប្រហោង​ពោះ​ធ្លុង ពេល​ឃើញ​របស់​លាក់​ទុក​ក្រោម​ខ្នើយ​បាត់​អស់រលីង

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​ទណ្ឌិត​ចំនួន​២​នាក់​ដែល​ទើប​ចេញពី​ពន្ធនាគារ ពេល​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​ថ្មី កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​កណ្ដាល​ជើង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ក្រោយ​ពី​ជនសង្ស័យ​នេះ​បាន​រួមគំនិត​គ្នា​លួច​យក​លុយរាប់​ម៉ឺន​បាត​និង

ខេត្តបាត់ដំបង ៖ អតីត​ទណ្ឌិត​ចំនួន​២​នាក់​ដែល​ទើប​ចេញពី​ពន្ធនាគារ ពេល​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​ថ្មី កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​កណ្ដាល​ជើង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ក្រោយ​ពី​ជនសង្ស័យ​នេះ​បាន​រួមគំនិត​គ្នា​លួច​យក​លុយរាប់​ម៉ឺន​បាត​និង​គ្រឿងអលង្ការ​របស់​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ ដែល​គាត់​លាក់​ទុក​នៅ​ក្រោម​ខ្នើយ ខណៈ​ពេល​គាត់​កំពុង​តែ​សំរាន្ត​លង់លក់​។

បើ​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ ម្នាក់​ឈ្មោះ ឆាយ សៅ ហៅ​ជី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ចំណុច​កើតហេតុ (​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​លួច​) និង ម្នាក់​ទៀត​ឈ្មោះ មាន វុ​ទ្ធី អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ច្រនៀង ឃុំ​គោក​ឃ្មុំ (​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទល្មើស​គ្រឿង​ញៀ​.​ន​)​។ ពួក​គេ​ទាំង​២​នាក់​ទើប​ចេញពី​ពន្ធនាគារ​កាលពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា អតីត​ទណ្ឌិត​ទាំង​២​នាក់​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​ថ្មី​ទៀត ក្រោយ​ពី​ជាប់​សង្ស័យ​ថា បាន​រួមដៃគ្នា​លួច​យក​ប្រាក់ និង​គ្រឿងអលង្ការ​របស់​ជន​រង​គ្រោះ​ឈ្មោះ ទេព ញ៉​ន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​កណ្ដាល​ជើង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល​។

យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ពេ​ទ ញ៉​ន ដែល​បាន​ប្ដឹង​ទៅ​កាន់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រាក់​របស់​គាត់​ចំនួន​៤២,០០០​បាត និង​ខ្សែ​.​ក​មាស​ទម្ងន់​០៦​ជី លាក់​ទុក​នៅ​ក្រោម​ខ្នើយក្បាល​ដំណេក ហើយ​ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​យក​ទៅ​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោងជាង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ខណៈ​ពេល​គាត់ និង​ស្វាមី​កំពុង​តែ​សំរាន្ត​លក់​លើ​គ្រែ​ក្រោមផ្ទះ​។

ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ជា​ទូទៅ​ពេល​យប់ ប្ដី​ប្រពន្ធ​គាត់​តែងតែ​សំរាន្ត​លើ​គ្រែ​ក្រោមផ្ទះ ហើយ​លុយ និង​គ្រឿងអលង្ការ​ទាំងនោះ គាត់​លាក់​ទុក​នៅ​ក្រោម​ខ្នើយ​រហូត​មក​។ ជន​រង​គ្រោះ​និយាយ​បន្ត​ថា ប្រាក់​ចំនួន​ជាង​៤​ម៉ឺន​បាត និង​គ្រឿងអលង្ការ​០៦​ជី​នោះ បាន​មក​ពី​ការ​សន្សំ​ដែល​កូន​គាត់​ធ្វើការ​នៅ​ប្រទេស​ថៃ រួច​ផ្ញើ​មក​ឲ្យ​ច្រើន​ឆ្នាំ​កន្លង​មកនេះ​។ គាត់​បាន​ដាក់​ក្នុង​កាបូប​ជុំ​គ្នា ហើយ​តែងតែ​លាក់​ទុក​នៅ​ក្រោម​ខ្នើយកើយ តែ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ពេល​គាត់​ភ្ញាក់​ពី​ដំណេក​បើក​ខ្នើយ​រក​កាបូប​លុយ ស្រាប់តែ​ប្រហោង​ពោះ​ធ្លុង ព្រោះ​បាត់​អស់រលីង​ក៏​ផ្អើល​ឆោឡោ ទើប​គាត់​រូស​រាន់​ទៅ​ប្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​តែ​ម្ដង​។

អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ លោក ហៀ​ង ប៊ុ​ន​ថា បាន​និយាយ​ដែរ​ថា បើ​តាម​ប្រវត្តិ​ជនសង្ស័យ​ឈ្មោះ មាន វុ​ទ្ធី និង​ឈ្មោះ ឆាយ សៅ ហៅ​ជី នេះ ជា​អតីត​ទណ្ឌិត ទើប​ចេញពី​ពន្ធនាគារ​ថ្មី​ៗ​។ លោក​បាន​បន្ត​ថា កម្លាំង​ជំនាញ​របស់​លោក​បាន​កំណត់​មុខសញ្ញា​ភ្លាម​ៗ ក្រោយ​ស្ដាប់​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​។

លោក​អធិការរង​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ប្រាប់​ថា​មុន​ពេល​កើតហេតុ​មួយ​ថ្ងៃ (​ល្ងាច​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា​) គាត់​បានឃើញ​សកម្មភាព​ជន​ទាំង​ពីរ​នាក់​នេះ បាន​ដើរមក​ឆ្វែល​ផ្ទះ​គាត់​ជា​ញឹកញាប់​យ៉ាង​ចម្លែក តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​នោះ​ទេ​។

លោក​អធិការរង​បញ្ជាក់​បន្ត​ថា ដោយសារ​មាន​តម្រុយ​បែប​នេះ ម្យ៉ាង​ជន​ទាំង​ពីរ​នាក់​ជា​មុខសញ្ញា​ចាស់​ទើប​ចេញពី​ពន្ធនាគារ​ផង ហើយ​ថែម​ទាំង​មាន​សាក្សី​បំភ្លឺ​បន្ថែម​ទៀត​ថា គេ​បាន​ប្រទះ​ឃើញ​ជន​ទាំង​ពីរ​នាក់​ចាយ​សុទ្ធតែ​លុយ​បាត​ថៃ និង​មាន​គ្រឿងអលង្ការ​ផ្គាប់ចិត្ត​ស្រី​កំណាន់ចិត្ត​ទៀត ទើប​យើង​សុំ​យោបល់​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា ដើម្បី​តាម​ឃាត់ខ្លួន​ជន​ទាំង​ពីរ​នាក់​យក​មក​សួរនាំ​តែ​ម្ដង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ហៀ​ង ប៊ុ​ន​ថា អធិការរង​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​យក​មក​សួរនាំ ជនសង្ស័យ​ឈ្មោះ មាន វុ​ទ្ធី និង​ឈ្មោះ ឆាយ សៅ ហៅ​ជី បាន​សារភាព​ថា ពួក​គេ​ទាំង​ពីរ​នាក់​ពិតជា​បាន​រួមគំនិត​គ្នា​លួច​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​នេះ​មែន​។​ក្រោយ​ពី​លួច​បាន​លុយ ជនសង្ស័យ​ឈ្មោះ មាន វុ​ទ្ធី បាន​យក​គ្រឿងអលង្ការ​ទៅ​ប្ដូរ​នៅ​កន្លែង​លក់ ដោយ​យក​ជា​ខ្សែដៃ​ផង និង​ចិញ្ចៀន​ផង យក​ទៅ​ឲ្យ​ស្រី​កំណាន់ចិត្ត​។ នេះ​បើ​តាម​លោក ហៀ​ង ប៊ុ​ន​ថា ដែល​បាន​សួរនាំ​ផ្ទាល់​។

លោក​បាន​ប្រាប់​ថា ក្រោយ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​បាន​ដកហូត​នូវ​គ្រឿងអលង្ការ​ដែល​ជន​នេះ​បាន​បាត់​មក​វិញ​គ្រប់​ចំនួន​ហើយ​។ ប៉ុន្តែ​ចំពោះ​ប្រាក់​ចំនួន​៤២,០០០​បាត ជនសង្ស័យ​ទាំង​ពីរ​នាក់​អះអាង​ថា ពួក​ខ្លួន​លួច​បាន​ត្រឹមតែ​ចំនួន​៣៣,០០០​បាត​ប៉ុណ្ណោះ តែ​ប្រាក់​នេះ​ពួក​ខ្លួន​ទិញ​បាន​ទូរស័ព្ទ​មួយ​គ្រឿង ក្រៅពី​នេះ​ចែក​គ្នា​លេង​ល្បែ​.​ង​ចាញ់​អស់​គ្មាន​សល់​មួយ​បាត​ទេ​។ យ៉ាងណា​ក្ដី ពេល​នេះ​មន្ត្រី​កំពុង​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ