ខេត្តសៀមរាប ៖ ត្រីធំមួយក្បាលមានទម្ងន់ប្រហែល៨០គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងា.ប់អណ្តែតទឹកស្រះកស្សិនអង្គរ ដោយបង្កឲ្យមានការចាប់អារម្មណ៍ និងសោកស្តាយពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរនៅតំបន់នោះ។

ទោះបីយ៉ាងណាគេមិនដឹងថា ត្រីដ៏ធំមួយក្បាលនេះងា.ប់ដោយសារមូលហេតុអ្វីនោះទេ។ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ chantha sem បានបង្ហោញវីដេអូឃ្លីប និងរូបភាពប៉ុន្មានសន្លឹក កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ អមដោយសំណេរថា ត្រីនាគនៅមុខអង្គរវត្ត ។
តាមរយៈការខមិនឆ្លើយតបចំពោះមហាជន លោកចាន់ថា បានបញ្ជាក់ថា ត្រីនេះមានទម្ងន់ប្រមាណ៨០គីឡូក្រាម ត្រូវបានគេប្រទះឃើញងា.ប់នៅមុខអង្គរវត្ត។ការប្រទះឃើញត្រីដ៏ធំមួយក្បាលងា.ប់នេះ ស្ថិតនៅត្រង់ចំណុចក្នុងស្រះទឹកកស្សិនអង្គរវត្ត ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

បន្ទាប់ពីស្រង់ចេញពីទឹកមកខ្លះនិយាយថា ត្រីនេះជាត្រីនាគ និងជាត្រីកម្រ ហើយគេមិនដែលបានឃើញត្រីនាគណាធំបែបនេះទេ។ ដោយឡែកតាមរយៈការខមិនឆ្លើយតបរបស់មហាជនជាច្រើនបានបញ្ជាក់ថា ត្រីនេះមិនមែនជាត្រីកម្រស្អីនោះទេ គឺជាប្រភេទពូជត្រីនៅតំបន់ព្រៃអាម៉ាហ្សូ ដែលមានឈ្មោះថា អារ៉ាប៉ៃម៉ា ឬត្រីនាគយក្ស ហើយត្រីនេះស៊ីត្រីតូចៗជាអាហារ។
ត្រីប្រភេទនេះ គឺមានលក់នៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើនអ្នកដែលមានធនធាន គេទិញយកទៅចិញ្ចឹមតាំងលម្អតាមគេហដ្ឋាន ។ ត្រីនេះបើនៅតូចមានតម្លៃមិនសូវថ្លៃប៉ុន្មានទេក្នុងមួយក្បាល ប៉ុន្តែបើធំពេញរូបរាងចាប់ពីទម្ងន់៥០គីឡូក្រាមឡើងទៅ គឺមានតម្លៃថ្លៃខ្ទង់រាប់ពាន់ ទៅម៉ឺនដុល្លារតាមទម្ងន់របស់វា។

អ្នកខ្លះបានបញ្ចេញទស្សនៈថា ត្រីនេះថ្លៃមែន ពេលងា.ប់គួរអោយស្តាយ ប៉ុន្តែបើត្រីនេះនៅរស់មិនដឹងថា វាត្រូវស៊ីត្រីតូចៗផ្សេងទៀតដែលនៅក្នុងស្រះកស្សិនអង្គរអស់ប៉ុន្មាននោះទេ ហើយមិនគួរណាយកត្រីប្រភេទនេះមកព្រលែងតំបន់អភិរក្យយ៉ាងដូច្នេះទេ។
តាមរយៈការខមិននៅក្នុងវីដេអូខាងលើបានអោយដឹងទៀតថា ត្រីនេះត្រូវបានគេប្រទះឃើញយូរមកហើយ កាលពី៥ឆ្នាំមុន ហើយទំហំរបស់វា គឺប្រហាក់ប្រហែលនឹងពេលនេះឯង ប៉ុន្តែមិនដឹងថា គេព្រលែងតាំងពីណានោះទេ។ អាចថា គេព្រលែងពេលត្រីនៅតូចពេលនេះវាធំដែលត្រូវដល់អាយុរបស់វា។


ទោះជាយ៉ាងនេះក្តី នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មិនទាន់មានការបកស្រាយណាមួយពីសំណាក់អាជ្ញាធរដែលប្រចាំការនៅទីនោះនៅឡើយទេ៕




ចែករំលែកព័តមាននេះ