ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាពាហ៍ពិពាហ៍​សម័យ​ខ្មែរក្រហម​ខុស​ពី​​ទំនៀមទម្លាប់​ខ្មែរ

6 ឆ្នាំ មុន

«​ខែមេសា​» រំឭក​ដល់​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​១៩៧៥ ដូច្នេះ​សូម​បង្ហាញ​ជូន​«​អាពាហ៍ពិពាហ៍​សម័យ​ខ្មែរក្រហម » តាម​ឯកសារ​របស់​ទស្សនាវដ្តី «​ស្វែងរក​ការ​ពិត​» ។

«​ខែមេសា​» រំឭក​ដល់​ការ​ឡើង​កាន់​អំណាច​របស់​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​១៧ មេ​សា ឆ្នាំ​១៩៧៥ ដូច្នេះ​សូម​បង្ហាញ​ជូន​«​អាពាហ៍ពិពាហ៍​សម័យ​ខ្មែរក្រហម » តាម​ឯកសារ​របស់​ទស្សនាវដ្តី «​ស្វែងរក​ការ​ពិត​» ។

អាពាហ៍ពិពាហ៍​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កុម្មុយនីស្ត​កម្ពុជា មាន​លក្ខណៈ​ខុស​ប្លែក​ពី​អាពាហ៍ពិពាហ៍​តាម​បែប​ប្រពៃណី​ដូនតា​ខ្មែរ​។ កូនក្រមុំ និង​កូនកំលោះ​តម្រូវ​ឲ្យ​រៀប​ការ​ទាំង​រាង​កាយ​ស្គាំងស្គម ល្ហិតល្ហៃ ដោយ​ការ​ទទួលទាន​អាហារ​មិន​គ្រប់គ្រាន់ និង​ការងារ​ហួសកម្លាំង​។ យុវជន និង​យុវនារី​ត្រូវ​ឈរ​តម្រៀបជួរ​ម្ខាង​ម្នាក់​ដើម្បី​ត្រៀមខ្លួន​ទទួលយក​គូ​អនាគត​ដែល​អង្គការ​រៀបចំ​ទុកដាក់​ឲ្យ ។

អាពាហ៍ពិពាហ៍​ខ្មែរក្រហម​ត្រូវ​បាន​ធ្វើ​ឡើង​មិន​ឲ្យ​សាមីខ្លួន​ដឹង​មុន សូ​ម្បី​តែ​ឈ្មោះ មុខមាត់​នៃ​អនាគត​ប្តី ឬ​ប្រពន្ធ​ក៏​មិន​ស្គាល់​ដែរ​។ ឪពុក​ម្តាយ​បងប្អូន​បង្កើត និង​មិត្តភក្តិ ក៏​មិន​បាន​មក​ចូលរួម​អបអរសាទរ​ដែរ ដោយហេតុ​ថា ខ្មែរក្រហម​ឲ្យ​ប្រជាជន​ទាំងអស់​ចាត់​ទុក​អង្គការ​គឺជា​ឪពុក​ម្តាយ ។ អាពាហ៍ពិពាហ៍​រៀបចំ​ឡើង​ដោយ​មានកូន​កំលោះ និង​កូនក្រមុំ​ច្រើន​គូ ហើយ​គ្មាន​ប្រារឰ​ពិធី​តាម​ប្រពៃណី​ខ្មែរ​ទេ ។ មាន​ករណី​ជា​ចាំបាច់​មួយទៀត​ត្រូវ​បាន​អនុវត្ត​ជា​ទូទៅ​ចំពោះ​ប្រជាជន​ធម្មតា និង​កម្មាភិបាល​ខ្មែរក្រហម គឺ​ការ​ជ្រើសរើស​យក​ប្រវត្តិរូប​ដូច​គ្នា​នៅ​ក្នុង​វណ្ណៈ​ទាំង​បី គឺ វណ្ណៈ​កណ្តាល​ថ្នាក់លើ កណ្តាល​ថ្នាក់​កណ្តាល និង​កណ្តាល ថ្នាក់​ក្រោម មាន​ន័យ​ថា​ស្វាមីភរិយា​នៃ​គូ នីមួយ​ៗ ត្រូវ​ស្ថិត​នៅ​ក្នុង​វណ្ណៈ​តែ​មួយ​ដូច​គ្នា ដើម្បី​ឲ្យ​មាន​កំហឹង​វណ្ណៈ​ស្មើគ្នា ។

លោកពូ​អ៊ុំ ឈាវ និង​អ្នក​មីង ចាន់ ថន អតីត​កម្មាភិបាល​ខ្មែរក្រហម បច្ចុប្បន្ន​រស់នៅ​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល គាត់​ទាំង​ពីរ​គឺជា​គូ​ស្វាមីភរិយា​ដែល​បក្ស​កុម្មុយនីស្ត​កម្ពុជា​រៀបចំ​ឲ្យ​នៅ​ក្នុង​ឆ្នាំ​១៩៧៧ នៅ​បឹង​ជើងឯក​។ អ្នក​មីង​ចាន់ ថន បាន​បញ្ជាក់​ថា គាត់​ពុំដែល​ស្គាល់ ហើយ​ក៏​ពុំ​បានដឹង​ថា​តើ​នរណា​នឹង​ក្លាយជា​គូ​អនាគត​របស់​គាត់​ឡើយ «​នៅ​ពេល​ឡើង​ទៅ​អង្គុយ​កៅអី​ជិត​រៀប​ការ​ហើយ​ហ្នឹង ក៏​អត់​ស្គាល់គ្នា​ដែរ​»​។ មីង ចាន់ ថន ប្រាប់​ទៀត​ថា បើ​គាត់​មិន​ព្រម​តាម​អង្គការ គាត់​ប្រហែលជា​ត្រូវ​យក​ទៅ​សម្លាប់​ចោល​ហើយ ព្រោះ​រឿង​រៀបចំ​គ្រួសារ​បើ​ខុស​តែ​បន្តិច​ក៏​សម្លាប់​ចោល ។

លោកពូ​អ៊ុំ ឈាវ បាន​បន្ថែម​ថា «​ខ្ញុំ​នឹកឃើញ​ថា​រៀប​ការ​អត់​មាន​ឪពុក​ម្តាយ​ចិត្ត​អត់​ចង់​យក​សោះ អត់​មាន​នឹកឃើញ​ថា​ស្រឡាញ់​គ្រួសារ​អី​ទេ ព្រោះ​អានេះ​វា​អត់​មាន​ម៉ែឪ​បងប្អូន​ដឹង​ឮ​ទទួល​ស្គាល់» ។

មីង​អ៊ុ​ន ទឹម នៅ​ភូមិ​អន្លង់​រមៀត​បាន​បញ្ជាក់​ថា នៅ​ពេល​រៀប​អាពាហ៍ពិពាហ៍​ខ្មែរក្រហម​តែង​ប្រកាស​ថា «​ឪពុក​ម្តាយ​របស់​មិត្ត​មិន​មក​ចូលរួម​ពិធី​នេះ​ទេ ។ យើង​ជា​ឪពុក​ម្តាយ​ផ្សំផ្គុំ​ឲ្យ​មិត្ត និង​បងប្អូន​ប្រុស​ស្រី​របស់​មិត្ត ាំ​ង​អស់​គ្នា​»​។

ក្នុង​ឆ្នាំ​១៩៧៨ អ្នក​មីង​អ៊ុ​ន ទឹម រស់នៅ​ភូមិ​អន្លង់​រមៀត​ធ្លាប់​រៀប​ការ​ក្នុង​គូ​អាពាហ៍ពិពាហ៍​ដែល​មាន​ចំនួន​រហូត​ដល់​ទៅ​១៦០​គូ ។

លោក​គង់ ឈុ​ន អតីត​កម្មាភិបាល​ខ្មែរក្រហម​នៅ​ភូមិ​ក្បាលកោះ​កេរ ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល ដែល​ធ្លាប់​បាន​ចូលរួម​រៀបចំ​ចាត់ចែង​ក្នុង​ពិធី បាន​ឲ្យ​ដឹង​ថា អាពាហ៍ពិពាហ៍​បាន​សម្រេច​ចប់​សព្វគ្រប់ និង​ពេញ​ច្បាប់​ដោយ​គ្រាន់តែ​ប្រកាស​ថា «​មនុស្ស​ទាំង​ពីរ​នាក់​នេះ​គឺជា​ប្តី​ប្រពន្ធ​នឹង​គ្នា ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​អស់​មួយ​ជីវិត ត្រូវ​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​» ។

ប្រជាជន​ជា​ច្រើន​សុទ្ធតែ​ធ្លាប់​បាន​ឆ្លងកាត់​នូវ​អាពាហ៍ពិពាហ៍​ចាប់បង្ខំ ទាំង​សាមីខ្លួន​មិន​ពេញចិត្ត ។ មាន​តែ​កម្មាភិបាល និង​ប្រជាជន​មូលដ្ឋាន​មួយ​ចំនួន​តូច (​ព្រោះ​អង្គការ​ចាត់ទុកជា​ជន​ដាច់ខាត​នឹង​បដិវត្តន៍​)​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ប្រកែក​តវ៉ា​មិន​ព្រម​រៀប​ការ​នៅ​ពេល​ដែល​ខ្លួន​មិន​ពេញចិត្ត មាន​សិទ្ធិ​ស្នើ​អង្គការ​រៀប​ការ​ជាមួយ​អ្នក​ដែល​ខ្លួន​ស្រឡាញ់ ឬ​ក៏​រៀប​ការ​ក្នុង​ពិធី​គ្រាន់បើ​ជាង​ប្រជាជន​ធម្មតា គឺ​មាន​គូ​អាពាហ៍ពិពាហ៍​ក្នុង​ចំនួន​តិច មាន​ចែក​សម្ភារ​ប្រើប្រាស់​ដូច​ជា​ខោអាវ មុង ភួយ កន្ទេល ខ្នើយ និង​ចែក​ផ្ទះ​ឲ្យ​នៅ ។

លោកពូ​គូ សៀម អតីត​កម្មាភិបាល​ខ្មែរក្រហម សព្វថ្ងៃ​រស់នៅ​ភូមិ​មឿង​ចារ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ កាល​ណោះ​គាត់​មាន​តួនាទី​ជា​ប្រធាន​ក្រុម​នៅ​ភូមិ​ព្រៃ​ល្វា  ហើយ​បាន​ស្នើ​សុំ​អង្គការ​ដើម្បី​រៀប​ការ​ជាមួយ​កម្មាភិបាល​ពេទ្យ​ម្នាក់ ។ គូ សៀម បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​១៩៧៧​នៅ​ពេល​ដែល​គាត់​រៀប​ការ​នោះ មាន​គូ​ស្វាមីភរិយា​៣​គូ​ប៉ុណ្ណោះ តាម​ការ​ជ្រើសរើស​យក​ប្រវត្តិរូប​ឲ្យ​ត្រូវ​គ្នា ។ នៅ​ពេល​នោះ​គាត់​ស្ថិត​ក្នុង​វណ្ណៈ​កណ្តាល​ថ្នាក់​ក្រោម ។

អ្នក​មីង ផា​ន់ ច​ន្ថា អតីត​កម្មាភិបាល​ពេទ្យ នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​អះអាង​ថា គាត់​ធ្លាប់​បាន​ប្រកែក​មិន​ព្រម​រៀប​ការ​តាម​ការ​ស្នើ​សុំ​របស់​អង្គការ​ចំនួន​២ ឬ​៣​ដងដោយ​គ្មាន​ទោស​ពៃរ​អ្វី​ឡើយ លុះ​ក្រោយមក​ទើប​គាត់​យល់ព្រម​រៀប​ការ​ជាមួយ​យុទ្ធ​ជន​បើកបរ​រថយន្ត​ម្នាក់ ហើយ​រស់នៅ​ជាមួយ​គ្នា​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

លោក​រៀល សន អតីត​លេខា​ពេទ្យ​ស្រុក​ត្រាំកក់ បាន​ប្រាប់​ថា នៅ​កន្លែង​របស់​គាត់ (​មន្ទីរពេទ្យ​ស្រុក​ត្រាំកក់​) ក្នុង​ពេល​រៀប​ការ ឬ​កសាង​គ្រួសារ​ឲ្យ​កម្មាភិបាល​ពេទ្យ គាត់​តែង​ឲ្យ​ប្រជាជន​ធ្វើ​នំ​បារាំង កាប់​ជ្រូក ដើម្បី​ជប់លៀង ព្រមទាំង​ចែក​ផ្ទះ​ថ្មី​ឲ្យ​នៅ​ក្រៅ​មន្ទីរពេទ្យ​ទៀត​ផង ។

ហេតុ​អ្វី​បានជា​ខ្មែរក្រហម​លុប​បំបាត់​ប្រពៃណី​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ ហើយ​ប្រែក្លាយ​រូបភាព​នៃ​អាពាហ៍ពិពាហ៍​ដោយ​ការ​ជ្រើសរើស​យក​វណ្ណៈ​ដូច​គ្នា​ចាប់ដៃ​គ្នា​ច្រើន​គូ​ទៅ​វិញ ? អង្គការ​បាន​បំពាក់​មនោ​គម​វិជ្ជា​ដល់​យុវជន​-​យុវនារី ស្តី​ពី​លោកទស្សនៈ​បដិវត្តន៍ ចំពោះ​បញ្ហា​កសាង​គ្រួសារ ខ្មែរក្រហម​បាន​រិះគន់ និង​បង្ហាញ​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​របៀបរបប​នៃ​ការ​កសាង​គ្រួសារ​នា​សម័យ​មុន​ៗ ហើយ​ចាត់​ទុក​ថា​ជា​ការ​កសាង​គ្រួសារ​បែប​ចក្រពត្តិ សក្តិភូមិ នាយទុន​។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ពី «​លោកទស្សនៈ​បដិវត្តន៍ និង​មិន​បដិវត្តន៍​ចំពោះ​បញ្ហា​កសាង​គ្រួសារ​» របស់​កម្មាភិបាល​ខ្មែរក្រហម​មួយ​រូប (​មិន​ស្គាល់ឈ្មោះ​) បាន​បង្ហាញ​ថា ការ​រៀបចំ​គ្រួសារ​បែប​នោះ គឺ​ដើម្បី​អូស​ទាញ​ពី​វណ្ណៈ​មួយ​ទៅ​វណ្ណៈ​មួយទៀត ឬ​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​លើក​ឧទាហរណ៍​ថា «​បើ​បុរស​គេ​រកប្រពន្ធ​ដែល​មាន​រូបសម្បត្តិ​ល្អ ជា​កូន​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ឬ​ជា​កូន​អ្នកមាន ឬ​អ្នកមាន​បណ្តា​ស័ក្តិ​ខ្ពង់ខ្ពស់​ដើម្បី​ឲ្យ​ខ្លួន​គេ​ឡើងជា​អ្នកមាន ឬ​មានបុណ្យ​ស័ក្តិ​ទៅ​តាម​ឪពុក ឬ​ម្តាយក្មេក​។ បើ​ឪពុក​ម្តាយ​នារី​វិញ គឺ​សម្លឹង​រកតែ​អ្នកមាន​ទ្រព្យសម្បត្តិ ឬ​អ្នកមាន​បុណ្យស័ក្តិ ដើម្បី​ឲ្យ​កូន​បាន​ស្រណុក​សុខ​ស្រួល ទោះជា​គ្រួសារ​អាវ៉ាសែ ឬ​មាន​ប្រវត្តិ​ក្បត់ជាតិ​ក៏​ដោយ​»​។ អាស្រ័យ​ហេតុនេះ​ហើយ​ទើប​ខ្មែរក្រហម​អនុវត្ត​នូវ​ការ​ជ្រើសរើស​ប្រវត្តិរូប​បុរស​-​នារី​មុន​នឹង​ចាប់បង្ខំ​ឲ្យ​រៀប​ការ ។

នៅ​ក្នុង​សេចក្តីរាយការណ៍​អំពី​ការ​ស៊ើបអង្កេត​ស្តី​ពី​បទឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍ ដែល​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋ​កម្ពុជា បាន​បង្ហាញ​នូវ​មូលហេតុ​ពីរ​យ៉ាង​ដែល​នាំ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ដាក់​កំហិត​ឲ្យ​អនុវត្ត​ឡើង​ទូ​ទាំង​ប្រទេស គឺ​១-​ខ្មែ​ក្រហម​ស្អប់​នារី​ស្អាត​ៗ ២-​ខ្មែរក្រហម​ប្រឆាំង​នឹង​ទំនៀមទម្លាប់​នៃ​អរិយធម៌​ជា​ទូទៅ ជា​ពិសេស​អរិយធម៌​នៃ​ប្រជាជាតិ​ខ្មែរ​តែ​ម្តង ។ អាស្រ័យ​ហេតុនេះ ទើប​បានជា​ខ្មែរក្រហម​ច្រើន​តែ​បង្ខំ​ឲ្យ​យុវនារី​ដែល​មាន​រូប​ស​ម្ជ​ស្ស ស្អាត​ៗ ចរិត​ឆ្មើងឆ្មៃ ដែល​កម្រ​នឹង​ចែចង់​បាន​នោះ​រៀប​ការ​ជាមួយ​យោធា​ពិការ​កំបុត​ជើង ខ្វាក់​ភ្នែក​ម្ខាង និង​មាន​រូបរាង​អាក្រក់​ក្រៃ​លែង​។ ករណី​បែប​នេះ​មាន​ជា​ញឹកញាប់​ណាស់ ច្រើន​តែ​បាន​ទទួល​បរាជ័យ ដូច​ជា​ការ​ធ្វើ​អត្តឃាត និង​ពលិកម្ម​ផ្សេង​ៗ ព្រោះតែ​ខ្លួន​គ្មាន​សិទ្ធិ​នឹង​តវ៉ា ។ កញ្ញា ងួ​ន សុភាព ធ្វើការ​នៅ​ក្រសួង​ឃោសនាការ​ព័ត៌មាន និង​វប្បធម៌​បាន​បញ្ជាក់​ថា បងស្រី​របស់​ខ្លួន​បាន​ធ្វើ​អត្តឃាត​ដោយ​ការ​មិន​ពេញចិត្ត​នឹង​អាពាហ៍ពិពាហ៍​ចាប់បង្ខំ​របស់​អង្គការ ដែល​ឲ្យ​គាត់​រៀប​ការ​ជាមួយ​កម្មាភិបាល​ខ្មែរក្រហម​ម្នាក់​ដែល​គាត់​មិន​ស្រឡាញ់ ។

អ៊ំ​ស្រី​ស្វាយ យិ​ន រស់នៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា នៅ​លើ​កោះ​ខ្សាច់​ទន្លា ខ្មែរក្រហម​បាន​បង្ខំ​ឲ្យ​នារី​រៀប​ការ​ជាមួយ​យុទ្ធ​ជន​ពិការ​ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ​។ ក្រោយ​ពី​រៀប​ការ​រួច​មាន​កងឈ្លប​ដើរ​ស៊ើបការណ៍​ពីក្រោម​ផ្ទះ​នៅ​ពេល​យប់​ទៀត​ផង ដើម្បី​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​ស្រឡាញ់​តាម​ការ​រៀបចំ​ទុកដាក់​របស់​អង្គការ​ដែរ​ឬទេ ។ ក្នុង​ករណី​ខ្លះ​ការ​មិន​យល់ព្រម ឬ​ប្រឆាំង​នឹង​រៀប​អាពាហ៍ពិពាហ៍​តាម​ការ​ស្នើ​របស់​អង្គការ ត្រូវ​បាន​ចាត់​ទុក​ថា «​ក្បត់​អង្គការ​» ហើយនឹង​ត្រូវ​ទទួល​ទណ្ឌកម្ម ចាប់​ឃុំឃាំង ឬ​ក៏​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀត​ផង ។

នៅ​ក្នុង​១៩៧៧ អ្នក​មីង​នួន ថុ​ក អតីត​កម្មាភិបាល​បម្រើ​ក្នុង​ជួរ​ខ្មែរក្រហម​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​យុទ្ធ​ជន​ពិការ ប៉ុន្តែ​គាត់​បាន​បដិសេធ​មិន​ព្រម​ទទួលយក​យុទ្ធ​ជន​ពិការ​រូប​នោះ​ធ្វើ​ជា​គូ​អនាគត​ទេ​។ កម្មាភិបាល​ខ្មែរក្រហម​បាន​ចាប់​គាត់​ដាក់​ក្នុង​មន្ទីរឃុំឃាំង​ខេត្តសៀមរាប​អំពី​ទោស​មិន​គោរព​វិន័យ​អង្គការ ។

មីង​ផៃ រ៉ែ​ន នៅ​ភូមិ​ធ្លក ធ្លាប់​បាន​បដិសេធ​មិន​ព្រម​រៀប​ការ​ជាមួយ​បុរស​ចំណាស់​ម្នាក់ អង្គការ​ខ្មែរក្រហម​ចាប់​គាត់​ចងស្លាបសេក រួច​បញ្ជូន​មក​គុក​ភ្នំ​កូនខ្លែង​ដើម្បី​សួរ​ចម្លើយ និង​បង្ខំ​ធ្វើការ​ជា​ទម្ងន់។

ទោះបីជា​ការ​រៀបចំ​អាពាហ៍ពិពាហ៍​របស់​ប្រជាជន​សាមញ្ញ និង​កម្មាភិបាល​ខ្មែរក្រហម​មាន​លក្ខណៈ​ខុស​គ្នា​ខ្លះ​ក៏​ដោយ ស្ថានភាព​ក្រោយ​ពេល​រៀប​ការ​ក៏​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ខ្លះ​ដែរ គឺ​ក្រោយ​ពេល​រៀប​ការ​បាន​ពីរ​ឬ​បី​ថ្ងៃ គូ​ស្វាមីភរិយា​ត្រូវ​តែ​រស់នៅ​បែក​គ្នា​ទៅ​បម្រើ​ការងារ​របស់​អង្គការ យូរ​ៗ​ទើប​អាច​ជួប​មុខ​គ្នា​ម្តង​។ អ្នក​មីង​ក៏​បាន​លើក​ជា​គំរូ​ខ្លួន​គាត់​ថា ក្នុង​រយៈពេល​១០​ថ្ងៃ​ទើប​គាត់​បាន​ជួប​មុខ​ប្តី​គាត់​ម្តង នេះ​ដោយសារ​តែ​ប្តី​របស់​គាត់​ជា​អ្នក​បើករថយន្ត​ឲ្យ​ពួក​ខ្មែរក្រហម​នៅ​តាម​តំបន់ ឆ្ងាយ​ៗ ។

អាពាហ៍ពិពាហ៍​ក្រោម​របប​ខ្មែរក្រហម​នេះ​បាន​ធ្វើ​ឲ្យ​មីង​ហ៊ា​ង ប៊ុ​ន​ណា នៅ​ភូមិ​ដំរី​ឆ្លង​នៅ​តែ​ឆ្ងល់ ហើយ​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​ខ្មែរក្រហម​ចាំបាច់​បង្ខំ​ឲ្យ​ប្រជាជន​រៀប​ការ ? បើ​ក្រោយ​ពី​រៀប​ការ គូ​ស្វាមីភរិយា​អាច​រស់នៅ​ជួប​មុខ​គ្នា​បាន​តែ​មួយ​យប់​ប៉ុណ្ណោះ ហើយ​ក្រោយ​ពី​នោះ​ត្រូវ​រស់នៅ​បែក​គ្នា ៕