ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បានការ​សរសើរ​ពី​បណ្ដា​ប្រទេស​អាស៊ី​ចំពោះ​ការ​ជំរុញ​ចលនា​ស្ដ្រី​ក្នុង​កីឡា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា បាន​ទទួល​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ជំរុញ​ចលនា​ស្ដ្រី​

រាជធានី​ភ្នំពេញ ៖ កម្ពុជា បាន​ទទួល​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ជំរុញ​ចលនា​ស្ដ្រី​ក្នុង​វិស័យ​កីឡា ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ញ៉ា​ន សុខ​វិសាល ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​កិច្ចការ​អន្ដរជាតិ បន្ទាប់​ពី​លោក​បាន​ចូលរួម​សិក្ខាសាលា​ស្តី​ពី​សមភាព​យែ​ន​ឌ័​រក្នុង​វិស័យ​​កីឡា Olympic Council of Asia Gender Equity seminar នៅ​ប្រទេស​បា​រ៉ែ​ន កាលពី​ពេល​ថ្មី​ៗ​នេះ​។

លោក ញ៉ា​ន សុខ​វិសាល បាន​ឲ្យ​ដឹង​ថា សិក្ខាសាលា​នេះ មាន​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃ​ទី​៣០-៣១
ខែតុលា ឆ្នាំ​២០២២ ដោយ​មាន​តំណាង​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក នៃ​បណ្ដា​ប្រទេស​អាស៊ី​ចំនួន​៤២​ប្រទេស​ចូលរួម ពិសេស​ផ្នែក​គណៈកម្មការ​ស្ដ្រី និង​កីឡា ក្នុង​នោះ​ក៏​មាន​វត្តមាន​តំណាង​គណៈ
ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ២​រូប​ដែរ គឺ​រូប​លោក និង​លោកស្រី ប្រាក់ សម្ផស្ស អនុប្រធាន​គណៈកម្មការ​ស្ដ្រី និង​កីឡា ។

លោក​ថា ក្នុង​ចំណោម​ប្រតិភូ​អូ​ឡាំ​ពិ​ក​អាស៊ី​ទាំង​៤២​ប្រទេស ដែល​ចូលរួម​សិក្ខាសាលា​ខាងលើ មាន​តែ​៤​ប្រទេស​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​បទ​បង្ហាញ ក៏​ដូច​ជា​ចែករំលែក​ពី​ចលនា​ស្ដ្រី​ក្នុង​វិស័យ​កីឡា តាម​ប្រទេស​របស់​ខ្លួន រួម​មាន​កម្ពុជា ប៊ូ​តាន ម៉ុង​ហ្គោ​លី និង​ម្ចាស់ផ្ទះ​បា​រ៉ែ​ន​។

លោក ញ៉ា​ន សុខ​វិសាល បន្ដ​ថា បទ​បង្ហាញរបស់​យើង គឺ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ការ​លើកកម្ពស់​ស្ដ្រី​របៀប​យ៉ាងម៉េច​ក្នុង​ចលនា​អូ​ឡាំ​ពិ​ក ពិសេស​កំឡុង​ពេល​កូ​វី​ដ​-១៩ ។ យើង​ក៏​បាន​រៀបចំ​សិក្ខាសាលា​របស់​ស្ដ្រី​ផង​ដែរ ។ ជាក់ស្ដែង​ពេល​នោះ យើង​បាន​រៀបចំ​ឲ្យ ស៊ន សៀវ​ម៉ី និង ហែម​ថុ​ន វិ​ទិ​នី ចែករំលែក លើកទឹកចិត្ត និង​បង្ហាញ​នូវ​របៀប​ហាត់ប្រាណ​មួយ​ចំនួន ដើម្បី​ឲ្យ​ពួក​គាត់​ហាត់ប្រាណ​ជា​ប្រចាំ តាម​ការ​ណែនាំ​របស់​ពួក​យើង ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ស្ដ្រេ​ស កំឡុង​ពេល​បិទ​ខ្ទប់​នៅផ្ទះ ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ នោះ ។

ជា​ចុង​ក្រោយ​លោក​បាន​សង្កត់ធ្ងន់​ថា តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​យើង​នេះ យើង​បាន​ទទួល​ការ​កោតសរសើរ​ពី​បណ្ដា​ប្រទេស​ជា​មិត្ត​ក្នុង​ទ្វីបអាស៊ី​ទាំងអស់​ថា កម្ពុជា​ធ្វើ​បទ​បង្ហាញ​បាន​យ៉ាង​ល្អ ពិសេស​គឺ​ការ​ជំរុញ​ចលនា​ស្ដ្រី​ក្នុង​វិស័យ​កីឡា​នេះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ