ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានកម្មករប្រុសស្រីស៊ីឈ្នួលដាំចេកឱ្យគេប្រមាណក្បែរ៧០នាក់ សុខៗ ស្រាប់តែមានអាការៈពិបាកដកដង្ហើម ណែនដើមទ្រូង ហើយត្រូវបានគេដឹកតាមរថយន្តមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងបន្តនាំមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ប៉ុន្តែទោះបីជាក្រុមគ្រូពេទ្យប្រឹងសង្គ្រោះយ៉ាងណាក៏ដោយ អ្នកដែលមានអាការៈពុលធ្ងន់ធ្ងរបានស្លា.ប់បាត់បង់ជីវិតបន្តបន្ទាប់រហូតដល់ទៅ៣នាក់។
![Picture]()
បើតាមលោកវេជ្ជបណ្ឌិត យឹម ណាវី ប្រធានការិយាល័យសុខាភិបាលស្រុកស្ទឹងត្រង់ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ក្រោយពីទទួលបានព័ត៌មានករណីកម្មករកម្មការិនីនៅចម្ការចេក ស្ថិតក្នុងភូមិ៣៥ មានអាការៈពុលទន់ដៃជើង ហើយរថយន្តសង្គ្រោះជាច្រើនគ្រឿងបានចេញទៅដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ជាបន្តបន្ទាប់ តែឡើងរហូតដល់ប្រមាណ៦៩នាក់។ ក្នុងនោះអ្នកដែលមានអាការៈធ្ងន់ធ្ងរក៏ត្រូវបានដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម រហូតដល់ជាង៣០នាក់។
![Picture]()
លោកវេជ្ជបណ្ឌិតរូបនេះមានប្រសាសន៍បន្តទៀតថា តាមការពិនិត្យសាកសួរពីក្រុមគ្រូពេទ្យលើជនរងគ្រោះបានឆ្លើយថា ពួកគាត់មានអាការៈពិបាកដកដង្ហើម ណែនទ្រូង និងឈឺក្បាល។ ហើយក្រោមការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ បានធ្វើឲ្យកម្មករមួយចំនួនធូរស្រាលបន្តិចម្ដងៗហើយ រហូតដល់អ្នកខ្លះបានចេញពីពេទ្យត្រឡប់ទៅផ្ទះវិញផងដែរ។
![Picture]()
ប្រភពដដែលបន្តថា ចំពោះមូលហេតុ ដែលបណ្ដាលឱ្យកម្មករពុល គឺមកពីពួកគាត់ទទួលទានស្រា.ស ស្រាកំប៉ុង ហើយនៅចំការនោះក៏បានបាញ់ថ្នាំផងដែរ។ ហើយក្នុងជំហានដំបូង មន្ត្រីសុខាភិបាលស្រុក និងក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត បានប្រឹងប្រែងចុះស្រាវជ្រាវដល់មូលដ្ឋានផ្ទាល់ ក្នុងនោះក៏បានយកស្រា.សទៅពិនិត្យនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។ ជាលទ្ធផលដំបូងបានចេញឃើញថា ស្រានោះមានជាតិមេតាណុលខ្ពស់ ជាហេតុបណ្ដាលឱ្យពុលស្លា.ប់។ បន្ទាប់មកទៀត កម្លាំងជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅប្រមូលស្រានៅកន្លែងលក់ផ្សេងៗនៅភូមិ៣៥ ដើម្បីយកទៅពិសោធន៍ម្ដងទៀត ដែលលទ្ធផលនឹងចេញឆាប់ៗនេះ។
![Picture]()
គួរបញ្ជាក់ថា បើតាមរបាយការណ៍ទទួលបានគឺ នៅថ្ងៃទី២៥ ខែតុលា ជនរងគ្រោះបញ្ជូនមកមន្ទីរពេទ្យស្រុក មាន១នាក់, នៅថ្ងៃទី២៦ ខែតុលា មាន១នាក់, នៅថ្ងៃទី២៧ ខែតុលា មានចំនួន២៧នាក់, នៅថ្ងៃទី២៨ ខែតុលា មានចំនួន១០នាក់, នៅថ្ងៃទី២៩ ខែតុលា មានចំនួន២៣នាក់, ថ្ងៃទី៣០ ខែតុលា មាន៤នាក់ និងថ្ងៃទី៣១ ខែតុលា មានចំនួន៣នាក់ សរុបទាំងអស់ជនរងគ្រោះដែលពុល គឺចំនួន៦៩នាក់។
![Picture]()
លោកវេជ្ជបណ្ឌិតយឹម ណាវី ប្រធានការិយាល័យសុខាភិបាលស្រុកបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ កម្មករដែលពុលស្រា បណ្ដាលឱ្យស្លា.ប់បាត់បង់ជីវិតបានកើនឡើងដល់ចំនួន៣នាក់ ក្នុងនោះរួមមាន ៖ ១- ឈ្មោះឡោ ឡន ភេទប្រុស អាយុ៥៤ឆ្នាំ ២- ឈ្មោះ មុល ប៉ី ភេទប្រុស អាយុ៤៥ឆ្នាំ និង៣- ឈ្មោះ សុំ សុខហីម ភេទប្រុស អាយុ៤៦ឆ្នាំ។ ដោយឡែកកម្មករចំនួនជាង២៧នាក់ទៀត ក្នុងនោះស្រីចំនួន១៣នាក់ កំពុងតែសម្រាកព្យាបាលបន្សាបជាតិពុលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់នៅឡើយ។
![Picture]()
សូមបញ្ជាក់ថា អភិបាលស្រុកស្ទឹងត្រង់ ក៏បានចុះសួរសុខទុក្ខក្រុមកម្មករដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ពួកគាត់ផងដែរ។
ចំណែកលោកវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្ត ក៏បានមានប្រសាសន៍ឲ្យដឹងថ្ងៃទី១ ខែវិច្ឆិកានេះដែរថា កម្មករដែលពុលស្រានៅស្រុកស្ទឹងត្រង់ ជាង៣០នាក់បានធូរស្រាល ហើយបានត្រឡប់ចេញទៅផ្ទះវិញហើយ។
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ